ក្រសួងព័ត៌មានកំពុងពិនិត្យនីតិវិធី ដំណើរការកសាងផែនការ វិនិយោគ លើហេដ្ឋារចនា​សម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថលជាតិ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ក្រសួងព័ត៌មានបានដឹកនាំក្រុមជំនាញបច្ចេកទេស ដើម្បីពិនិត្យនីតិវិធី ដំណើរការ​កសាង​ផែនការ វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថលជាតិ ដើម្បីឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស និងជំរុញឱ្យដំណើរការគម្រោងនេះទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំក្រុមជំនាញបច្ចេកទេស ដើម្បីពិនិត្យនីតិវិធី ដំណើរការ​កសាង​ផែនការ វិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថលជាតិ នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ឯកឧត្តម កឹម គុណវឌ្ឍន៍ រដ្ឋលេខាធិការ​ក្រសួងព័ត៌​មានបានជម្រាបជូនថា ដំណើរការកសាងផែនការ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ថ្នាល​ទូរទស្សន៍ ឌីជីថល គឺក្រសួងព័ត៌មានជាអ្នករៀបចំ ហើយកាលពីពេលថ្មីៗនេះ ក្រុមការងារ​បច្ចេកទេស បានចូលក្នុងកិច្ចប្រជុំនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការពិនិត្យ​លើ​គោលការណ៍ និងនីតិវិធីសំខាន់ៗ សម្រាប់ធ្វើសកម្មភាពលើគម្រោងការដ៏ធំ ក្នុងការវិនិយោគ​លើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ឌីជីថល ជាតិ។

ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានណែនាំដល់ក្រុមការងារ ដើម្បី ឆ្លើយតបនូវរាល់ចំណុចសំខាន់ៗឮលើកិច្ចសហប្រតិបត្តិការក្នុងគម្រោងថ្នាលទូរទស្សន៍ ឌីជី​ថល ដ៏ធំនេះ ឱ្យបានសម្រេចជោគជ័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា បន្ទាប់ពីនេះ ក្រុមការ ងារបច្ចេកទេស​ក្រសួង​ព័ត៌មាន នឹងធ្វើកិច្ចការជំនាញរបស់ខ្លួន ដោយរួមសហការជាមួយ ក្រុមជំនាញក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាជំនាញពាក់ព័ន្ធដទៃទៀត៕

ដោយ រិទ្ធី រូបថត៖ ខឹម សុវណ្ណារ៉ា