សម្ដេចតេជោ ហ៊ុន សែន៖ នយោបាយឈ្នះ ឈ្នះជាឱសថទិព្វ ដែលធ្វើឱ្យសង្គ្រាមដែលកើតមានរាប់រយឆ្នាំពីពេលមុននៅកម្ពុជាបានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨

AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០–

ក្នុងខណៈដែលខួប២៩ឆ្នាំ (២៣តុលា ១៩៩១-២៣តុលា ២០២០) នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា នយោបាយឈ្នះ ឈ្នះ ជាឱសថទិព្វ ដែលធ្វើឱ្យកម្ពុជាដែលមានសង្គ្រាមមិនចេះចប់ មិនចេះហើយរាប់រយឆ្នាំ បានបញ្ចប់ទាំងស្រុងនៅឆ្នាំ១៩៩៨ ដែលឥឡូវកម្ពុជាបានយកថ្ងៃទី ២៩ ខែធ្នូជារៀងរាល់ឆ្នាំ ធ្វើជាពិធីរម្លឹកនៃការបញ្ចប់សង្គ្រាម និងការឯកភាពទឹកដីជាលើកដំបូងនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់របស់កម្ពុជា។

ក្នុងបេសកកម្មថ្ងៃទីពីរ នៃការចុះសាកសួរសុខទុក្ខ និងផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥ ០០០គ្រួសារ នៅភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នតំបន់អតីតសរភូមិប្រយុទ្ធគ្នាទាំងអស់ បានក្លាយជាតំបន់អភិវឌ្ឍន៍។ ប៉ុន្តែគ្រោះទឹកជំនន់វាជារឿងមួយផ្សេង វាមកបំផ្លាញការអភិវឌ្ឍរបស់កម្ពុជា ហើយវាមិនត្រឹមតែបំផ្លាញកម្ពុជាដែលជាប្រទេសក្រីក្រនោះទេ សូម្បីតែទីក្រុងធំៗរបស់បណ្ដាប្រទេសមួយចំនួន ក៏ត្រូវទឹកជំនន់វាយលុកនិងខូចខាតផងដែរ។

សម្ដេចតេជោបន្តថា បន្ទាប់ពីបញ្ចប់សង្គ្រាម រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលដៅធំពីរ គឺទីមួយ ប្រែក្លាយតំបន់អតីតសមរភូមិប្រយុទ្ធទាំងអស់ ឱ្យទៅជាទីផ្សារ និងតំបន់អភិវឌ្ឍន៍ ដែលបច្ចុប្បន្ននៅសល់តិចតួចណាស់ដែលមិនទាន់អភិវឌ្ឍន៍ ដោយសារតំបន់នោះនៅសេសសល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។

ឯគោលដៅទីពីរ គឺប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំអស់ ឱ្យទៅជាព្រំដែន មិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។ ដូច្នេះហើយបានជាព្រំដែនរបស់យើង ជាមួយប្រទេសថៃ វៀតណាម និងឡាវ រកស៊ីជាមួយគ្នា ដោយទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ មានប្រមាណជាង៧ពាន់លានដុល្លារអាម៉េរិក ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម មានប្រមាណជាង៥ពាន់លានដុល្លារអាម៉េរិក ហើយបើទោះបីបច្ចុប្បន្នមានជំងឺកូវីដ-១៩ ដែលធ្វើឱ្យការឆ្លងកាត់ទៅមករកគ្នាជួបការលំបាក ប៉ុន្តែចរាចរទំនិញនៅធម្មតា។ សម្ដេចតេជោបានថ្លែងសង្កត់ធ្ងន់ថា បច្ចុប្បន្នបើទោះបីជាយើងលំបាក ដោយសារកូវីដ-១៩ និងទឹកជំនន់ ក៏ប៉ុន្តែអ្វីដែលយើងប្រាកដគឺពុំមានការស្លាប់ដោយសារគ្រាប់កាំភ្លើងនោះទៀតទេ។

គួរបញ្ជាក់ដែរថា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញជួបសួរសុខទុក្ខ និងផ្តល់អំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្នុងស្រុកថ្មពួក និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យប្រមាណ១ម៉ឺនគ្រួសារជាបន្តទៀត បន្ទាប់ពីថ្ងៃទី២១ ខែតុលាឆ្នាំ២០២០ បានផ្តល់ជូនប្រជាពលពលរដ្ឋ១ម៉ឺនគ្រួសារ នៅស្រុកមង្គលបូរី។ ទន្ទឹមនេះ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមរាជធានី-ខេត្តទាំង១៩ ដែលមានការជន់លិចដោយសារជំនន់ទឹកភ្លៀងធ្ងន់ធ្ងរជាងគេ ក្នុងនោះ ក្រុង-ស្រុកចំនួន៦ របស់ខេត្តនេះ បានរងការជន់លិចធ្ងន់ធ្ងរ រួមមាន ក្រុងសេរីសោភណ ក្រុងប៉ោយប៉ែត ស្រុកមង្គលបុរី ស្រុកថ្មពួក ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ។

បើតាមរបាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ បណ្តាលឱ្យស្លាប់ពលរដ្ឋ ១៨នាក់ ធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ ២២ ១៧៨គ្រួសារ ជម្លៀសទៅទីទួលសុវត្ថិភាព ៣ ៥៤៥គ្រួសារ លិចសន្ទូង ៤៩ ៣៤៣ហិកតា លិចដំណាំផ្សេងៗ ៩ ៦៤២ហិកតា និងធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ទំនប់ទឹក និងសាលារៀនជាច្រើនកន្លែង៕ដោយ ជឹម ណារី

 

 

 

ដោយ ជឹម ណារី

សម្រួលផ្សាយ៖ កន ចំណាន