ក្រុមណាហ្គាវើលដ៍ ឡើងប្រជែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នំា២០២០–

ក្រុមណាហ្គាវើលដ៍បានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៤ រដូវកាល ២០២០ បន្ទាប់ពីបានយកឈ្នះលើគូប្រកួតរបស់ខ្លួន ក្រុមភ្នំពេញក្រោន ដោយលទ្ធផលទាត់បាល់១១ម៉ែត្រកាត់សេចក្តី ៣ទល់១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិជាតិអូឡាំពិក។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមណាហ្គាវើលដ៍ និងភ្នំពេញក្រោន រក្សា លទ្ធផលស្មើគ្នា ០ទល់០ នៅក្នុងការប្រកួតពេញម៉ោង ៩០នាទី ហើយក្រុមទាំងពីរត្រូវបានកាត់សេចក្តីដោយបាល់១១ម៉ែត្រកាត់សេចក្តី ដោយណាហ្គាវើលដ៍ធ្វើសម្រេចលើភ្នំពេញក្រោន ៣ទល់១។ ក្នុងការទាត់បាល់១១ម៉ែត្រកាត់សេចក្ដី កីឡាករ គួច សុកុម្ភៈ, សុះ ស៊ូហាណា និងឡេង មករា រកគ្រាប់បាល់បញ្ចូលទីឱ្យណាហ្គាវើលដ៍បានសម្រេច ខណៈកីឡាករ ជួន ចាន់ចាវ តែម្នាក់គត់ដែលទាត់បញ្ចូលទីបានសម្រេចជូនក្រុមភ្នំពេញក្រោន។

នេះជាលើកទីពីរជាប់ៗគ្នាដែលក្រុមភ្នំពេញក្រោន ធ្លាក់នៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រដោយបាល់១១ម៉ែត្រ កាលពីរដូវកាល២០១៩ចាញ់ព្រះខ័នរាជស្វាយរៀង និងរដូវកាល ២០២០នេះចាញ់ណាហ្គាវើលដ៍។ ចំណែកណាហ្គាវើលដ៍ ឡើងវគ្គផ្ដាច់ព្រ័ត្រសាជាថ្មី ក្រោយខកខានតាំង ពីឆ្នាំ២០១៧ ដែលកាលណោះក្រុមនេះចាញ់ព្រះខ័នរាជស្វាយរៀង។

ដូច្នេះក្រុមជ័យជម្នះ ណាហ្គាវើលដ៍ បានឡើងទៅប្រកួតនៅវគ្គផ្តាច់ព្រ័ត្រប្រជែងម្ចាស់ជើងឯក ដោយរង់ចាំមើលថាតើក្រុមខេត្តព្រៃវែង ឬក្រុមវិសាខា ជាអ្នកឈ្នះការប្រកួតដ៏សំខាន់មួយនេះ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា នាវេលាម៉ោង៦ល្ងាច ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដូចៗគ្នា។

សូមបញ្ជាក់ថា សម្រាប់២ក្រុម ដែលត្រូវប្រជែងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នេះ គឺវិសាខា ដែលជាក្រុមចំណាត់ថ្នាក់លេខ៣ កាលពីរដូវកាល ២០១៩ ស្របពេលដែលក្រុមជម្រើសខេត្តព្រៃវែង គឺជាក្រុមខ្លាំងលេខធ្លោ និងជាម្ចាស់ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២០ ហើយបានឡើងប្រកួតថ្នាក់ជាតិដោយបានទម្លាក់ក្រុមខ្លាំងៗ ដែលស្ថិតក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា គឺក្រុមអង្គរថាយហ្គឺរ និងក្រុមកងយោធពលខេរមភូមិន្ទ (ក្រុមទ័ព) នៅវគ្គជម្រុះជាបន្តបន្ទាប់កាលពីពេលកន្លងទៅ នៅវគ្គ១៦ក្រុម និងវគ្គ៨ក្រុមចុងក្រោយ ក្នុងរដូវកាល ២០២០នេះ៕

ដោយ ហេងណាលីន