រដ្ឋមន្រ្ដីក្រសួងព័ត៌មានវាយតម្លៃខ្ពស់ចំពោះការរៀបចំកម្មវិធីកញ្ញាឯកកម្ពុជា​ឆ្នាំ២០២០ ដែលជាការបង្ហាញពីសមត្ថភាពរបស់កម្ពុជានៅ​លើឆាកអន្តរជាតិ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានវាយតម្លៃខ្ពស់ចំពោះ​ការរៀបចំ​កម្មវិធី​បវរកញ្ញាឯក កម្ពុជា​ឆ្នាំ២០២០ (Miss Grand Cambodia 2020) ដែលជាការបង្ហាញពី​សមត្ថភាព​របស់កម្ពុជានៅលើ​ឆាកអន្តរជាតិ។

ក្នុងឱកាសអនុញ្ញាតឱ្យលោក អ៊ិន សុភិន អគ្គនាយកផលិតកម្ម មហាហង្ស ដឹកនាំបវរ​កញ្ញា MISS GRAND CAMBODIA 2020 ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ បានគូសបញ្ជាក់ថា ចំពោះ​ការជ្រើសរើសកញ្ញាឯកកម្ពុជា ទាំង ៥ រូប ដែលជាប់ចំណាត់ថ្នាក់ សុទ្ធតែមាន​ចំណេះវិជ្ជាខ្ពង់​ខ្ពស់ និងជាមោទនភាពសម្រាប់កម្ពុជាដែលមាននារីមិនត្រឹមតែមានរូបសម្រស់​ស្អាតប៉ុណ្ណោះ​​ទេ ថែមទាំងមានសមត្ថភាពរៀនសូត្របានខ្ពស់ថែមទៀតផងដែរ។ ឯកឧត្ដម​បាន​បន្ដថា ទាំង​នេះ​បង្ហាញពីអនាគតល្អរបស់កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ជាគោលការណ៍​សំខាន់របស់ក្រសួងព័ត៌មាន គឺការជំរុញលើកកម្ពស់ឱ្យនារីកម្ពុជា នៅគ្រប់​ផ្នែក​ទាំងអស់ ក្នុងនោះ​រូបសម្រស់ជាទុនមួយ ដែលអាចឱ្យពិភពលោកទទួលស្គាល់ និងស្គាល់ពីភូមិ ខេត្ត​កំណើត របស់ខ្លួន។

លោក អ៊ិន សុភិន បានអរគុណចំពោះឯកឧត្តមរដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែគាំទ្រ ផ្តល់ការលើកទឹកចិត្តដល់ក្រុមការងារ ដើម្បីឱ្យដំណើរការរៀបចំការប្រកួតជ្រើសរើស​កញ្ញា​ឯកកម្ពុជា ដំណើរការ​ទៅ​យ៉ាងល្អ។ លោកបានជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដីថា សម្រាប់​កញ្ញាឯក ១ រូប ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ដើម្បីទៅចូលរួម​ប្រកួតប្រជែង បវរកញ្ញា​អន្តរជាតិ MISS GRAND International នាឆ្នាំ ២០២១ នាខាងមុខនេះ នៅក្រៅប្រទេស។

លោក អ៊ិន សុភិន បានឱ្យដឹងទៀតថា កម្មវិធីកញ្ញាឯកកម្ពុជាឆ្នាំ២០២០ (Miss Grand Cambodia 2020) គឺជាកម្មវិធី ដែលបានបើកបង្ហាញភាពអស្ចារ្យរបស់កម្ពុជា ជាមួយនឹង​សម្រស់ស្រស់ស្អាត អមដោយភាពឆ្លាតវៃរបស់ស្រ្តីខ្មែរដែល បានចូលរួមប្រកួត ប្រជែងក្នុង​ការគ្រងឈុត សម្លៀកបំពាក់ផ្សេងៗជាច្រើន ដែលមានដូចជា ឈុតប្រពៃណីខ្មែរ ឈុតរាត្រី​សរមោលសរ ឈុតតំណាងជាតិ និងឈុតហែលទឹក បែបបច្ចឹមប្រទេស។ លោកបានបន្ថែម​ថា ក្នុងចំណោមឈុតទាំងនោះ ឈុតប្រពៃណី និងឈុតតំណាងជាតិ ត្រូវបានកត់សម្គាល់ និងបានលើកបង្ហាញពីវប្បធម៌ខ្មែរ យ៉ាងសម្បូរបែបទៅកាន់បរទេសឱ្យដឹងពីភាពអស្ចារ្យ នៃ សម្លៀកបំពាក់ខ្មែរយ៉ាងល្អប្រណិត និងប្រកបដោយអត្តន័យបំផុត។

សូមបញ្ជាក់ថា កម្មវិធីប្រឡងជ្រើសរើសកញ្ញាឯក ដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ២០២០ (Miss Grand Cambodia 2020) ដែលមានបេក្ខនារីចំនួន០៥រូប បានជាប់ជ័យលាភីពីលេខ១ ដល់ លេខ៥ បេក្ខនារីជ័យលាភីលេខ១ តំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៅ ចូលរួមកម្មវិធីប្រកួត​ជាលក្ខណះអន្តរជាតិ ដែលមានកញ្ញាឯក MISS GRAND មកពីខេត្តកំពង់ធំគឺ កញ្ញា សេង រដ្ឋា គ្រងម្កុដ MISS GRAND CAMBODIA 2020 ៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា
សម្រួលផ្សាយ៖ ខៀវ យុទ្ធវង្ស