ខួប​២៥​ឆ្នាំ​នៃ​ទិវា​រត់ប្រណាំង​ពាក់​ក​ណ្ត​ល​ម៉ា​រ៉ា​តុង​អង្គរ​មិនអាច​ប្រារព្ធ​ឱ្យ​ធំ​ដូច​រាល់​ឆ្នាំ​ឡើយ​

AKP ភ្នំពេញ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០–​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ខួប​២៥​ឆ្នាំ នៃ​ទិវា​រត់ប្រណាំង​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៥ ដែល​គ្រោង​ធ្វើ​នា​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២០​នៅមុខ​ប្រាសាទអង្គរវត្ត ខេត្តសៀមរាប មិនបាន​រៀបចំ​ឱ្យ​ធំ​ដូច​រាល់​ឆ្នាំ និង​មិនបាន​រៀបចំ​ឱ្យ​ពិសេស នៃ​ខួប​២៥​ឆ្នាំនេះ ដោយសារ​ស្ថានភាព​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដែល​រីក​រាលដាល​ជាស​កល​។​
​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការរៀបចំ​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៥ ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) កាលពី​ថ្ងៃ​៨​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​សៅរ៍ ទី​២៤ ខែតុលា ឆ្នាំ​២០២០​។

​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា ដោយសារ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ប៉ះពាល់​នូវ​ព្រឹត្តិ ការណ៍​កីឡា​ធំៗ​ជា​អន្តរជាតិ​ដែល​ត្រូវ​លុបចោល និង​ពន្យារពេល ហើយ​ព្រឹត្តិការណ៍​រត់ប្រណាំង​អន្តរជាតិ​ធំៗ​ចំនួន​ពីរ​របស់​កម្ពុជា​ក៏ត្រូវ​បាន​លុបចោល​ដែរ​។ ដោយ​ត្រូវ​លើក​ពេល​ទៅ​ឆ្នាំ​២០២១ នោះ​គឺ​ការរត់​ប្រណាំង​អន្តរជាតិ​ភ្នំពេញ និង​រត់ប្រណាំង​អន្តរជាតិ​ចក្រភព​ខ្មែរ (Full Marathon)​។ ដោយឡែក​សម្រាប់​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ​អាចធ្វើ​ទៅបាន នា​ដើមខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​មានតែ​កីឡាករ កីឡាការិនី​ខ្មែរ និង​កីឡាករ កីឡាការិនី​បរទេស​ដែល​រស់នៅក្នុង​ស្រុក​ខ្មែរ​ប៉ុណ្ណោះ ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម ដើម្បី​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​
​ឯកឧត្តម​អគ្គលេខាធិការ​បានបង្ហាញ​នូវ ការខិតខំ​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា ដែល​បានរៀបចំ ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ​ឡើង​តាំងពី​លើក​ទី​១ កាលពី​ឆ្នាំ​១៩៩៦ ដោយពេល​នោះ​មាន​អ្នកចូលរួម​រត់​តែ ៣០០ ទៅ​៤០០​នាក់​ប៉ុណ្ណោះ​។ ក្នុង​គោលបំណង​ចម្បង​នៃ​ទិវា​មួយ​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ស្វែងរក​មូលនិធិ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​សង្គម និង​សប្បុ រសធម៌​។ ដោយសារតែ​គោលដៅ​សប្បុរសធម៌ មិន​ស្វែងរក​ប្រាក់ចំណេញ​នោះ​ហើយ ទើប​ទិវា​រត់ប្រណាំង​អន្តរជាតិ​មួយ​នេះ​ទទួលបាន​ការគាំទ្រ​ជា​បន្តបន្ទាប់ ដោយមាន​ចំនួន​កើន​ឡើងជា​លំដាប់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ រហូត​លើក​ទី​២៤ កាលពី​ឆ្នាំ​២០១៩ ទិវា​មួយ​នេះ​ទាក់ទាញ​បាន​អ្នកចូលរួម​រត់​ជាង​១​ម៉ឺន​នាក់ ដែល​ឯកឧត្តម​ចាត់ទុកថា ជា​ឆ្នាំ​ជោគជ័យ​ធំធេង និង​ប្រមូលបាន​ថវិកា​ច្រើន សម្រាប់​ការបរិច្ចាគ​ទៅកាន់​កិច្ចការ​សង្គម មនុស្សធម៌​ជាដើម​។​
​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ទិវា​រត់ប្រណាំង​អន្តរជាតិ​នៅ​កម្ពុជា​មានប្រសាសន៍​ដែរ​ថា ទិវា​រត់ប្រណាំង​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ លើក​ទី​២៤ ឆ្នាំ​២០១៩ បាន​បែងចែក​ថវិកា​ដែល​បានមកពី​ការឧបត្ថម្ភ និង​ការបង់ថ្លៃ​ចុះឈ្មោះ​ចូលរួម​ជូន​ដល់​អង្គការ មន្ទីរពេទ្យ​ចំនួន​៦ ដែលមាន​ថវិកា​សរុប​ចំនួន ១៤៤.៦១១​ដុល្លារ​អាម៉េរិក​។ ក្នុងនោះ​ផ្តល់ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ចំនួន ១១១.២១១​ដុល្លារ​អាម៉េរិក (​ប្រគល់ជូន​រួច​), កាកបាទក្រហមកម្ពុជា ១០.០០០​ដុល្លារ​អាម៉េរិក​, មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ៥.០០០​ដុល្លារ​អាម៉េរិក​, Cambodia Trust ៣.៦០០​ដុល្លារ​អាម៉េរិក​, Handicap International Belgium ៣.០០០​ដុល្លារ​អាម៉េរិក និង​អង្គការ​បេះដូង​មាស សរុប​ចំនួន ១១.៨០០​ដុល្លារ​អាម៉េរិក ដែលមាន​គម្រោង​កម្មវិធី​របស់ខ្លួន​ចំនួន​៥​ផ្សេងៗ​ពីគ្នា ។​

​ទិវា​រត់ប្រណាំង​អន្តរជាតិ ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ​នេះ ទទួលបាន​ការឧបត្ថម្ភ​ធំ​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត Manulife ចាប់តាំងពី​ឆ្នាំ​២០១៥​មក ដើម្បី​គាំទ្រ​ដល់​សកម្មភាព​កីឡា​នៅ​កម្ពុជា​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។ តំណាង​ក្រុមហ៊ុន Manulife ថ្លែង​ដែរ​ថា ក្រុមហ៊ុន​ពិតជា​រីករាយ និង​មោទនភាព ដែល​បាន​ចូលរួម​ឧបត្ថម្ភ និង​ផ្តល់​ការគាំទ្រ​ដល់​ការរៀបចំ​ទិវា​រត់ប្រណាំង​នេះ ដើម្បី​លើកកម្ពស់​សុខុមាលភាព​របស់​ប្រជាជន ក៏ដូចជា​បាន​ខិតខំ​រៃអង្គាស​ថវិកា ជួយសង្គ្រោះ​ដល់​សហគមន៍​ដែល​ជួបប្រទះ​នូវ​ការខ្វះខាត និង​ជនរងគ្រោះ​នានា​៕​ដោយ​៖​ហេង ណា​លីន​