ឯកឧត្តម ឃួង ស្រង កោតសរសើរដល់កងកម្លាំងអន្តរាគមន៍ មកពីគ្រប់ភាគីពាក់ព័ន្ធ និងសប្បុរសជន ដែលបានចូលរួមជួយជនរងគ្រោះដោយជំនន់ទឹកភ្លៀង និងបញ្ហាសំរាមនៅក្នុងរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

ក្រោយពីស្ថានភាពទឹកជំនន់ស្ទឹងព្រែកត្នោត និងជំនន់ទឹកភ្លៀងបានថយជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួន បានវិលត្រឡប់ទៅកាន់លំនៅឋានវិញជាបណ្តើរៗហើយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងកោតសរសើរ និងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះកងកម្លាំងគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន ស.ស.យ .ក កាកបាទក្រហមកម្ពុជា និងសប្បុរសជនជិតឆ្ងាយ ដែលបានចូលរួមយ៉ាងសកម្ម និងដោយ ទឹកចិត្តជ្រះថ្លាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុង រាជធានីភ្នំពេញនេះ។

ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព នាព្រឹកថ្ងៃទី២២ ខែតុលា នៅសាលា រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ដោយកម្លាំងសាមគ្គី ដែលជាចលករដ៏សំខាន់បំផុត ជួយឱ្យរដ្ឋបាលរាជធានីភ្នំពេញជម្នះបាននូវឧបសគ្គដ៏ធំធេង ក្នុងការជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលរងគ្រោះដោយទឹកជំនន់ ស្ទឹងព្រែកត្នោតបានជោគជ័យ និងមិនមានប្រជាពលរដ្ឋរងគ្រោះបាត់បង់ជីវិតនោះទេ។

ឯកឧត្តមអភិបាលបានបន្តថា សមូរភូមិដ៏ស្មុគ្រស្មាញនេះ ថ្វីត្បិតតែមិនទាន់ទៅ ណាឆ្ងាយក៏ពិតមែន តែឆ្លងកាត់ពេលវេលាគ្រោះថ្នាក់មួយនេះ បានបង្ហាញយ៉ាង ច្បាស់ពីការយកចិត្តទុកដាក់ដ៏ធំធេងបំផុត ពីប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ពិសេសកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក៏ដូចជា ក្រុមអ្នកស្មគ្រចិត្ត និងសប្បុរជនទាំងក្នុង និងក្រៅប្រទេសបានចូលរួមយ៉ាងសស្រាក់សស្រាំទាំងកម្លាំងកាយចិត្ត ស្មារតី សម្ភារ និងថវិកា រួមគ្នាជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែងជួបនូវគ្រោះ ធម្មជាតិមួយនេះ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក៏បានលើកឡើងពីការទទួលបានជោគជ័យផងដែរ លើការសម្របសម្រួលជាមួយបងប្អូនកម្មករ ប្រមូលនិងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រី ដែលបានធ្វើកូដកម្ម មិនប្រមូលសំរាមជាង២សប្តាហ៍នោះ ឥឡូវនេះបងប្អូនកម្មករទាំង នោះបានចូលបម្រើការងាវិញជាធម្មតា ក្រោមការទទួលយកនូវដំណោះស្រាយដ៏គាប់ប្រសើរ និងមានការទទួលខុសត្រូវ ពីសំណាក់រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងស្ថាប័នពាក់ព័ន្ធនានាយ៉ាងច្បាស់លាស់។

ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា បន្ទាប់ពីនេះ អាជ្ញាធររាជធាពនីភ្នំពេញ នឹងរៀបចំកម្លាំងដើម្បីចុះជួយប្រជាពលរដ្ឋក្នុងការលាងជូតសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ នៅតាមតំបន់ដែលរងការលិចលង់ ដើម្បីសុខុមាលភាពប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ។ បន្តពីនេះក៏ត្រូវធ្វើសកម្មភាពជួសជុលនិងស្តារហេដ្ឋរចនាសម្ព័ន្ធ នៅតាមមូលដ្ឋានជាច្រើន ដែលរងការបំផ្លិតបំផ្លាញដោយជំនន់ទឹកភ្លៀងនៅក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ ឡើងវិញ៕ដោយ សួស សំរិត