ឯកឧត្ដម វ៉ា ថន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការកសាងអាជីវកម្មប្រកបដោយជោគជ័យ

AKP ក្រចេះ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តខេត្តក្រចេះ បានអញ្ជើញជា អធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពីការកសាងអាជីវកម្មប្រកបដោយជោគជ័យ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សិក្ខាសាលាធ្វើឡើងរយៈពេលពេញមួយព្រឹក ដោយមានការអញ្ជើញចូលរួម ពីលោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា លោក កែវ សុទ្ធារិទ្ធ ប្រធានសភាពាណិជ្ជកម្មមណ្ឌលក្រចេះ ស្ទឹងត្រែង និងមណ្ឌលគិរី មន្ត្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្ត ធនាគាដៃគូអភិវឌ្ឍន៍ និងម្ចាស់អាជីវកម្ម នៅក្នុងខេត្តជាច្រើនផងដែរ។

លោកឧកញ៉ា តែ តាំងប៉ បានលើកឡើងក្នុងអង្គសិក្ខាសាលានោះថា សហគ្រាស ធុនតូចនិងមធ្យមភាគច្រើននៅកម្ពុជា កំពុងត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាការជួយជ្រោម ជ្រែងបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស ផ្នែកទីផ្សារ ធនធានហិរញ្ញវត្ថុ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍអាជីវកម្មរបស់ពួកគាត់។

លោកឧកញ៉ាបញ្ជាក់ថា ដើម្បីឱ្យ យល់កាន់តែច្បាស់ អំពីរបៀប និងវិធីសាស្ត្រក្នុងការធ្វើអាជីវកម្មប្រកបដោយជោគជ័យ ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ ពិសេសអ្នកមានវត្តមាននៅក្នុងអង្គសិក្ខាសាលានេះ ត្រូវយកចិត្តទុកដាក់ ក្នុងការស្តាប់ រៀនសូត្រនូវចំណេះដឹងថ្មីៗបន្ថែមទៀត។

ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានលើកទឹកចិត្ត និងកោតសរសើរចំពោះសហគ្រិន អាជីវករ ពាណិជ្ជករ ដែលកំពុងធ្វើសកម្មភាពរកស៊ីនៅក្នុង ខេត្តក្រចេះប្រកបដោយការទទួលខុសត្រូវ បើកចិត្តទូលាយមានវប្បធម៌ចែករំលែក ពិសេសនៅក្នុងបរិបទជំងឺកូវីដ-១៩។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និយាយដោយឡែកសម្រាប់ខេត្តក្រចេះ ត្រូវបានយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាលក៏ដូចជាស្ថាប័នពាក់ព័ន្ធ ក្នុងការលើកទឹកចិត្តដល់សហគ្រិន បង្កើតផែនការយុទ្ធសាស្ត្រទ្រទ្រង់ដល់វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការផ្ដល់ ហិរញ្ញប្បទាន និងដៃគូចូលរួមសហការ ដោយគិតអត្រាការប្រាក់ទាបដល់សហគ្រាស ផលិត កម្មទាំងអស់ទូទាំងប្រទេស ដើម្បីពង្រឹងសមត្ថភាពសង្វាក់ផលិតកម្មឱ្យមានគុណភាព តាមលក្ខណៈស្ដង់ដារទីផ្សារអន្តរជាតិ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារដល់កម្មករ កាត់បន្ថយការធ្វើចំណាក់ស្រុក និងជំរុញវិស័យសេដ្ឋកិច្ចជាតិឱ្យមានការរីកចម្រើនជាលំដាប់៕ ដោយ ជួន សុជាតិ