WWF រកឃើញថា ផ្សោតបានចាកចេញពីអន្លង់មួយចំនួន ដែលវាធ្លាប់រស់នៅ ដោយមិនដឹងមូលហេតុច្បាស់លាស់

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

លោក សេង ទៀក នាយកអង្គការWWFបានឱ្យដឹងថា ផ្សោតបានចាកចេញពីអន្លង់មួយចំនួនដែលវាធ្លាប់រស់នៅដោយមិនដឹងមូលហេតុច្បាស់លាស់។ ទន្ទឹមនឹងនេះ ចំនួនផ្សោត២៥ក្បាលក្នុងចំណោមផ្សោត៨៩ក្បាលដែលបានរកឃើញក្នុងឆ្នាំ២០២០នេះក៏មិនដឹងចុះតាមទឹកទៅដល់ទីណាដែរ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បច្ចេកទេសអំពី«ការសិក្សាលើចំនួនសរុបនៃសត្វផ្សោតទន្លេមេគង្គឆ្នាំ២០២០»ដែលមានការចូលរួមពីមន្ត្រីរដ្ឋបាលជលផល មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទនិងខណ្ឌរដ្ឋបាលខេត្តក្រចេះនិងស្ទឹងត្រែង និងអង្គការដៃគូពាក់ព័ន្ធ នាព្រឹកថ្ងៃទី២២ខែតុលាឆ្នាំ២០២០នេះនៅរដ្ឋបាលជលផល លោក សេង ទៀក បានបញ្ជាក់ថា«អន្លង់ផ្សោតដែលធ្លាប់ប្រើទាំងអស់៩ចាប់ពីអន្លង់កាំពីរហូតដល់ទល់ដែនឡាវដែលផ្សោតធ្លាប់ប្រើ២០ឆ្នាំកន្លងមក។ក្នុងការសិក្សាអន្លង់៦នៅក្នុង៩នោះគឺផ្សោតអត់បានប្រើ ដូចជា អន្លង់កន្ទុយកោះរងាវ អន្លង់កោះផ្តៅ អន្លង់ខ្សាច់ម្កាក់ អន្លង់ត្បូងខ្លា អន្លង់សៀមបូក និងអន្លង់សំប៉ាន អត់មានសត្វផ្សោតទៀតទេ»។

លោក សេង ទៀក បានឱ្យដឹងទៀតថា ក្រុមការងាររដ្ឋបាលជលផល និងអង្គការដៃគូកំពុងតែតាមដានអំពីការបម្លាស់ទីរបស់ផ្សោតដើម្បីរកន្លែងដែលវាទៅរស់នៅថ្មី ខណៈបច្ចុប្បន្ន មានតែអន្លង់បីប៉ុណ្ណោះដែលមានផ្សោតរស់នៅគឺ អន្លង់កាំពី អន្លង់កាងកូនសត្វ និងអន្លង់ឈើទាល។

លោក នាយកអង្គការរូបនេះបានបន្ថែមថា ដោយឡែកផ្សោត២៥ក្បាល ដែលបានកត់ត្រាតាំងពីឆ្នាំ២០១៧មកក៏រកមិនទាន់ឃើញដែរក្នុងឆ្នាំ២០២០នេះ លោក បានដាក់ការសនិដ្ឋានថា ប្រហែលវាចល័តទៅតាមទន្លេតូចៗដែលបែកខ្នែងចេញពីទន្លេមេគង្គ ព្រោះការសិក្សាកន្លងមកនេះធ្វើតែលើតួទន្លេមេតែប៉ុណ្ណោះ។

តាមការសិក្សាកន្លងមកក៏ធ្លាប់រកឃើញថា ផ្សោតមួយចំនួនបានចុះដល់មុខក្រុងក្រចេះ ហើយមួយចំនួនទៀត ដល់ព្រែកតាមាក់ក្នុងទឹកដីខេត្តកណ្តាលក៏មាន  ដែលករណីទាំងអស់នេះនៅ តែជាសំណួរនៅឡើយដែលអ្នកអភិរក្សកំពុងមានការងឿងឆ្ងល់ថា ហេតុអ្វីផ្សោតផ្លាស់ប្តូរទីកន្លែង។

ទោះបីផ្សោតមានការផ្លាស់ប្តូរទីលំនៅ ប៉ុន្តែចំនួនសត្វផ្សោតមិនធ្លាក់ចុះទេ។នេះបើតាមអ្នកស្រាវជ្រាវ បានកត់ត្រាចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០នេះ មានចំនួនប្រមាណ៨៩ក្បាល គឺជាសញ្ញាវិជ្ជមានក្នុងការស្តារឡើងវិញនូវផ្សោតទន្លេមេគង្គ។

បើតាម អង្គការWWF សត្វផ្សោតទន្លេមេគង្គទាំង៨៩ក្បាលកំពុងប្រឈមនឹងការគំរាមកំហែងជាច្រើន ដូចជា ការទាក់ជាប់ទៅនឹងមងនេសាទនៅក្នុងតំបន់គ្រប់គ្រងនិងការពារសត្វ សកម្មភាពនេសាទខុសច្បាប់ដោយប្រើ ឧបករណ៍ឆក់ នុយនេសាទដែលមានជាតិពុល និងការនេសាទហួសកម្រិត អាស្រ័យដោយកំណើនប្រជាជន និងទំបន់វារីអគ្គិសនីនៅចរន្តទឹកខាងលើ៕

ដោយៈ គង់ សិរីរ័ត្ន, រូបថតៈ ឯល វឌ្ឍនៈ