សម្ដេច​តេ​ជោ ហ៊ុន សែន​៖ ច្បាប់​ថវិកា​ឆ្នាំ​២០២១​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​ថវិកា​ប្រយុទ្ធ​ដើម្បី ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន​

AKP បន្ទាយមានជ័យ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០
​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ច្បាប់​ថវិកា​ឆ្នាំ​២០២១ ត្រូវបាន​ប្រសិទ្ធ​នាម​ថា ជា​ថវិកា​ប្រយុទ្ធ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ព្រមទាំង​តម្រង់​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ​ក្រោយពេល​ជំងឺ​កូ​វីដ​-១៩​។​
ក្នុង​ពិធី​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន ៥ ០០០ គ្រួសារ នៅ​គោលដៅ​ទីមួយ ស្ថិតក្នុង ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា កាលពី​ម្សិលមិញ​នេះ​គណៈរដ្ឋមន្ត្រី​បាន​ប្រជុំ​ដើម្បី​អនុម័ត​ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ក្នុង​ច្បាប់​ថវិកា​នេះ​យើង​បានគិត​គូរ​យ៉ាង​ហ្មត់ចត់ អំពី​ស្ថានភាព​នៃ​បញ្ហា​ដែល​យើង​ត្រូវ​ប្រឈម​នាពេលខាងមុខ ទាំង​កូ​វីដ​១៩ និង​ទាំង​ការស្ដារ​ឡើងវិញ​នៅ​ជីវភាព​របស់​ប្រជាជន​ក្រោយ​ទឹកជំនន់ និង​ដំណើរការ​ក្រោយ​ក្នុងដំណាក់កាល​កូ​វីដ​។ សម្ដេច​តេ​ជោ​បាន​បញ្ជាក់ថា ដូច្នេះ ច្បាប់​ថវិកា​ឆ្នាំ​២០២១ ដែល​យើង​ប្រើប្រាស់ និង​ប្រសិទ្ធ​នាម​ថា ជា​ថវិកា​ប្រយុទ្ធ​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​ប្រជាជន ព្រមទាំង​តម្រង់​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ​ក្រោយពេល​ជំងឺ​កូ​វីដ​១៩​។

សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ច្បាប់​ថវិការ​ឆ្នាំ​២០២១ មាន​ចរិត​ពិសេស​របស់​វា​នៅត្រង់ថា មិនមែន​គ្រាន់តែ​ជា​ថវិកា​សម្រាប់​ធម្មតា​នោះទេ​។ សម្ដេច​តេ​ជោ​មានប្រសាសន៍ថា «​ក្នុងន័យនេះ ខ្ញុំ​សូម​ជូន​ជា​ព័ត៌មាន​ថា ដើម្បី​ដោះស្រាយ​ប្រជាពលរដ្ឋ​របស់​យើង​សម្រាប់​ការងារ​ធ្វើ និង​ប្រាក់ចំណូល​នៅ​ជនបទ តម្រង់​ឆ្ពោះទៅរក​កសិករ​នៅ​ទីជនបទ រាជរដ្ឋាភិបាល​បានដាក់​បញ្ចូល​ទៅក្នុង​ថវិកា​សម្រាប់​ឆ្នាំ​ក្រោយនេះ ដោយ​សាច់ប្រាក់​សម្រាប់​ព​លកម្ម បង្កើន​ពី​១០០​លាន​ដុល្លារ​អាម៉េរិក ទៅ​១៦០ លាន​ដុល្លារ​អាម៉េរិក​»​។ សម្ដេច​តេ​ជោ​បាន​បន្ថែមថា «​ក្នុង​កិច្ចប្រជុំ ខ្ញុំ​បាន​ចង្អុល​ទិស​ថា ឱ្យ​ផ្ដោត​ការយកចិត្តទុកដាក់​ទ​ម្លា​ក់សាច់​ប្រាក់​នេះ ទៅកាន់​តំបន់​ខេត្ត​នានា​ដែល​ទទួលរង​គ្រោះ ដែល​យើង​ប៉ាន់ប្រមាណ​ថា ១៦០​លាន​ដុល្លារ​អាម៉េរិក​នេះ អាច​នឹង​ដោះស្រាយ​ការងារ​បាន​ចំនួន​១​លាន​កន្លែង ដើម្បី​ទទួលយក​នូវ​ប្រាក់​នេះ​»​។

សម្ដេច​តេ​ជោ​បាន​បន្ដថា នេះ​វា​ជា​ដំណាក់កាល​អន្តរកាល​មួយ ដែល​ម្ខាង​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ បម្រើឱ្យ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​ទីជនបទ​ដែលជា​កសិករ និង​ម្ខាង​ទៀត​គឺ​ដើម្បី​ទទួលបាន​នូវ​ប្រាក់កម្រៃ​។ សម្ដេច​តេ​ជោ​ថ្លែងបន្តថា ចំពោះ​បញ្ហា​ថវិកា សម្រាប់​ផ្ដល់ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ជាង ៦០​ម៉ឺន​គ្រួសារ ដែលមាន​មនុស្ស​ប្រមាណ​ជា ៣​លាន​នាក់ គឺ​យើង​នូវ​បន្ត​ផ្ដល់​សម្រាប់​ខែតុលា ខែវិច្ឆិកា និង​ខែធ្នូ ដែល​យើង​ប្រើប្រាស់ ក្នុង​មួយខែ​មាន​ថវិកា​ប្រមាណ​ជា​៣០ លាន​ដុល្លារ​អាម៉េរិក​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថ្លែង​ទៀតថា ជាងនេះទៀត​រាជ​ដ្ឋា​ភិ​បាល ក៏បាន​សម្រេច​ទិញស្រូវ​ពូជ ដែល​មិន​ប្រកាន់​រដូវ​ចំនួន ២ ០០០ តោន​បន្ថែមទៀត ដើម្បី​ផ្ដល់ជូន​ប្រជាជន​ដែល​ផលិត​ស្រូវ ហើយ​ទទួលរង​នៅ​ការ​ខូ​ត​ខាត​ដោយ​គ្រោះទឹកជំនន់ ដោយ​ផ្ដល់ជូន​ក្នុង​មួយ​គ្រួសារ​ចំនួន ១០០​គីឡូក្រាម​ផងដែរ​។ ឯ​ចំណែក​ប្រជាជន​ដែល​មិន​ផលិត​ស្រូវ ហើយ​ដាំ​ដំណាំ​ផ្សេងៗ​ដែល​ទទួលរង​នូវ​ការខូចខាត​ដោយ​ទឹកជំនន់​ដែរនោះ គឺ​នឹង​ដោះស្រាយ​ជូន​នូវ​ពូជ​ដំណាំ​ចំនួន​៦​មុខ ដែល​ក្រសួងកសិកម្ម​នឹង​ដោះស្រាយ​បញ្ហា​នេះ​។ ដូច្នេះ បណ្ដា​ខេត្ត​ដែលមាន​ផលប៉ះពាល់​ពី​ទឹកជំនន់ ត្រូវ​យកចិត្តទុកដាក់ ចុះ​ពិនិត្យ​ឱ្យ​ជាក់លាក់​ទៅលើ​គ្រួសារ​ណា​ដែល​ខូចខាត​ពិតប្រាកដ ដើម្បី​ធ្វើ​អន្តរាគមន៍​លើ​ការស្ដារ​ឡើងវិញ​។ ជាងនេះទៀត សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដែល​ក្នុងនោះ​មាន ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​អភិវឌ្ឍន៍ជនបទ ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​លើ​ការស្ដា​ឡើងវិញ​នួវ​ហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​ខូចខាត​ដោយ​គ្រោះមហន្តរាយ​ទឹកជំនន់ មាន​ជាអាទិ៍​ផ្លូវជាតិ ផ្លូវ​ខេត្ត ផ្លូវលំ និង​ប្រព័ន្ធធារាសាស្ត្រ​នានា​ជាដើម នៅក្រោយ​ពេលដែល​ស្ថានភាព​ទឹកជំនន់​មាន​ភាព​ធូរស្រាល​និង​ស្រក​អស់​។

​សម្ដេច​តេ​ជោ​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ជាពិសេស​អ្នករងគ្រោះ​ដោយ​ទឹកជំនន់ ខិតខំ​ងើបឈរ​ឡើង​ពី​ការលំបាក​នេះ ដើម្បី​ឈានឆ្ពោះ​ទៅមុខ ស្រប​ជាមួយនឹង​កិច្ច​ខិ ត​ខំប្រឹងប្រែង​របស់​រាជរ​ដ្ឋា​ភិ​បាល​ដែល​តម្រង់​ឆ្ពោះទៅរក​ការស្ដារ​ឡើងវិញ​។​

​គួរ​បញ្ជាក់ដែរថា ខេត្តបន្ទាយមានជ័យ ជា​ខេត្ត​មួយ​ក្នុងចំណោម​រាជធានី​-​ខេត្ត​ទាំង​១៩ ដែល​ជន់​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ជាងគេ​។ ក្រុង​-​ស្រុក​ចំនួន ៦ របស់​ខេត្ត​នេះ​បាន​រង​ការ​ជន់​លិច​ធ្ងន់ធ្ងរ រួមមាន ក្រុង​សិរីសោភ័ណ ក្រុង​ប៉ោយ ប៉ែត ស្រុក​មង្គលបុរី ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ​។ គិត​ត្រឹម​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបន្ទាយមានជ័យ បានធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​ជាង​៤​ម៉ឺន​គ្រួសារ មាន​អ្នកស្លាប់​ចំនួន ២២​នាក់ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព ៣ ៥៤៥​គ្រួសារ លិច​សន្ទូង ៤៩ ៣៤៣ ហិកតា លិច​ដំណាំ​ផ្សេងៗ ៩ ៦៤២ ហិកតា និង​ធ្វើឱ្យ​ខូចខាត​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវ ស្ពាន ទំនប់ទឹក និង​សាលារៀន​ជាដើម​៕​ដោយ ជឹម ណា​រី​