សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់លើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយគ្រោះមហន្តរាយទឹកជំនន់

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ —

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្នើឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លើការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានខូចខាតដោយគ្រោះមហន្តរាយទឹកជំនន់ ជាអាទិ៍ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ និងប្រព័ន្ធធារាសាស្ត្រនានាជាដើម នៅក្រោយពេលដែលស្ថានភាពទឹកជំនន់មានភាពធូរស្រាល និងស្រកអស់ទៅ។

ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោក៏បានថ្លែងអំណរគុណ ក្នុងនាមរាជរដ្ឋាភិបាល ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី-ខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន និងកំពុងជួយសង្គ្រោះប្រជាពលរដ្ឋដែល រងគ្រោះក្នុងអំឡុងគ្រោះទឹកជំនន់រដូវវស្សាឆ្នាំ២០២០នេះ ពិសេសត្រូវបន្តបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ និងចាត់វិធានការចាំបាច់នានាដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅតាមភូមិសាស្ត្រដែលទទួលខុសត្រូវឱ្យបានទាន់ពេលវេលា៕

ដោយ ជឹម ណារី