ស្ថានភាព​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបាត់ដំបង ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​កម្ពស់​ទឹកស្ទឹង​សង្កែ​ឡើងជា​ថ្មី​

AKP ភ្នំពេញ ថ្ងៃ​២៤ ខែតុលា ឆ្នាំ​២០២០ —

​ឯកឧត្តម សឿ​ម ប៊ុន​រិ​ទ្ធិ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បាត់ដំបង បានឱ្យដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២០​នេះ ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តបាត់ដំបង ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​ឡើងវិញ ខណៈ​ស្ថានភាព​ទឹកជំនន់​នៅ​ស្រុក​សំឡូត ស្រុក​រុក្ខ​គិរី និង​ស្រុក​ប​វេ​ល បានចាប់ផ្តើម​ស្រក​ជា​បណ្តើរៗ​ហើយ ប៉ុន្តែ​ទឹក​ហូរ​ធ្លា​ក់មក​ប៉ែក​ខាងក្រោម ធ្វើឱ្យ​កម្ពស់​ទឹកស្ទឹង​សង្កែ និង​ស្ទឹង​មោងឫស្សី បានចាប់ផ្តើម​ឡើងជា​ថ្មី​ម្តងទៀត​។​

​ឯកឧត្តម បាន​បន្ថែមថា ជំនន់​ទឹកភ្លៀង​នៅពេលនេះ​បាន​ប៉ះពាល់​ដំណាំ​ស្រូវ​សរុប​ប្រមាណ ១២៦ ៣២៣ ហិកតា និង​ខូចខាត​ទាំងស្រុង​ប្រមាណ ៣៩ ១៤៤ ហិកតា ក្នុងស្រុក​ចំនួន ១០ និង​ប៉ះពាល់​ដំណាំ​កសិកម្ម និង​ដំណាំ​ឧ​ស្សហកម្ម​ប្រមាណ ៥៧ ៤៦៨ ហិកតា ខណៈ​កម្ពស់​ទឹកស្ទឹង​សង្កែ​បន្ត​កើន​រហូតដល់​កម្ពស់ ១៤​ម៉ែត្រ​វិញ​ហើយ ដែលជា​កម្ពស់​នឹង​ប្រកាសអាសន្ន បើ​ភ្លៀង​នៅ​បន្ត​ធ្លា​ក់ទៀត​។​

​យោងតាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ​២០២០ ជំនន់​ទឹកភ្លៀង​បាន និង​កំពុង​ជន់​លិច និង​ប៉ះពាល់​ពាល់​រាជធានី​ខេត្ត​ចំនួន ២០ ហើយ​។ ជំនន់​ទឹកភ្លៀង​នេះ​ក៏បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ចំនួន ៣៩​នាក់​ស្លាប់បាត់​បង់ជីវិត និង​ធ្វើឱ្យ​ខូចខាត និង​ជន់​លិច​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ដូចជា​ផ្ទះ សាលារៀន ស្ពាន ផ្លូវថ្នល់ ។​ល​។ ខណៈ​ជំនន់​ទឹកភ្លៀង​នេះ បាន​ប៉ះពាល់​ដល់​ប្រជាជន​ប្រមាណ ១៣៣ ៧៣៤ គ្រួសារ ស្មើនឹង ៥៣៥ ១៧៦ នាក់ ហើយ​ជំនន់​នេះ​បាន​ជន់​លិច​ស្រូវ ប្រមាណ ២៦៣ ៩៣៣ ហិកតា រួម​នឹង​ដំណាំ​រួមផ្សំ​ប្រមាណ ៨៨ ៧៧៩ ហិកតា ផងដែរ​៕ ​ដោយ៖ ផែន រតនៈ​