សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលអង្ករចំនួន ២០តោន ពីសប្បុរសជន

AKP ព្រះសីហនុ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០   ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត្ និងជាអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ អញ្ជើញទទួល អំណោយមនុស្សធម៌ ពីក្រុមហ៊ុន Cambodian Energy Limited នូវអង្ករចំនួន ១០តោន  និងក្រុមហ៊ុន Cambodian Energy II Co,Ltd អង្ករ ១០តោន ដើម្បីអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ២០២០ ក្រោមប្រធានបទ ” ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា” ។ អំណោយសប្បុរសធម៌នេះ ដើម្បីបម្រើ សកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណចំពោះក្រុមហ៊ុនទាំងពីរដែលបានឧបត្ថម្ភអង្ករ ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ យើងនឹងយកទៅធ្វើការចែក ជូនប្រជាពលរដ្ឋ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌ ដែលមើលឃើញស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋខេត្តព្រះសីហនុ ក្នុងគ្រាលំបាក ហើយការឧបត្ថម្ភអង្ករ ២០តោន នាពេលនេះ គឺសមស្របជាមួយនឹងស្ថានភាពជាក់ស្ដែង។

ឯកឧត្តម ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្តថា នៅថ្ងៃស្អែករូបខ្ញុំ និងឯកឧត្តមអនុប្រធានកិត្តិយសសាខា បន្តចែកអំណោយជូនប្រជាពលរដ្ឋជាងមួយពាន់ គ្រួសារបន្ថែមទៀតនៅស្រុកកំពង់សិលា។ ឯកឧត្តមបន្តថា សម្រាប់កម្ពុជាជំនន់ទឹកភ្លៀង មិនទៀងទាត់ថា ខែ៨ ឬខែ១០ នោះទេ ហើយបើខ្ញុំនៅចាំ កាលពីឆ្នាំ២០០១ នៅទីក្រុង ភ្នំពេញជំនន់ទឹកភ្លៀងមាន រហូតដល់ខែធ្នូ  អាស្រ័យទៅលើស្ថានភាពអាកាសធាតុ ព្យុះភ្លៀងវាប្រែប្រួលនៅលើពិភពលោក។

អំណោយមនុស្សធម៌នេះបានចូលរួម ចំណែកក្នុង សកម្មភាពមនុស្សធម៌ ជួយដល់សាខាកាកបាទក្រហមខេត្តព្រះសីហនុសរបញ្ជាក់ ពីទឹកចិត្តសប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ប្រជាពលរដ្ឋ ក្រីក្រ ស្រ្តីមេម៉ាយមានកូនច្រើន ចាស់ជរាគ្មានទីពឹង និងកុមារកំព្រា។ល។ ហើយកាយវិកា មនុស្សធម៌របស់សប្បុរសជន បានចូលរួមជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ហើយសាខានឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់កាកបាទក្រហម អឌ្ឍចន្ទក្រហម៕   ដោយ ងូ សុមុនី