មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលើកឡើង ពីឧត្តមប្រយោជន៍ និងគុណសម្បត្តិរបស់ច្បាប់ ស្តីពីគណនេយ្យ និងសវនកម្ម និងវិធានពាក់ព័ន្ធចំនួន៧ចំណុចធំៗ

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានលើកឡើងពីឧត្តមប្រយោជន៍និងគុណសម្បត្តិរបស់ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងវិធានពាក់ព័ន្ធចំនួន៧ចំណុចធំៗ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កាតព្វកិច្ចគណនេយ្យ និងសវនកម្ម និងបច្ចុប្បន្នភាពនៃច្បាប់សារពើពន្ធ” ដែលមានការចូលរួមពីសហគ្រាសជាប់ពន្ធចំនួនប្រមាណ១៥០នាក់ នៅសណ្ឋាគារឌីវីតភ្នំពេញកាលពី ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

ឯកឧត្តម រដ្ឋលេខាធិការ បានលើកឡើថា ឧត្តមប្រយោជន៍ និងគុណសម្បត្តិជាច្រើនរបស់ច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម និងវិធានពាក់ព័ន្ធធំៗទាំង៧ចំណុចនោះគឺ ១.បង្កើន និងលើកកម្ពស់តម្លាភាព និងសុក្រឹតភាពនៃឯកសារគណនេយ្យ និងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាស ដែលអាចបង្កើននូវជំនឿទុកចិត្តរបស់សាធារណជនមកលើសហគ្រាស ក៏ដូចជាទំនុកចិត្តរបស់វិនិយោគិនក្នុងស្រុក និងបរទេស;២.ជំរុញគណនេយ្យភាពនិងអភិបាលកិច្ចល្អរបស់សហគ្រាស; ៣.បង្កើនគុណភាពនិងសមត្ថភាពធនធានមនុស្ស ជាគណនេយ្យករ និងសវនករ និងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម; ៤.ជំរុញបន្ថែមនិងទ្រទ្រង់និរន្តរភាពនៃទីផ្សារមូលធន ព្រមទាំងបង្កលក្ខណៈឱ្យសហគ្រាសធុនតូច និងមធ្យមមានលទ្ធភាពចូលរួមក្នុងទីផ្សារមូលធននាពេលអនាគត; ៥.ជួយបង្កនូវលទ្ធភាពនៃការទទួលបានឥណទាន; ៦.បង្កើតការងារក្នុងវិស័យគណនេយ្យនិងសវនកម្មជូនប្រជាពលរដ្ឋ និង ៧.របាយការណ៍ហិរញ្ញវត្ថុ ដែលបង្កើតឡើងដោយ អនុលោមតាមច្បាប់នេះ គឺជាមូលដ្ឋានព័ត៌មានហិរញ្ញវត្ថុតែមួយគត់ក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដើម្បីប្រកាសពន្ធដារដែលធ្វើឱ្យការប្រមូលពន្ធមានប្រសិទ្ធភាព។

ឯកឧត្តមបាន បញ្ជាក់បន្ថែមជូនអង្គសិក្ខាសាលាទាំងមូលឱ្យបានជ្រាប និងសូមកុំយល់ថា ច្បាប់ និងបទប្បញ្ញត្តិ ដែលបានដាក់ឱ្យអនុវត្តពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្ម និងពាក់ព័ន្ធនឹងពន្ធដារ មិនមែន ជាវិធានការឬជាគំនាបរបស់រាជរដ្ឋាភិបាល ទៅលើវិស័យឯកជននោះទេ តែផ្ទុយទៅវិញ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបានក្នុងការអភិវឌ្ឍ សេដ្ឋកិច្ច ទៅវិញនោះទេ ហើយច្បាប់និងបទប្បញ្ញត្តិ គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់គាំពារ, ទ្រទ្រង់ និងលើកកម្ពស់ វិស័យឯកជន។

ឯកឧត្តម ងី តាយី បានគូសបញ្ជាក់បន្ថែមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានក្រុមប្រឹក្សាជាតិគណនេយ្យ ជាសេនាធិការ រៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យ និងសវនកម្មនៅកម្ពុជា សារៈប្រយោជន៍ និងកាតព្វកិច្ចនានាដែលសហគ្រាសត្រូវអនុវត្តក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ, កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ៕

ដោយៈ គង់ សិរីរ័ត្ន

សម្រួលផ្សាយ៖ កន ចំណាន