ឯកឧត្តមកិត្តិ នីតិកោសលបណ្ឌិត ងួន ញ៉ិល ផ្តល់អំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកសណ្តាន់ ខេត្ដកំពង់ធំ

AKP កំពង់ធំ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០–
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃ រដ្ឋសភា បានអញ្ជើញចុះជួប​សំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៤០០គ្រួសារ ដែលរងគ្រោះ​ដោយជំនន់ទឹកភ្លៀង ក្នុងឃុំក្លែង និងឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃ​ទី២៣ ខែតុលា ឆ្នាំ២០២០នេះ។

ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល បាន ពាំនាំនូវព្រះរាជបណ្តាំសាកសួរសុខ​ទុក្ខ​របស់ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គទាំងទ្វេ តែងតែយកព្រះទ័យគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្ដមក៏បានលើកយកមតិផ្តាំផ្ញើសាកសួរ សុខទុក្ខរបស់ថ្នាក់ដឹកនាំ រដ្ឋសភា ព្រឹទ្ធសភា ជាពិសេសពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលបាននិងកំពុងមមាញឹកក្នុងការចុះជួប និងជួយប្រជាពលរដ្ឋនៅតាមតំបន់​រងគ្រោះនានា។ ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល ក៏បានកោតសរសើរដល់អាជ្ញាធរ​ខេត្តគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំយកអស់​កម្លាំងកាយចិត្តជួយដល់បងប្អូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណដល់សប្បុរសជន ដែល បានចូលរួមឧបត្ថម្ភនូវថវិកា សម្ភារផ្សេងៗ សម្រាប់ចែកជូនបងប្អូនប្រជាពលរដ្ឋនៅក្នុង​គ្រា​ដ៏លំបាកនេះ។

ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​យើង ក្នុងខណៈពេលដែលប្រទេសយើងកំពុងជួបគ្រោះទឹកជំនន់ សូមបងប្អូនរក្សាអនាម័យ​ក្នុងការរស់នៅជាប់ជាប្រចាំ និងសូមប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ថែរក្សាសុខភាព ជាពិសេសរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា អំណោយរបស់ឯកឧត្តមកត្តិនីតិកោសលបណ្ឌិត ងួន ញ៉ិល អនុ​ប្រធានទី១រដ្ឋសភាផ្ដល់ជូនដល់ប្របងប្អូនជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំង៤០០​គ្រួសារ​ រួមមាន អង្ករ មី ទឹកសុទ្ធ ត្រីខ ទឹកស៊ីអ៊ីវ និងសាប៊ូ៕ដោយ៖ ប៉ាល់ សុង
សម្រួលផ្សាយ៖ កន ចំណាន