ឯកឧត្តម ឃួង ស្រេង បន្ដទទួលអំណោយពីសប្បុរសជន ដើម្បីយកទៅចែកជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–
​ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយជាអង្ករ៤៨២ តោន ពីសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា គិតជាទឹកប្រាក់ ២៦៥១០០ដុល្លារ ដើម្បីបន្ដយក ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង នៅរាជធានីភ្នំពេញ នៅ រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ លោកឧកញ៉ា ឌួង ឆាយ ក៏បានឧបត្ថម្ភ អង្ករ ២០តោនផងដែរ។

​ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ ការចូលរួមផ្តល់ជាអំណោយមនុស្សធម៌ នៅពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ ហើយស្របពេលដែលប្រជាពលរដ្ឋ មួយចំនួនក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិ ដោយជំនន់ទឹកភ្លៀង និងត្រូវការ ជំនួយឧបត្ថម្ភពីសប្បុរសជន ដើម្បីសង្រ្គោះអាយុជីវិត ប្រជាពលរដ្ឋជាចាំបាច់។

​ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ស្គាល់មិត្ដ ក្នុងគ្រាក្រីក្រ ទុក្ខលំបាកសម្រាប់ មិត្ដវិស័យឯកជន ជានិច្ចកាល នៅគ្រប់កាលៈទេសៈ ជាពិសេសនៅពេលប្រជាជនកម្ពុជា ជួបទុក្ខលំបាក ដូចជាគ្រោះមហន្តរាយនាពេលនេះ។
​ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំ និងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំ និងជំរុញឱ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណា សង្រ្គោះ ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ ដោយអនុវត្តន៍តាមបទបញ្ជានេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជា មួយកងកម្លាំងប្រដាប់អាវុធ ពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបានដោយជោគជ័យ ជាមួយនឹងការផ្ដល់អាហារ ហូបចុកគ្រប់ គ្រាន់ផងដែរ ហើយការជួយសង្រ្គោះប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នា ការនយោបាយ ឬគណបក្សណានោះទេ ពោលគឺឱ្យតែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ៕ ដោយ សួស សំរិត