អាជ្ញាធរ​ជាតិ​អប្សរា​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការអភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ​

AKP សៀមរាប ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០
​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បើក​វគ្គ​បណ្តុះបណ្តាល​មួយ​ស្តីពី​ការអភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ ដែល​វគ្គ​បណ្តុះបណ្តាល​នេះ​បានធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អ​ង្គ​រ​នៃ​អាជ្ញាធរ​ជាតិ អប្សរា ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ​ចាប់ពី​ថ្ងៃទី​២២ ខែតុលា រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​។ វគ្គ​បណ្ដុះបណ្ដាល​នេះ មាន​សិក្ខាកាម​ដែល​បាន​ចូលរួម​គឺ​មកពី​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ សរុប​ចំនួន​២៥​រូប ដែល​ពួកគេ​គឺជា​គ្រូបង្រៀន​កម្រិត​បឋមសិក្សា អនុវិទ្យាល័យ និង​អ្នក​អប់រំ​បម្រើ​ការងារ​នៅតាម​សារមន្ទីរ​ក្នុង​ខេត្តសៀមរាប និង​ខេត្តព្រះវិហារ​។ វគ្គ​បណ្តុះបណ្តាល​នេះដែរ ក៏ត្រូវ​បាន​អញ្ជើញ​លោកស្រី Barbara J.Anello-Armani ជា​សាស្ត្រាចារ្យ​បង្

រៀន​ភាសា​អង់គ្លេស​លើ​វិស័យ​ការងារ​អភិរក្ស និង​គ្រប់គ្រង​បេតិកភណ្ឌ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នក​បង្រៀន​។
​លោកស្រី Barbara J.Anello-Armani បានឱ្យដឹងថា វគ្គ​បណ្តុះបណ្តាល​នេះ​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​អង្គរ មជ្ឈមណ្ឌល​ខេ​មរ​សិក្សា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ ដើម្បី​ពង្រឹងសមត្ថភាព និង​ចំណេះដឹង​ដល់​លោកគ្រូ អ្នកគ្រូ​ដែលជា​ទិសដៅ​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​បន្ត​ដល់​សិស្សានុសិស្ស​ឱ្យបាន​ស្គាល់ ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ​ទាំងអស់គ្នា​។ ទន្ទឹមនេះ មិនតែប៉ុណ្ណោះ​ក៏​ដើម្បី​បង្កើន​សមត្ថភាព​ផ្នែក​ភាសា​អង់គ្លេស​ដល់​មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ជាតិ​ព្រះវិហារ ឱ្យមាន​សមត្ថភាព​ទំនាក់ទំនង​ការងារ​ជាមួយ​បុគ្គលិក ឬ​អ្នកជំនាញ​អន្តរជាតិ​ក្នុង​បេសកកម្ម​ការងារ​អភិរក្ស អភិវឌ្ឍន៍​ប្រាសាទ​។​

កញ្ញា ម៉ៅ សេង​យាន គ្រូ​បង្គោល​នៃ​វគ្គ​បណ្តុះបណ្តាល បានឱ្យដឹងថា រយៈពេល​២​ខែ​កន្លះ​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ នឹង​បង្រៀន​សិក្ខាកាម អំពី​តួនាទី​និង​ភារកិច្ច​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ទាក់ទង​នឹង​កិច្ចការ​អភិរក្ស និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅក្នុង​តំបន់​អង្គរ​។ ក្រោយ​បញ្ចប់​វគ្គ​បណ្តុះបណ្តាល កញ្ញា សេង​យ៉ាន សង្ឃឹមថា សិក្ខាកាម​ទាំងអស់​នឹង​ទទួលបាន​ចំណេះដឹង​ថ្មី​ច្រើន​ពី​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ ដើម្បី​យកទៅ​អនុវត្តន៍​ការងារ ក៏ដូចជា​បង្រៀន​ដល់​អ្នកផ្សេងៗ​ទៀត​បានល្អ​ប្រសើរ ក្នុងការ​បណ្តុះ​គំនិត​ឱ្យ​ស្រឡាញ់​សម្បត្តិ​វប្បធម៌​ជាតិ​កាន់តែខ្លាំង​ថែមទៀត​៕​ដោយ៖ ហង្ស សៀក​