គណៈរដ្ឋមន្ត្រីសម្រេចឯកភាពការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញ បញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ —

គណៈរដ្ឋមន្ត្រីបានសម្រេចឯកភាពចំពោះការអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព១៥០មេហ្កាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង និងគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ នៅក្នុងសម័យប្រជុំពេញអង្គ នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) ធ្វើការវិនិយោគអភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ និងឱ្យក្រុមហ៊ុន SchneiTec Co., Ltd. ធ្វើការវិនិយោគអភិវឌ្ឍគម្រោងខ្សែបណ្តាញបញ្ជូនតង់ស្យុង៥០០គីឡូវ៉ុល ២ខ្សែ ពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ គណៈកម្មការចរចាអន្តរស្ថាប័នត្រូវបានបង្កើតដែលដឹកនាំដោយក្រសួងរ៉ែ និងថាមពល និងមានការចូលរួមពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា។ គណៈកម្មការនេះបានធ្វើការពិនិត្យលើការសិក្សាសមិទ្ធិលទ្ធភាព និងធ្វើការចរចាលើការវិនិយោគគម្រោងទាំង៣ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីបន្ថែម បំពេញតម្រូវការចាំបាច់ដែលវិស័យអគ្គិសនីត្រូវការជាបន្តបន្ទាប់។

គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។ គម្រោងនេះនឹងត្រូវធ្វើឡើងក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer) ក្នុងទំហំវិនិយោគសរុបចំនួន ៣៨៩ ៤១៤ ០០៤ ដុល្លារអាម៉េរិក។ គម្រោងនេះផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាម៉េរិក ក្នុង១គីឡូវ៉ាត់ម៉ោង។

ចំពោះគម្រោងវិនិយោគអភិវឌ្ឍសាងសង់ខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានប្រវែង ២៩៩,៥២គីឡូម៉ែត្រ និងពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ មានប្រវែង ១០៧គីឡូម៉ែត្រ គឺជាគម្រោងវិនិយោគដែលបញ្ជូនប្រភពអគ្គិសនីនាំចូលពីប្រទេសឡាវ និងប្រទេសថៃ មកក្នុងប្រព័ន្ធបណ្តាញជាតិ ដើម្បីបំពេញឱ្យបានគ្រប់គ្រាន់ និងឱ្យមានប្រភពអគ្គិសនីចម្រុះរក្សាសុវត្ថិភាព នៃការផ្គត់ផ្គង់នៅក្នុងកម្ពុជា។ គម្រោងវិនិយោគទាំងពីរមានលក្ខណៈស្រដៀងគ្នាស្ទើរតែទាំងស្រុង ដែលក្នុងនោះរូបភាពវិនិយោគនៃគម្រោងទាំងពីរនេះគឺ សាងសង់-ដំណើរការ-ផ្ទេរ (Build-Operation-Transfer)។ សម្រាប់គម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុលពីភ្នំពេញទៅព្រំដែនកម្ពុជា-ឡាវ មានរយៈពេលសម្បទានសរុប២៨ឆ្នាំ ក្នុងនោះសាងសង់៣ឆ្នាំ និងអាជីវកម្ម ២៥ឆ្នាំ និងមានទំហំវិនិយោគសរុបចំនួន ៣៣០ ៤៦៦ ៥៨៤ ដុល្លារអាម៉េរិក។

ចំណែកគម្រោងវិនិយោគអភិវឌ្ឍខ្សែបណ្ដាញបញ្ជូនអគ្គិសនី ៥០០គីឡូវ៉ុល ពីបាត់ដំបងទៅព្រំដែនកម្ពុជា-ថៃ មានរយៈពេលសម្បទានសរុប ២៧ឆ្នាំ ក្នុងនោះសាងសង់ ២ឆ្នាំ និងអាជីវកម្ម ២៥ឆ្នាំ និងមានទំហំវិនិយោគសរុបចំនួន ១១០ ៩៤៨ ៩១២ ដុល្លារអាម៉េរិក៕

ដោយ ជឹម ណារី