ជំនន់​ទឹកភ្លៀង​បានធ្វើឱ្យ​តួលេខ​អ្នកស្លាប់ កើន​ដល់ ៤០ នាក់​ហើយ​

AKP ភ្នំពេញ ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ —

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ មាន​ប្រជាពលរដ្ឋ​ចំនួន ៤០ នាក់​ហើយ ដែល​បាន​ស្លាប់​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង ដែល​បន្ទាយមានជ័យ មាន​អ្នកស្លាប់​ច្រើនជាងគេ​រហូតដល់ ២៣ នាក់ ខណៈ​ជំនន់​នេះ​បាន និង​កំពុង​វាយប្រហារ​រាជធានី​-​ខេត្ត ចំនួន​២០ ស្មើនឹង ១១៧ ក្រុង​/​ស្រុក​/​ខណ្ឌ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ទទួលបាន​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​។​

​របាយការណ៍ បញ្ជាក់​ពី​ការខូចខាត និង​ជន់​លិច ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ សាលារៀន ស្ពាន ផ្លូវថ្នល់ វត្ត​អា​រ៉ា​ម ។​ល​។ ខណៈ​ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១៣៦ ៤៤២​គ្រួសារ ស្មើនឹង ៥៤៥ ៧៦៨ នាក់ ប៉ះពាល់​ផ្ទះ​ប្រជាជន​ចំនួន ១២០ ៤១៨ ខ្នង និង​ខូចខាត ៦៣ ខ្នង ហើយ​ជំនន់​នេះ​បាន​ជន់​លិច​ស្រូវ ប្រមាណ ២៧០ ០០៧ ហិកតា រួម​នឹង​ដំណាំ​រួមផ្សំ​ប្រមាណ ៨៨ ៧៧៩ ហិកតា ទៀតផង​ដែរ​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ខេត្តបាត់ដំបង​វិញ ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បានឱ្យ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ដឹង​នៅ​ព្រឹក​នេះ​ថា គិត​ត្រឹម​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​នៅឡើយ បើទោះបីជា​កម្ពស់​ទឹកស្ទឹង​សង្កែ ស្ទឹង​មោងឫស្សី ក្បាល​ស្ទឹង​ដូន​ទ្រី និង​ស្ទឹង​ប​វេ​ល បានចាប់ផ្តើម​ស្រក​ជា​បណ្តើ​រហើយ ហើយ​ស្ថានភាព​អាកាសធាតុ​ព្រឹក​នេះ​ស្រឡះ​ល្អ ដែល​សង្ឃឹមថា​នឹងមិន​មាន​ភ្លៀង​នោះទេ​៕ ដោយ​៖ ផែន រតនៈ​