ព្រឹទ្ធសភាកំណត់យកថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២០ ដើម្បីបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភា នីតិកាលទី៤

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០–

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលានេះ បានអនុម័តកំណត់យកថ្ងៃចន្ទទី២៦ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក ដើម្បីបើកសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤។

ឯកឧត្តម ម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នក សាព័ត៌មានក្រោយពេលបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានេះថា របៀប វារៈនៃសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៤នេះ រួមមាន៖ ទី១-ស្តាប់របាយការណ៍ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យ ប្រជុំលើកទី៥ និងលើកទី៦ នីតិកាលទី៤។

ទី២-ពិនិត្យនិងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងល្បែងពាណិជ្ជកម្ម។ ទី៣-ពិនិត្យ និងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ។ ទី៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ៖ ១.កិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃម៉ាឡេស៊ី ស្តីពីការលុបបំបាត់ ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការ ចៀសវាងពន្ធ។

២.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ។

ទី៥-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន។ ទី៦-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យ ព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។

ទី៧-ពិនិត្យ និងឱ្យយោបល់ លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញា ស្តីពីបត្យាប័នរវាងរាជរដ្ឋាភិ បាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង។ ទី៨-ពិនិត្យ និងឱ្យ យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញា ស្តីពីការជួយគ្នាទៅ វិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ រវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី។ ទី៩-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាមី ណាម៉ាតា ស្តីពីបារត និងទី១០-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើវិសោធនកម្ម ពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន៕

ដោយ៖ប៉ាល់ សុង

សម្រួលផ្សាយ៖ កន ចំណាន