ប្រធាន​សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​៖ ការប្រកួត​ឆ្នាំនេះ គឺជា​ការលើកកម្ពស់​គុណ​ភាព​បច្ចេក ទេស​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០–
​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ ប្រធាន​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​មានប្រសាសន៍ថា ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០​នេះ មាន​គោលបំណង​បំផុសស្មារតី​ឱ្យ​យុវជន​ចូលរួម​លេង​កីឡា​នេះ​ឱ្យ​កាន់តែ​សម្បូរបែប ក៏ដូចជា​បង្កើត​ឱកាស​ឱ្យមាន​ការប្រកួតប្រជែង​កាន់តែ​ទូលំទូលាយ​ជាមួយនឹង​ការលើកកម្ពស់​ក្នុងការ​បង្កើន​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី និង​ជំរុញ​ឱ្យ​បទពិសោធន៍​របស់​មន្ត្រី​បច្ចេកទេស​ប្រកួត​ឱ្យ​កាន់តែ​ប្រសើរ​ព្រម​ជាមួយគ្នា ដើម្បី​ឈាន​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (​ស៊ី​ហ្គេម​) លើក​ទី​៣២ ឆ្នាំ​២០២៣​។​

​ឯកឧត្តម​ប្រធាន​សហព័ន្ធ​បាន​លើកទឹកចិត្ត​ដល់​ក្រុម​ចូលរួម​ទាំងអស់​ដែល​បាន​ខិតខំ​បញ្ចេញ​អស់ពី​សមត្ថភាព ដើម្បី​ប្រជែង​យក​មេដាយ​នៅក្នុង​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ និង​ពានរង្វាន់​សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា លើក​ទី​១ ប្រចាំឆ្នាំ​២០២០ នាពេលនេះ​។ ឯកឧត្តម​ចាត់ទុកថា តាមរយៈ​ការខិតខំ​រៀបចំ​ព្រឹត្តិការ ណ៍​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​របស់​សហព័ន្ធ ដែល​បានរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ជំនា ញ​មួយ​នេះ​នៅ​កម្ពុជា​ក្នុង​ដំណើរ​ជា​ជំហានៗ​ស្របតាម​គោលដៅ​ឆ្ពោះទៅ​ស៊ី​ហ្គេម ២០២៣​។​

​លោក ស៊ុន សុទ្ធា​រិ​ទ្ធ អគ្គលេខាធិការ សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា​បញ្ជាក់ថា ការប្រកួត​នេះ បាន​ប្រព្រឹត្តទៅ​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ដែលមាន​ចំនួន ២២​សមាគម ក្លឹប​រាជធានី​-​ខេត្ត (​មាន​៦​ខេត្ត​) សរុប​២៤​ក្រុម ដែលមាន​ប្រតិភូ គ្រូបង្វឹក ចំនួន ៤១​នាក់ ស្រី​១​នាក់ កីឡាករ​-​កីឡាការិនី សរុប ១៣៣​នាក់ ស្រី​១៩​នាក់ ដោយ​បែង​ចែកជា​២​ក្រ​ប័​ខណ្ឌ (​ក្របខ័ណ្ឌ ក​១ អាយុ​១៩​ឆ្នាំ​ឡើង និង ក្របខ័ណ្ឌ ក​២ អាយុ​១៨​ឆ្នាំ​ចុះ​) និង​ប្រកួត​លើ ៨​វិញ្ញាសា ស្មើនឹង ៤៥៦​ប្រកួត​។

​សម្រាប់​ជ័យលាភី​ក្លឹប​កីឡាវាយកូនឃ្លីលើតុ​ក្រសួងមហាផ្ទៃ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​ឈ្នះ​មេដាយ​១៩​គ្រឿង ក្នុងនោះ​មេដាយមាស ៧​គ្រឿង ប្រាក់​៦​គ្រឿង និង​មេដាយ​សំរឹទ្ធិ​៦​គ្រឿង​, ក្លឹប​កីឡាវាយកូនឃ្លីលើតុ​ស៊ី​ធី​ស្ព​ត ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​២ ឈ្នះ​មេដាយ​មេដាយមាស​១​គ្រឿង​, ក្លឹប​កីឡាវាយកូនឃ្លីលើតុ​សន្ធ​រ​មុខ​ថ្មី មេដាយ​៥​គ្រឿង មេដាយប្រាក់​១ និង មេដាយ​សំរឹទ្ធិ​៤​គ្រឿង​, ក្លឹប​កីឡាវាយកូនឃ្លីលើតុ​ឌីណាមិច មេដាយ​២​គ្រឿង មេដាយប្រាក់​១ និង​មេដាយ​សំរឹទ្ធិ​១, ក្លឹប​កីឡាវាយកូនឃ្លីលើតុ ALL Star អនុវិទ្យាល័យ​ពោធិ៍ចិនតុង ខេត្តកំពត និង​អគ្គនាយកដ្ឋាន​អត្ត​សញ្ញា​កម្ម ឈ្នះ​មេដាយ​សំរឹទ្ធិ​១​គ្រឿង​ដូចៗ​គ្នា​៕​ដោយ​ហេង ណា​លីន​