ឯកឧត្តម ម៉ម ប៊ុននាង និង​អភិបាលរង​ខេត្ត នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​កណ្ដាលស្ទឹង​

AKP កណ្ដាល ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០–​នៅ​ថ្ងៃ​៩​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យ សមាជិក​ព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកណ្ដាល និង​លោកជំទាវ ឯកឧត្តម នៃ ចារី អភិបាលរង​ខេត្តកណ្ដាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះ សំ​ណា​ល សាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តកណ្ដាល ចែកជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ចំនួន ១.០០០​គ្រួសារ នៅ​ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។​

​មានប្រសាសន៍​សំណេះសំណាល និង​សាកសួរ​សុខទុក្ខ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ វត្ត​ខេត្ត​វ័​ន្ត ស្ថិតក្នុង​ឃុំ​ជើង​កើប ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ឯកឧត្តម ម៉ម ប៊ុននាង បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កូនតូចៗ មិនត្រូវ​ប្រហែស ឬ​បណ្ដែត​បណ្ដោយឱ្យ​ពួកគាត់​នៅក្បែរ​ទឹក ឬ​លេង​ទឹក​នោះទេ ។ ដើម្បី​បង្ការ​ការពារ​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក ជាងនេះទៅទៀត​បងប្អូន​ប្រជាពលរដ្ឋ សូម​ថែទាំ​សុខភាព​ឱ្យបាន​ល្អ ដោយ​ត្រូវ​ហូប​ស្អាត ផឹកទឹក​ឆ្អិន ដើម្បី​បង្ការ និង​ការពារ​ជំងឺឆ្លង​ផ្សេងៗ​ផងដែរ​។

​​អំណោយ​ដែល​បាន​ចែ​ន​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ១.០០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្គរ​២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, ទឹកត្រី​១​យួរ​, ទឹកបរិសុទ្ធ​១​កេស​, និង​ថវិកា ៥​ម៉ឺន​រៀល​៕​ដោយ ណ​យ នឿន​(​ប្រភពៈ​រដ្ឋបាល​ខេត្តកណ្តាល​)