គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​មកពីរ​ឃុំ ក្នុងស្រុក​កំពង់ត្រឡាច​បានទទួល​អំណោយ​ពី សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង​

AKP កំពង់ឆ្នាំង ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២០–

​គ្រួសារ​រងគ្រោះ និង​ងាយ​រងគ្រោះ​ចំនួន ៧២​គ្រួសារ​មកពី​២​ឃុំ ក្នុងស្រុក​កំពង់ត្រឡាច​បានទទួល​អំណោយ​ពី​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង និង​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ស្រុក​កំពង់ត្រឡាច កាលពី​ថ្ងៃ​៩​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៥ ខែតុលា ឆ្នាំ​២០២០ ដឹកនាំ​ដោយ​លោកជំទាវ តុង ណា​រី ប្រធាន​ប្រតិបត្តិ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្តកំពង់ឆ្នាំង រួម​ដំណើរ​ដោយ​សមាជិក សមាជិកា ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​គ្រួសារ​ងាយ​រងគ្រោះ​ចំនួន ៧២​គ្រួសារ​មកពី​ឃុំ​ពា​នី និង​ឃុំ​ថ្ម​ឥដ្ឋ ក្នុងស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។​

​លោកជំទាវ តុង ណា​រី បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពីស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ទ្វេ​កំពុង​បន្ត​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។ ថ្វីត្បិតតែ​ខេត្តកំពង់ឆ្នាំង​មិន​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ តែ​រង​ផលប៉ះពាល់​ដោយសារតែ​ភ្លៀង​ធ្លាក់​ខ្លាំង និង​ជំងឺ​កូ​វីដ​-១៩ មិនអាច​ចេញទៅ​ប្រកបការងារ​ខាងក្រៅ​បាន ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​ប្រចាំថ្ងៃ​។
​លោកជំទាវ​បាន​មានប្រសាសន៍​បន្តថា ដោយ​មើលឃើញ​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត យើង​បាន​កៀរគរ​សប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួម​ឧបត្ថម្ភ​ជា​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​។ ជាមួយគ្នានេះ ផ្តើមចេញពី​ស្ថានភាព​របស់​បងប្អូន និង​មន្ត្រី​មូលដ្ឋាន​បានស្នើ​សុំ​ដល់​សម្ព័ន្ធ​យុវជន​ខេត្ត ទើប​យើង​មានលទ្ធភាព​ចែកជូន​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ជំនន់​ទឹកភ្លៀង ប្រជាពលរដ្ឋ​ក្រីក្រ និង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ជាដើម​។​
​លោកជំទាវ​បាន​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ ទាក់ទង​នឹង​វិធី​កាត់បន្ថយ​ហានិភ័យ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ពង្រឹង​ការទប់ស្កាត់​ការចម្លង​ក្នុង​សហគមន៍ ត្រូវ​ថែរក្សា​អនាម័យ​ជាប្រចាំ លាង​សម្អាត​ដៃ​ឱ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល ប្រសិនបើ​ចេញទៅ​ទីសាធារណៈ ត្រូវ​ពាក់​ម៉ាស ឬ​ក្រមា​ឱ្យបាន​ជាប់​ជានិច្ច និង​ត្រូវ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ។

​​នៅក្នុង​ឱកាស​នោះដែរ​លោកជំទាវ ប្រធាន និង​ក្រុមការងារ បាន​ចែក​អំណោយ​របស់​សប្បុរ​សជន​តាមរយៈ​សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ជូន​ដល់​ប្រជាពលរដ្ឋ​ទាំង ៧២​គ្រួសារ​ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ១០​គីឡូក្រាម​, ទឹកត្រី​១​ដប​, ទឹកស៊ីអ៊ីវ​១​ដប , ស្ករស ១​គីឡូក្រាម , សាប៊ូ​ដុស​ខ្លួន​១​ដុំ , មី​១០​កញ្ចប់ និង​ភួយ ១ ៕ ដោយ បៃ ស៊ីថុន​