គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តពោធិ៍សាត់ បានទទួល​អំណោយ​ពី​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​

AKP ពោធិ៍សាត់ ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១០​កើត ខែកត្តិក ឆ្នាំជូត ទោស័ក​ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ខេត្តពោធិ៍សាត់ និង​លោកជំទាវ រួម​ដំណើរ​ដោយ​អាជ្ញាធរ សមាជិក​ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត និង​សប្បុរសជន​ជាច្រើន​នាក់ បាន​នាំយក​អំណោយ និង​ចុះសួរសុខទុក្ខ​គ្រួសារ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​៤០០​គ្រួសារ ស្ថិតក្នុង​ឃុំ​បឹង​បត់​កណ្តោល ស្រុក​បាកាន ខេត្ត​ពោធិ៍ សាត់ ដែល​ពិធី​ចែក​អំណោយ​នេះ​ធ្វើ​នៅ​ភូមិ​ដូន​អី សង្កាត់​ចំរើន​ផល ក្រុង ខេត្តពោធិ៍សាត់​។​

​ឯកឧត្តម ស៊ុយ សែម បាន​មានប្រសាសន៍ថា គ្រឿងឧបភោគ​បរិភោគ ដែល​យកមក​ផ្តល់ជូន​នាពេលនេះ គឺជា​ការគិតគូរ​យក​ចិត្ត​ទុកដាក់​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្ដេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​។ ពិសេស​មនុស្ស​ចាស់ជរា​គ្មាន​ទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​គ្រួសារ​រងគ្រោះ​ដោយ​ទឹកជំនន់ ឬ​ជំនន់​ទឹកភ្លៀង​គ្រប់ពេលវេលា ។ ទោះបី អំណោយ​ទាំងនេះ​មាន​តិចតួច​ក្តី ប៉ុន្តែ​ក៏​អាចជួយ​សម្រាល​ការលំបាក​បាន​មួយកម្រិត ក្នុង​កាលៈទេសៈ​ប្រទេសជាតិ​កំពុង​ទទួលរង​គ្រោះ​ដោយ​ជំងឺ​រាល​ត្បា​ត​កូ​វីដ​-១៩ នោះ​ផង​។​

​ឯកឧត្តម ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព ការពារ​ខ្លួន ការពារ​ជីវិត​ពី​ជំងឺ​កូ​វីដ​-១៩ ត្រូវ​រក្សា​អនាម័យ ដោយ​រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត និង​រក្សា​គម្លាត​សុវត្ថិភាព តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល ក៏ដូចជា​ក្រសួងសុខាភិបាល អំពី​វិធានការ​ការពារ​ជីវិត​ពី​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ និង​មានការ​ប្រុងប្រយ័ត្ន ចំពោះ​មនុស្ស​ចាស់ និង​កុមារ​តូច កុំឱ្យ​លេង​ទឹក​និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ។​
​អំណោយ​ដែល​ចែកជូន​នាពេលនេះ​ជា​អំណោយ​របស់ ឯកឧត្ដម និង​លោកជំទាវ ផ្ទាល់ ព្រមទាំង​សប្បុរសជន​មួយចំនួន​ផងដែរ សម្រាប់ ៤០០​គ្រួសារ ដោយ​ក្នុង​១​គ្រួសារៗ ទទួលបាន អង្ករ​២៥​គីឡូក្រាម​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ឆៃប៉ូវ​១​គីឡូក្រាម​, សាប៊ូម្សៅ​១​កញ្ចប់​, និង​ថវិកា ៤​ម៉ឺន​រៀល​ផងដែរ​៕ ដោយ បៃ ស៊ីថុន (​ប្រភពៈ​រដ្ឋបាល​ខេត្តពោធិ៍សាត់​)