ឯកឧត្តម ជាម ហ៊ីម នាំយកអំណោយចែកជូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង

AKP ព្រះសីហនុ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ឯកឧត្ដម ជាម ហ៊ីម អនុប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្តព្រះសីហនុ រួមដំណើរជាមួយសមាគមនិស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា (អ.ម.ត) ដឹកនាំដោយលោក ស៊ាង ឡេង ព្រមទាំងឯកឧត្តម លោកជំទាវ លោកឧកញ៉ា អនុប្រធានកិត្តិយសសាខាសមាជិក សមាជិកា គណៈកម្មាធិការសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទ ក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងចំនួន ៣៧គ្រួសារ នៅសង្កាត់១ ក្រុង ខេត្តព្រះសីហនុ។

ឯកឧត្តម ជាម ហ៊ីម អនុប្រធាន កិត្តិយសសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ថែរក្សាសុខភាពរបស់ខ្លួន ចៀសផុតពីជំងឺផ្សេងៗដែលបណ្តាលមកពីការខ្វះអនាម័យ ជាពិសេសត្រូវប្រយ័ត្នក្មេងតូចៗ។

ឯកឧត្តមបន្តថា នេះជាអំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានពីការចូលរួម ឧបត្ថម្ភគាំទ្រពីសប្បុរសជន និងអាជ្ញាធរគ្រប់លំ ដាប់ថ្នាក់ជួយដល់ប្រជាពលរដ្ឋរងគ្រោះទឹក ជំនន់ និងគ្រោះធម្មជាតិនានា “ទីណាមានទុក្ខលំបាក ទីនោះតែងតែមានកាកបាទក្រហម” ។

ឯកឧត្តមអនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត បានពាំនាំការផ្ដាំផ្ញើសាកសួរ សុខទុក្ខពីសម្តេចនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីន្លែង ដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណា យើងត្រូវជួយ សង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

អំណោយដែលចែកជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅសង្កាត់១ ដោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខកំប៉ុង ១យួរ ទឹកស៊ីអ៊ីវ ១យួរ សាប៊ូ ១ដុំ ឃីតមួយកញ្ចប់ (ភួយ១ មុង១ ក្រមា១ សារុង១) និងថវិកា ៥០,០០០រៀល៕ ដោយ ងូ សុមុនី