ប្រជាពលរដ្ឋក្រីក្រ ១ ០៣១ គ្រួសារ ក្នុងស្រុកកំពង់សិលា ខេត្ដព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត

AKP ព្រះសីហនុ ថ្ងៃទី២៤ ខែតុលា ​ឆ្នាំ២០២០–

​ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ ឯកឧត្ដម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមដំណើរ​ដោយ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា សមាជិក សមាជិកា គណៈកម្មាធិការសាខា និង​សប្បុរសជន បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនប្រជាពល​រដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ក្នុងស្រុកកំពង់សិលា សរុបចំនួន ១ ០៣១គ្រួសារ ។ ពិធីនេះ ធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០។

បើតាមលោក សៅ បុរីវឌ្ឍន: អភិបាលស្រុកកំពង់សិលា ខេត្ដព្រះសីហនុ បានឱ្យដឹង​ថា ក្នុងរយៈពេល៩ ខែ ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត និងអនុសាខាកាក​បាទក្រហមកម្ពុជាស្រុក បាននាំយកអំណោយមនុស្សធម៌ចែកដល់ចាស់ជរាបានចំនួន ១៩៤​គ្រួសារ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយ និងដាក់ថ្នាំអាបេត ចែកខិតប័ណ្ណជូនប្រជាពលរដ្ឋ​បាន​ចំនួន ៣ ៩៣៥ ខ្នងផ្ទះ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងកូរីដ១៩ ។

ដោយឡែក​ចំពោះប្រជាពលរដ្ឋក្រីក្រត្រូវទទួលអំណោយ ពីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ មានចំនួន ៤ឃុំ ស្មើនឹង ១ ០៣១ គ្រួសារ ក្នុងនោះ ឃុំអូរបាក់រទេះ មានចំនួន ២២០គ្រួសារ ឃុំកំពង់សីលាមានចំនួន ៤២២គ្រួសារ ឃុំចំការហ្លួងមានចំនួន ២១៣គ្រួសារ ឃុំស្ទឹងឆាយ មានចំនួន ១៧៦គ្រួសារ ។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ខេត្តព្រះ​សីហនុបានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិតប្រធានកាកបាទ​ក្រហម​កម្ពុជា ដែលសម្តេចទាំងទ្វេកំពង់បន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹក​ភ្លៀង។

ឯកឧត្ដមបន្តថា ថ្វីត្បិតតែខេត្តយើងមិនរងផលប៉ះពាល់ជំនន់ទឹកភ្លៀងធ្ងន់ធ្ងរ តែរង​ផលប៉ះពាល់ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងជំងឺកូវីដ-១៩ មិនអាចចេញទៅប្រកបការ​ងារ​ខាង​ក្រៅបាន ធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ។ ឯកឧត្ដមអភិបាលខេត្ដបានបន្ដថា ដោយ​មើលឃើញការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងខេត្តយើងបានកៀរគរសប្បុរសជន ក្រុមហ៊ុន សហគ្រាស ចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា។ ជាមួយគ្នានេះ ផ្តើមចេញពីស្ថានភាពរបស់បងប្អូន និងមន្ត្រីមូលដ្ឋានបានស្មើរសុំមកសាខាកាក បាទក្រហម​ខេត្ត ទើបយើងមានលទ្ធភាពចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ជំនន់ទឹកភ្លៀង និងប្រជា​ពលរដ្ឋក្រីក្រ និងធ្វើការចែកជូនដូចជាស្រុកព្រៃនប់ ក្រុងកោះរ៉ុង និងបន្តចែកជូនប្រជាពលរដ្ឋ​នៅស្រុកកំពង់សិលាចំនួន ១ ០៣១គ្រួសារ ។

ឯកឧត្តមប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាន​បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានផ្តល់ថវិកាចំនួន ៥ម៉ឺនដុល្លារអាម៉េរិក និងឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានផ្តល់ថវិកា ចំនួន១ម៉ឺនដុល្លារអាម៉េរិក ដល់រដ្ឋបាលខេត្ត ដើម្បីចុះធ្វើអន្តរាគមន៍ជាក់ស្តែងជួយ សង្គ្រោះ​ប្រជាពល​រដ្ឋបានទាន់ពេលវេលា និងតាមសំណូមពរពីអាជ្ញាធរមូលដ្ឋាន ។

ឯកឧត្តមប្រធានក៏បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋទាក់ទងនឹងវិធីកាត់បន្ថយហានិភ័យ ពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុង សហគមន៍ ត្រូវថែរក្សាអនាម័យ​ជាប្រចាំ លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ ជែល ឬអាល់កុល ប្រសិនបើចេញ​ទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច និងត្រូវអនុវត្តន៍តាមការណែនាំ​របស់ក្រសួងសុខាភិបាល ។

សូមបញ្ជាក់ថា អំណោយដែលចែកប្រជាពលរដ្ឋក្រីក្រនៅស្រុកកំពង់សិលាចំនួន ១ ០៣១ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអីវ ១យួរ សាប៊ូ ១ដុំ ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥០,០០០រៀល (ប្រាំម៉ឺនរៀល) ៕ ដោយ ងូ សុមុនី