ឯកឧត្តម វង្សី វិស្សុត ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំតុមូលប្រចាំឆ្នាំរវាងIMF ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំំតុមូលប្រចាំឆ្នាំរវាងមូនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជាមួយរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន តាមរយៈប្រព័ន្ធវីដេអូខនហ្វឺរែន (Teleconference) ដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់លើលទ្ធផលនៃការសិក្សារបស់ IMF ស្តីពី “ក្របខណ្ឌសមាហរណកម្មគោលនយោបាយ”។

ថ្លែងទៅកាន់បណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគាកណ្តាលអាស៊ាន លោកស្រី Kristalina Geogieva ប្រធានមូនិធិរូបិយវត្ថុអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ក៏ដូចលទ្ធផលល្អប្រសើររបស់ប្រទេសក្នុងសហគមន៍អាស៊ាន ក្នុងកិច្ចការប្រយុទ្ធប្រឆាំងទប់ស្កាត់ការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ខណៈដែលពិភពលោក កំពុងទទួលរងការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរពីសំណាក់ជំងឺដ៏កាចសាហាវមួយនេះ។

លោកស្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងបរិការណ៍ ដែលអាទិភាពត្រូវបានផ្តល់លើការគិតគូរលើការស្តារសេដ្ឋកិច្ចឡើងវិញ កិច្ចប្រជុំនាពេលនេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ចែករំលែកបទពិសោធន៍ និងពិភាក្សារកធាតុចូល ពីសំណាក់ប្រទេសនីមួយៗក្រោម ក្របខ័ណ្ឌសមាហរណកម្មគោលនយោបាយ ដែលត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង ឱ្យបានកាន់តែច្បាស់ ពីការប្រើប្រាស់ឧបករណ៍គោលនយោបាយរបស់ប្រទេសនីមួយៗ និងផ្តល់ជាវិធីសាស្រ្តក្នុងការវិភាគ ដើម្បីលើកកម្ពស់យន្តការសម្របសម្រួលរវាង គោលនយោបាយរូបិយវត្ថុ និងគោលនយោបាយសារពើពន្ធ និងដើម្បីជាមូលដ្ឋានសម្រេចចិត្តជ្រើសរើសកញ្ចប់គោលនយោបាយចម្រុះសមស្របមួយ ប្រកបដោយថាមវន្ត ភាពប្រទាក់ក្រឡា ប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ក្នុងគោលដៅគ្រប់គ្រងការប្រែប្រួលនៃលំហូរមូលធន និងរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងជាពិសេសពន្លឿននូវការងើបឡើងវិញនៃសេដ្ឋកិច្ចជារួមក្រោយឥទ្ធពលនៃជំងឺកូវីដ-១៩ ត្រូវបានថមថយ និងបញ្ចប់ទៅជាស្ថាពរ។

\សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ក្នុងការគ្រប់គ្រងស្ថានការណ៍ ក្នុងកិច្ចការពារទប់ស្កាត់ការចម្លងក្នុងសហគមន៍និងករណីឆ្លងមកពីក្រៅប្រទេស តាមរយៈវិធានការតឹងរឹងនានា។

គិតត្រឹមថ្ងៃទី២២ ខែតុលា ប្រទេសកម្ពុជារកឃើញករណីឆ្លងចំនួន ២៨៦ នាក់ ក្នុងនោះ មាន ២៨០ នាក់បានជាសះស្បើយ។ ទោះបីជាកញ្ចុំនៃករណីឆ្លងជំងឺកូវីដ-១៩ ត្រូវគ្រប់គ្រងបានយ៉ាងល្អប្រសើរ ក៏ដោយ ការរាតត្បាតជាសកលនេះ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកនាំកំណើន របស់កម្ពុជា ក្នុងនោះមាន៖ វិស័យកាត់ដេរ, វិស័យទេសចរណ៍, និងវិស័យសំណង់និងអចលនទ្រព្យ ដោយឡែកនៅសល់តែវិស័យកសិកម្មមួយ ប៉ុណ្ណោះដែលនៅតែជាវិស័យដែលមានសក្តានុពល សម្រាប់យកមកទប់ទល់ការប៉ះទង្គិច និងគាំទ្របន្ថែមដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។

ជាងនេះទៀត, វិស័យហិរញ្ញវត្ថុក៏កាន់តែរងសម្ពាធធ្ងន់ទៅៗ ហើយកាន់តែផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពប្រជាជនទូទៅ និងវិស័យឯកជន ខណៈដែលវិស័យសារពើពន្ធក៏កំពុងរងនូវបន្ទុកកាន់តែធ្ងន់ដោយសារ ម្ខាងចំណូលជាតិត្រូវរពឹងថានឹងធ្លាក់ចុះ និងដោយសារម្ខាងទៀត តម្រូវការចំណាយក៏កាន់តែកើនឡើង។

ជាវិធានការឆ្លើយតប រាជរដ្ឋាភិបាលកម្ពុជាបានធ្វើវិចារណកម្មថវិកាមិនចាំបាច់ ដោយសន្សំបានថវិកាជាតិ បានប្រមាណ ១ ប៊ីលានដុល្លារ ដើម្បីកៀរគរជាធនធានសម្រាប់ប្រើប្រាស់លើការងារអាទិភាព ក្នុងនោះមានមុខសញ្ញាចំណាយ ជាកញ្ចប់អន្តរាគមន៍ជំងឺកូវីដ-១៩ ដែលមានទំហំទឹកប្រាក់ ១,១៦៤ ប៊ីលានដុល្លារ សម្រាប់ផ្តោតលើ សកម្មភាពការងារក្រោមអភិក្រមមុខ៤ ក្នុងនោះមាន៖១ .​ថវិកាដើម្បីប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ-១៩, ២. ថវិកាសម្រាប់ដោះស្រាយការប៉ះទង្គិចផែ្នកសេដ្ឋកិច្ច និងសង្គមកិច្ច ដោយផ្តល់ជំនួយសង្គ្រោះបន្ទាន់ទៅដល់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធានាថា គ្មានពលរដ្ឋណាម្នាក់ដាច់ពោះស្លាប់, ៣. ថវិកាសម្រាប់រក្សាភាពធននៃសេដ្ឋកិច្ចក្នុងស្រុកទល់នឹងវិបត្តិជំងឺកូវីដ-១៩នេះ ហើយត្រៀមព្រួលសេដ្ឋកិច្ច ដើម្បីងើបឡើងវិញក្រោយចប់កូវីដ-១៩។

និង៤. ថវិកាសម្រាប់ធានានិងរក្សាស្ថិរភាពនិងសន្តិសុខនៅក្នុងសង្គម។
ផ្អែកលើអភិក្រមខាងលើ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន ០៦ ជុំ ដោយគ្របដណ្តប់លើអន្តរវិស័យមានដូចជា៖ ១. វិធានការសារពើពន្ធដូចជា ការលើកទឹកចិត្ត និងការលើកលែងផ្នែកពន្ធ, ២.  វិធានការហិរញ្ញវត្ថុ មានដូចជាយន្តការ សហហិរញ្ញប្បទាន និងការចែករំលែកហានិភ័យ ការបង្កើតមូនិធិធានាឥណទាន ក៏ដូចជាឧបករណ៍ហិរញ្ញប្បទានដទៃទៀត, ៣.  វិធានការជំនួយសង្គម មានការផ្ទេរសាច់ប្រាក់ទៅកាន់ជនក្រីក្រ និងក្រុមងាយរងគ្រោះ កម្មវិធីសាច់ប្រាក់ពលកម្ម ក៏ដូចជាផ្តល់ការបណ្តុះ- បណ្តាល និងបណ្តុះបណ្តាលឡើងវិញសម្រាប់អ្នកបាត់បង់ការងារ និង ៤.  វិធានការកែទម្រង់រចនាសម្ព័ន្ធ ដែលជាការប្តេជ្ញារយៈពេលវែង មានដូចជា ការបន្តលើកកម្ពស់ការសម្របសម្រួលពាណិជ្ជកម្ម និងបរិយាកាសវិនិយោគ៕

ដោយៈ គង់ សិរីរ័ត្ន