សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប និង​គណៈកម្មការ​វត្ត​ប្រាសាទ​គោកចក ដង្ហែ​អង្គ​កឋិន​សាមគ្គី ទទួលបាន​ថវិកា​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ​អាម៉េរិក​

AKP សៀមរាប ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០–​ឯកឧត្តម អ៊ា​ន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​តំណាង​ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត នាយក​រដ្ឋបាលខេត្ត ព្រមទាំង​មន្ត្រីរដ្ឋបាល​សាលាខេត្ត​ជាច្រើនរូប​ទៀត បាន​នាំយក​ថវិកា​របស់​រដ្ឋ​បាល​ខេត្ត​ចំនួន​១០.៤៨៥.០០០​រៀល (​ដប់​លាន​បួន​រយ​ប៉ែតសិប​ប្រាំ​ពាន់​រៀល​គត់​)​និង​ប្រាក់​ដុល្លារ ចំនួន​១៥០ (​មួយរយ​ហាសិប​ដុល្លារ​)​ព្រមទាំង​ត្រៃចីវរ​ចំនួន​២៨​ត្រៃ​ផងដែរ យកទៅ​ចូលរួម​ជាមួយ​អង្គ​កឋិនទាន​សាមគ្គី នៅ​វត្ត​ប្រាសាទ​គោកចក​ស្ថិតក្នុង​សង្កាត់​គោកចក​ក្រុង​សៀមរាប ខេត្តសៀមរាប ដែល​ផ្តួចផ្តើម​ដោយ រដ្ឋបាលខេត្ត គណៈកម្មការ​អាចារ្យ​និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​ផងដែរ​។​សរុប​ថវិកា​ទទួលបាន​ពី​អង្គ​កឋិនទាន​ទាំងអស់​ចំនួន​ជាង​៦០​លាន​រៀល​និង​១៥៤០​ដុល្លារ ផាត់​ចំណាយ​សព្វសារពើ នៅសល់​ចំនួន​៤០​លាន ៩៦​ម៉ឺន​រៀល និង​១៥៤០​ដុល្លារ អាម៉េរិក បាន​វេរ​ប្រគេន​ព្រះ​ភិក្ខុសង្ឃ​ក្នុង​វត្ត​ដែល​គង់​ចាំ​វស្សា​អស់​រយៈពេល​បី​ខែ​នាពេល​កន្លងមក​។​

បើតាម​ការប្រកាស​ក្នុង​ពិធី​វេរ​អង្គ​កឋិន​ប្រគេន​ដល់​ព្រះសង្ឃ របស់ គណៈកម្មការ​អាចារ្យវត្ត​ថា​៖ អង្គ​កឋិនទាន​សម្រាប់​វត្ត​ឆ្នាំនេះ កើតឡើង​ដោយហេតុ​៤​យ៉ាង ហេតុ​ទី​១​ដោយសារ​ដូនជី​តាជី​ប្រជា​ពុ​ទ្ឋ​បរិស័ទ​បាន​ស្តាប់​ព្រះធម៌ ព្រះ​វិន័យ ព្រះ​ពុ​ទ្ឋ​សាសនា បានដឹងថា​កឋិនទាន ជា​កាល​ទាន​មាន​ផល​វិសេស​ជាង​ទាន​ទាំងពួង ព្រោះ​បាន​ផល​ដល់​ទាយក​ម្ចាស់​ទាន​ផង បាន​អា​និ​សង្ឃ​ដល់​ភិក្ខុ​ជា​បដិគ្គាហកៈ​អ្នកទទួល​ក្រាល​គ្រង​និង​អ្នក​អនុមោទនា​ផង និង​បានឃើញ​ព្រះសង្ឃ​គង់​ចាំ​វស្សា​ក្នុង​វត្ត​នេះ​បាន​បដិបត្តិ រៀនសូត្រ​ធម៌​វិន័យ ត្រឹមត្រូវ​តាម​គន្លង​ព្រះ​ពុ​ទ្ឋ​សាសនា​។​បានដឹង​ផងដែរ​ថាវ​ត្ត​នេះ​មាន​ភាពខ្វះខាត​សម្ភារៈប្រើប្រាស់​ក្នុង​វត្ត​មួយចំនួន និង​បានគិត​ពិចារណា​ដឹង​ច្បាស់​ថា​អាយុសង្ខារ​របស់ខ្លួន​មិន​ទៀង​មិន​ស្ថិតស្ថេរ ទើប​រៀបចំ​ផ្តួចផ្តើម​មូលមតិ​គ្នា​ជា​ឯកច្ឆន្ទ​ធ្វើបុណ្យ​កឋិន​នេះ​ឡើង​។​
ព្រះគ្រូ​វិចិត្រ​វង្សា​ញាតិ​ធ​ម្មោ ហែម​គឹម​សាន ព្រះគ្រូ​ចៅអធិការ​វត្ត មាន​ថេរ​ដីកា​ថា​៖​បច្ច័យ​អម​ត្រៃ​ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​ចំនួន​១​ម៉ឺន​ដុល្លារ​នៅ​ឆ្នាំនេះ នឹង​យកទៅ​សង​ថ្លៃ​ដែក ដែល​បាន​ជំពាក់​គេ​កាលពី​ឆ្នាំ​២០១៩ នៅ​ខ្វះ​៥​ពាន់​ដុល្លារ​ទៀត នឹង​ប្រឹងប្រែង​សន្សំ​សង​គេ​ជា​បន្តបន្ទាប់​ទៀត​។​ព្រះអង្គ​រឭក​ថា ជំពាក់​ថ្លៃ​ដែក​នេះ​ដោយសារ​យកមក​សម្រាប់​សាង​សង់សាលា​ធម្មសភា តែ​ជា​អកុសល​នៅពេល​ចាក់​បេតុង​ប្លង់​សេ កាលពី​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩ សាលា​ធម្មសភា​នេះ​ត្រូវបាន​រលំ​ទាំងស្រុង​។​ឯកឧត្តម អ៊ា​ន ឃុន សមាជិក​ក្រុមប្រឹក្សា​ខេត្ត ក្នុងនាម ក្រុមប្រឹក្សា អាជ្ញាធរខេត្ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​សាមគ្គី ចូល​រួមទាំង​កម្លាំងកាយ កម្លាំងចិត្ត និង​លះ​ទ្រព្យធន នាំគ្នា​រៀបចំ​ជា​អង្គ​កឋិនទាន​នេះ​ឡើងជា​ការរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការជួយ​ឱ្យ​វិស័យ​ពុទ្ធចក្រ​កាន់តែ​រីកចំរើន​តទៅទៀត​។

​ឯកឧត្តម មានប្រសាសន៍ថា នៅ​កម្ពុជា វិស័យ​ពុទ្ធចក្រ និង​វិស័យ​អាណាចក្រ​គឺ​តែងតែ​ដើរ​ទន្ទឹមគ្នា​មិនអាច​ខ្វះ​មួយណា​បានឡើយ​។​អាស្រ័យ​ដោយ​ប្រទេស​យើង​ទទួលបាន​សុខសន្តិភាព​ពេញលេញ សង្គមជាតិ​ទាំងមូល​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ក្រោម​កិច្ចដឹកនាំ​ដ៍​ឈ្លាសវៃ​និង​ប៉ិនប្រសព្វ និង​ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កម្ពុជា ទទួលបាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ សេដ្ឋកិច្ច និង​សង្គមកិច្ច​។​ល​។​ជាមួយគ្នានេះ​វិស័យ​ពុទ្ធចក្រ ត្រូវបាន​កំណត់ដោយរ​ដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ថា​ព្រះ​ពុ​ទ្ឋ​សាសនា​ជា​សាសនា​របស់​រដ្ឋ​៕ ដោយ​៖ ឃុ​ត សៅ​