អ្នកនាំពាក្យក្រសួងយុត្តិធម៌លើកឡើង ៥ចំណុចទាក់ទងនឹងតម្លៃ និងសុពលភាព នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–
ឯកឧត្ដម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានលើកឡើង៥ ចំណុចទាក់ទងនឹងតម្លៃ និងសុពលភាពនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ (២៣តុលា ឆ្នាំ១៩៩១-២៣តុលា ឆ្នាំ២០២០) ដែលគិតត្រឹមឆ្នាំ២០២០នេះគឺជាខួបលើកទី២៩ឆ្នាំ។

ឯកឧត្ដមបានបញ្ជាក់អំពីចំណុចទាំង៥នេះ រួមមាន ១. កិច្ចព្រមព្រៀងទីក្រុងប៉ារីស មានគោលដៅបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា និងរៀបចំនូវយន្តការច្បាប់និង ស្ថាប័នបណ្តោះអាសន្នមួយផងដែរក្នុងការគ្រប់គ្រងប្រទេស ក្នុងសម័យអន្តរកាល ពីឆ្នាំ១៩៩១ដល់ឆ្នាំ១៩៩៣ មុនពេលកម្ពុជាមានរដ្ឋាភិបាលចម្រុះ និងរដ្ឋ ធម្មនុញ្ញក្នុងការដឹកនាំប្រទេស។

២.ក្រោយពេលរដ្ឋាភិបាលចម្រុះ និងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ត្រូវបានបង្កើត និង រៀបចំចប់សព្វគ្រប់ដើម្បីដឹកនាំប្រទេស នោះសម័យអន្តរកាលត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវអស់សុពលភាពផងដែរ។ ឯកឧត្ដមបានថ្លែងថា ដូច្នេះ រដ្ឋាភិបាលនាពេលបច្ចុប្បន្ននេះ មិនមានភាព ចាំបាច់ ឬកាតព្វកិច្ចក្នុងការគោរពនិងអនុវត្តន៍កិច្ចព្រមព្រៀងប៉ារីសនេះទេ តែត្រូវគោរព និងអនុវត្តន៍តាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជាវិញ ដែលជាច្បាប់កំពូលហើយគោលការណ៍គ្រឹះប្រជាធិបតេយ្យក្នុងការដឹកនាំប្រទេសទាំងប៉ុន្មានដែលមានចែងក្នុងកិច្ចព្រមព្រៀងប៉ារីស ក៏ត្រូវបានបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ រួច អស់ហើយដែរ។

៣. ស្មារតីនៃកិច្ចព្រមព្រៀងប៉ារីសអំពីការបញ្ចប់សង្រ្គាមនៅកម្ពុជា មិន ត្រូវបានអនុវត្តន៍ និងគោរពឱ្យបានពេញលេញនោះទេ ហើយក៏មិនបាននាំមកនូវសន្តិភាព ពេញលេញពិតប្រាកដជូនកម្ពុជានោះដែរ ព្រោះថាភាគីខ្មែរក្រហមមិនបានគោរពតាមកិច្ច ព្រមព្រៀងនេះទេ មិនចូលរួមក្នុងការបោះឆ្នោត ហើយនៅតែបន្តធ្វើសង្រ្គាម រហូតដល់ ឆ្នាំ១៩៩៨ ទើបកម្ពុជាទទួលបានសន្តិភាពពេញលេញ និងពិតប្រាកដទូទាំងផ្ទៃប្រទេស ដោយនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ៤. គោលការណ៍ប្រជាធិប តេយ្យក្នុងកិច្ចព្រមព្រៀងប៉ារីសដែលបញ្ចូលក្នុងរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ ត្រូវបានគោរព និងអនុវត្តន៍បានយ៉ាងខ្ជាប់ខ្ជួន ដែលរួមមានដូចជា គោលការណ៍សិទ្ធិ សេរីភាព គោលការណ៍អធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី គោលការណ៍នៃការ បោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស របបនយោបាយរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋជាដើម។ល។

ការភ្ជាប់ទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាមួយរដ្ឋបរទេសណាមួយនោះ មិនមានន័យថា កម្ពុជាបាត់បង់នូវ អធិបតេយ្យភាពនិងឯករាជ្យភាពរបស់ខ្លួននោះទេ។ ចំណែកឯវិធានការច្បាប់ចំពោះ បក្សនយោបាយដែលបំពានច្បាប់ និងក្រុមសកម្មជនដែលប្រព្រឹត្តបទល្មើស ក៏មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពផ្នែកនយោបាយនោះដែរ ពោលគឺការធ្វើសកម្មភាពបំពានច្បាប់ ប៉ះពាល់ដល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម មិនមែនជាការអនុវត្តសិទ្ធិក្នុងសង្គមប្រជាធិបតេយ្យនោះឡើយ តែជាបទល្មើស ដែលអ្នកប្រព្រឹត្តត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ដែលមានជាធរមាន។ ៥. ក្រុមអង្គការសង្គមស៊ីវីល និងក្រុមសកម្មជន ប្រឆាំងមួយចំនួន ដែលមានគម្រោងប្រមូលផ្តុំគ្នាធ្វើការតវ៉ា និងទាមទាឱ្យរដ្ឋាភិបាល គោរពកិច្ចព្រមព្រៀងប៉ារីសនៅថ្ងៃ២៣ ខែតុលានេះ តាមការរៀបចំរបស់អង្គការចលនាចាត់តាំងខុសច្បាប់ពីខាងក្រៅប្រទេស និងមិនទទួលបានការស្វាគមន៍ពីមហាជននោះទេ ព្រោះពេលនេះពលរដ្ឋកំពុងរងគ្រោះដោយទឹកជំនន់ ហើយត្រូវការជំនួយសង្រ្គោះបន្ទាន់ពីគ្រប់ភាគីទាំងអស់។

ឯកឧត្ដម ជិន ម៉ាលីន បានសង្កត់ធ្ងន់ថា ប្រសិនបើក្រុមអង្គការសង្គមស៊ីវីលទាំងនេះ ប្រមូលផ្តុំនិងសហការគ្នា ជួយដល់ពលរដ្ឋ ដែលកំពុងតែរងគ្រោះដោយទឹកជំនន់វិញ ប្រហែលជាប្រសើរ និងមានប្រយោជន៍ដល់សង្គមជាង ជាជាងការធ្វើសកម្មភាពប្រមូលផ្តុំបែបអនាធិបតេយ្យបែបនេះ ដែលអាចបង្កភាពចលាចល និងអសន្តិសុខដល់សង្គម៕ ដោយ ប៊ុនរិទ្ធ