ខេត្តក្រចេះ បើកសិក្ខាសាលាផ្សព្វផ្សាយ អំពីយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣

AKP ក្រចេះ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

ខេត្តក្រចេះបានបើកសិក្ខាសាលាផ្សព្វផ្សាយ អំពីយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេស ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០។

សក្ខាសិលានេះ បានធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និង លោក ប៉ែន លីណាត អភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីមន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរដែនដីផងដែរ។

លោក ប៉ែន លីណាត អភិបាលរងខេត្តបានឱ្យដឹងថា កន្លងមកក៏ដូចជាបច្ចុប្បន្ន រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើក កម្ពស់ជីវភាពរស់នៅរបស់ជនពិការតាម រយៈការអនុវត្តសកម្មភាពនានា សំដៅកាត់បន្ថយភាពក្រីក្រ លើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ បានចូលបំពេញការ ងារតាមវិស័យរដ្ឋនិងឯកជន រួមនឹងការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសុខភាពប្រកបដោយគុណភាព សមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្មកាយសម្បទា សតិបញ្ញា និងបង្កើនកិច្ចអន្តរាគមន៍ សេវាយុត្តិធម៌ ដើម្បីកាត់បន្ថយ និងឈានទៅរកការលុបបំបាត់ការរើសអើង រំលោភ បំពាន ការប្រមាថ និងការកេងប្រវ័ញ្ចពលកម្មមកលើជនមានពិការភាព។

លោក ជំទាវ ប្រាក់ ថាវៈភារី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការបានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយ អំពីយុទ្ធសាស្ត្រជាតិស្ដីពីពិការភាព ២០១៩-២០២៣ នៅខេត្តក្រចេះនាពេលនេះ គឺជាកាលានុវត្តភាពថ្មីមួយទៀតសម្រាប់ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្នុងការពង្រីក នូវចំណេះដឹងឱ្យក្លាយទៅជាការអនុវត្តប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងបន្តធ្វើការ ផ្សព្វផ្សាយ ចែករំលែកនូវបទពិសោធន៍បន្ត ទាក់ទងទៅនឹងផែនការយុទ្ធសាស្ត្រជាតិ សំដៅលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅចម្បងគឺបម្រើផលប្រយោជន៍បងប្អូនជនពិការ។

ឮលោកជំទាវបានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាការងារជាអាទិភាពមួយក្នុងវិស័យ អាទិភាពដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណអំពីការ អនុវត្តគោលនយោបាយពិការភាព តាមរយៈការបង្កើតក្របខ័ណ្ឌជាតិគាំពារសង្គម ការពង្រឹង ការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ៕ដោយ ជួន សុជាតិ