ប្រជាពលរដ្ឋនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ទទូចស្នើសុំឱ្យអាជ្ញាធរ ជួយដោះស្រាយប្រព័ន្ធលូ និងផ្លូវថ្នល់ខូចនៅក្នុងមូលដ្ឋាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងផ្លូវថ្នល់ខូច បានក្លាយជាកង្វល់មួយដែលត្រូវបាន ប្រជាពលរដ្ឋនៅខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ទទូចស្នើសុំឱ្យអាជ្ញាធរ ជួយដោះស្រាយ ជាបន្ទាន់។ ការទទូចសុំទទូចស្នើសុំឱ្យអាជ្ញាធរជួយដោះ ស្រាយជាបន្ទាន់ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងជួសជុលផ្លូវថ្នល់ដែលខូចនេះ ត្រូវបានប្រជាពលរដ្ឋលើកឡើងនៅ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នៅខណ្ឌទួល គោក នៅព្រឹកថ្ងៃទី២២ ខែតុលានេះ ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ។

ជាការឆ្លើយតបនឹងការស្នើរបស់ប្រជាពលរដ្ឋ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានទទួលយកសំណើ និងសន្យាពិនិត្យសិក្សា លើក គម្រោងផែនការធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមដំណាក់កាល និងជំរុញល្បឿន ដោះស្រាយឱ្យបានកាន់តែលឿនផងដែរ។

ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានបន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ ក្រុមប្រឹក្សារាជធានីភ្នំពេញ នឹងផ្តល់ឱ្យប្រជាពលរដ្ឋ ក្នុងការ ចូលរួម ក្នុងដំណើរអភិបាលកិច្ច និងជាឧបករណ៍មួយ សម្រាប់លើកកម្ពស់គណនីភាព តម្លាភាព ក្នុងដំណើរការពិនិត្យលើការផ្តល់សេវាសាធារណៈ របស់រដ្ឋបាលរាជធានីភ្នំពេញ។

ឯកឧត្ដម ប៉ា សុជាតិវង្ស បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយល់បល់ នេះធ្វើឡើងក្នុងគោលបំណង ដើម្បីធានាថា រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានត្រូវបានពិនិត្យដោះស្រាយ និងឆ្លើយតបទៅគ្រប់ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូល បរិយាប័ន្ន នៅក្នុងដំណើរការ នៃការអភិវឌ្ឍ បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។
ឯកឧត្តម ប៉ា សុជាតិវង្ស ថ្លែងថា មនុស្សដែលមិនចេះគ្រប់គ្រង ទុកដាក់សំរាមឱ្យបាន ត្រឹមត្រូវគេហៅថា មនុស្សសំរាម វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា រាជធានីភ្នំពេញអាណត្តិទី៣នេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី២២ ខែតុលា សម្រាប់ ខណ្ឌទួលគោក ដែលជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋ បញ្ចេញយោបល់, លើកសំណើ, សំណូមពរ ដែលជាក្តីកង្វល់ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃឱ្យអាជ្ញាធរបានដឹង និងជួយដោះ ស្រាយ។ ការលើកឡើងនូវសំណើ សំណូមពរ របស់បងប្អូនប្រជាពលរដ្ឋក្នុងវេទិកា សាធារណៈគឺកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ នោះមានន័យថា កង្វល់របស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយនៅពេលអាជ្ញាធរ បានខិតខំបង្ខិតសេវាសាធារណៈកាន់ តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ការលើកឡើងរបស់ប្រជាពលរដ្ឋពេលខ្លះហាក់ដូចជារឿងតូចតាច តែការពិតបញ្ហាទាំង អស់នោះជារឿងសំខាន់ ជារឿងធំបើយើងព្រងើយកន្តើយមិនព្រមដោះស្រាយ ហើយវេទិ កាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការទំនាក់ទំនងទ្វេទិសរវាង រដ្ឋបាលគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពី តូនាទីរបស់ ការិយាល័យ ប្រជាពលរដ្ឋរាជធានីភ្នំពេញគឺ ជាការបំពេញតួនាទីជាតុ លាការរដ្ឋបាល ដោះស្រាយ, សម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធជា មួយមន្ត្រីដែលធ្វើឱ្យប៉ះពាល់សិទ្ធិ និងផលប្រយោជន៍របស់បងប្អូន។ ឯកឧត្តម បានស្នើឱ្យ ប្រជាពលរដ្ឋទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ព្រោះមនុស្សដែល មិនចេះរក្សាទុកដាក់សំរាមឱ្យ បានត្រឹមត្រូវគេហៅថា “មនុស្សសំរាម” និងសូមរួមគ្នាថែរក្សាស្ថិរភាពសង្គម ក៏ដូចចូលរួម អនុវត្តន៍គោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ៕

ដោយ សួស សំរិត