ក្រសួង​ធនធានទឹក និង​អាជ្ញាធរ​ខេត្ដ​បន្ទាយមានជ័យ រួមគ្នា​រៀប​បាវ​ដី ដើម្បី​ការពារ​រលក​វាយ​ជើងទេរ​ទំនប់ ខណៈ​អាងទឹក​ត្រពាំងថ្ម កើន​ដល់​២២០​លាន​ម៉ែត្រគូប​

AKP បន្ទាយមានជ័យ ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០
​ក្រសួង​ធនធានទឹក និង​ឧតុនិយម​រួម​នឹង​អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ​បាននិងកំពុង​រួមគ្នា​រៀប​បាវ​ដី​ដើម្បី​ដាក់​ការពារ​នូវ​រលក​ទឹក​វាយ​ជើងទេរ​ទំនប់ ខណៈដែល​អាងទឹក​ត្រពាំងថ្ម​នៅក្នុង​ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ទឹកបាន​កើន​ដល់​២២០​លាន​ម៉ែត្រគូប​ដែល​ហួស​លទ្ធភាព​អាង​នេះ ក្នុងការ​ស្តុក​ទឹកជា​អតិបរមា​ចំនួន ១៨០​លាន​ម៉ែត្រគូប​។​

​ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម រួម​នឹង​ក្រុមការងារ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក និង​បញ្ជា​ការងារ​អន្តរាគមន៍​នៅ​ទំនប់​អាងទឹក​ត្រពាំងថ្ម កាលពី​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ដើម្បី​ការពារ​ឱ្យបាន​នូវ​ភាពរឹងមាំ​នៃ​ទំនប់​អាងទឹក​សម្រាប់​ធានា​ទឹក​ទុក​ក្នុង​អាងទឹក​ដ៏​ធំ​នេះ​បាន​ប្រើប្រាស់​យូរអង្វែង​នោះ​។​
​ ​ឯកឧត្ដម​រដ្ឋមន្ត្រី​បានឱ្យដឹងថា អាងទឹក​ត្រពាំងថ្ម​មានលទ្ធភាព​ស្តុក​ទឹកជា​អតិបរមា​ចំនួន​១៨០​លាន​ម៉ែត្រគូប តែ​ចាប់ពី​ថ្ងៃទី​២២ ខែតុលា​នេះ ទឹក​ទាំងអស់​ដែល​សរុប​ប្រមូល​ស្រុង​ហូរ​ចុះ​មកពី​អូរ​កំបុត​ជាប់​ព្រំដែន (​ប្រទេស​ថៃ​) និង​មកពី​ប៉ែក​ខាងលើ​អាងទឹក​ស្ទឹង​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ធ្វើឱ្យ​បរិមាណ​ទឹក​កើនឡើង​រហូតដល់ ២២០​លាន​ម៉ែត្រគូប​។ ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា «​ទោះជា​ក្នុងស្ថានភាព​យ៉ាងនេះ​ក្តី អ្វី​ជាការ​ព្រួយបារម្ភ​នោះ​គឺ​ខ្យល់​បក់​ខ្លាំង​បង្ក​ជា​រលក​វាយ​ជើងទេរ​ទំនប់​បង្ខំ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ដោយមាន​ការសហការ​ចូល​រួម​កម្លាំង​ពី​អាជ្ញាធរ​ថ្នាក់ស្រុក កងកម្លាំងប្រដាប់អាវុធ និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​យ៉ាង​សស្រាក់សស្រាំ​រួមទាំង​គ្រឿងចក្រ​រៀប​បាវ​ដី​ដើម្បី​ការពារ​រលក​វាយ​ជើងទេរ​ទំនប់ ត្រង់​ផ្នែក​ខ្លះ​នៃ​ទំនប់​ដែលមាន​ប្រវែង​សរុប​ជាង ២០​គីឡូ​ម៉ែត​»​។

​​សូមបញ្ជាក់​ជូន​ថា រាល់​ទ្វារ​ទឹក និង​ច្រកចេញ​របស់​ប្រព័ន្ធ​អាងទឹក​ត្រពាំងថ្ម បាន​បើកចំហ​អស់​រយៈពេល​ជាង ១​សប្តាហ៍​មកហើយ តាម​បទបញ្ជា​របស់​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​។ ក្នុង​រយៈពេល​២​ថ្ងៃ​មកហើយ​ដែល នៅ​ប៉ែក​ខាងលើ​មិនមាន​ភ្លៀង​ធ្លាក់ កម្លាំង​ទឹក​ក៏​ចុះខ្សោយ​បន្តិច ដែល​ក្នុង​រយៈ​ដ៏​ខ្លី​នាពេលខាងមុខ ស្ថានភាព​នឹង​វិល​មករក​ប្រក្រតីភាព​ឡើងវិញ​៕​ដោយ ឈុន សា​រ៉ា​ត​