ប្រជាពលរដ្ឋ​រងគ្រោះ​បង្កដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក ទទួលបាន​អំណោយ មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា​

AKP កំពង់ធំ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០–
​នា​រសៀល​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ​កាក បាទ​ក្រហម​កម្ពុជា និង​ឯកឧត្តម សុខ លូ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ធំ និង​លោកជំទាវ ព្រមទាំង​សហការី បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​បង្កដោយ​ជំនន់​ទឹកភ្លៀង ចំនួន ២១២​គ្រួសារ នៅ​ទីតាំង​ផ្សេងៗ​គ្នា ទី​១-​នៅ​ភូមិ​វាល​ថ្នល់ (​ទួល​ចាក់​ក្រ​ញ៉ា​ញ់​) ចំនួន ១៤៣​គ្រួសារ និង ភូមិ​ព្រិច ចំនួន ៦៩​គ្រួសារ ស្ថិតនៅក្នុង​ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ បល្ល័ង្ក ខេត្តកំពង់ធំ​។

​នាឱកាស​នោះ លោកជំទាវ ពុំ ចន្ទី​នី បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ ប្រកបដោយ​មនោសញ្ចេតនា ក្តី​អាណិតអាសូរ ការស្រឡាញ់ ចែករំលែក​នូវ​ការលំបាក និង​ចូលរួម​សោកស្តាយ​យ៉ាង​ក្រៃលែង ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទទួលរង​គ្រោះ​ដោយ​ទឹកជំនន់ ដែលជា​គ្រោះធម្មជាតិ​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ ។​

​ជាមួយគ្នា​នោះ​លោកជំទាវ​អគ្គលេខាធិការ បាន​ពាំនាំ​នូវ​សារ​អំពាវនាវ​ពី​សំណាក់​ស​ម្តេ ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែល​ផ្ញើជូន​ដល់​បងប្អូន​ជនរួមជាតិ​៖ ១. សូម​ក្រុមគ្រួសារ​ដែលមាន​កូនចៅ​តូចៗ កុំ​បណ្តែតបណ្តោយ​ឱ្យ​លេង​ទឹក ពីព្រោះ​វា​អាច​បណ្តាលឱ្យ​បាត់បង់​ជីវិត ដោយសារ​លង់ទឹក​បាន​។ ដូចនេះ​ត្រូវការពារ​ពួកគេ​ឱ្យបាន​ល្អ ចៀសវាង​មាន​វិប្បដិសារី​នៅពេល​បាត់បង់​សមាជិកគ្រួសារ​ដោយសារ​ការធ្វេសប្រហែស​នេះ​។ ២. សូម​គិតគូរ និង​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យបាន​ល្អ និង​រក្សា​អនាម័យ ព្រោះ​សុខ​ភាពជា​កត្តា​ចម្បង​សម្រាប់​យើង​គ្រប់គ្នា​។ ដូច្នេះ​សូម​គ្រប់​ក្រុមគ្រួសារ​ត្រូវ​បរិភោគ​ទឹក​ដាំ​ឆ្អិន​ល្អ ដើម្បី​ការពារ​កុំឱ្យ​កើតមាន​ជំងឺ​រាគរូស ឬ​ជំងឺ​ផ្សេង​នានា ដែល​ធ្វើឱ្យ​ខាតបង់​ពេលវេលា និង​ថវិកា​ក្នុងការ​ព្យាបាល​ជំងឺ​។ ៣. នៅពេល​ទឹក​ស្រក មុនពេល​ត្រឡប់​ទៅ​រស់នៅ​លំនៅឋាន​វិញ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត មាន​អនាម័យ និង​ត្រូវ​ប្រុងប្រយ័ត្ន​ពីស​ត្វ​អាសិរពិស​ដែល​វា​បាន​ទៅ​រស់​នៅតាម​ដំបូលផ្ទះ ឬ​កន្លែង​ផ្សេងៗ​ក្នុងផ្ទះ​របស់​យើង ដែល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ហើយ​សូម​បន្ត​ប្រកប​របរ​ចិញ្ចឹមជីវិត​ដើម្បី​ស្តារ​សេដ្ឋកិច្ច​គ្រួសារ​ឡើងវិញ​។ ៤. សូម​បន្ត​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​នឹង​សាប៊ូ និង​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច ដោយ​អនុវត្តន៍​តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល និង​ទម្លាប់​រស់នៅ​តាមបែប​គ​ន្ល​ង​ថ្មី​។​

​ជាមួយគ្នា​នោះដែរ​ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ក្រោយពី​បានទទួល​ដំណឹង​ពី​លោក​មេឃុំ​ថា បងប្អូន​មានការ​លិចលង់​ភ្លាម ឯកឧត្តម​បាន​ចាត់​ឱ្យ​លោក​អភិបាលស្រុក​រៀបចំ​បញ្ជី​ឈ្មោះ​ដើម្បី​នាំយក​អំណោយ​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ដោយ​មិន​ទុកឱ្យ​បងប្អូន​ណា​ម្នាក់​អត់​ស្បៀងអាហារ​ហូប​នោះទេ ។ ទីណា​មានទុក្ខ​លំបាក ទីនោះ​តែងតែមាន​កាកបាទក្រហម​ចុះជួយ​ជានិច្ច ទោះបី​ស្ថិតនៅក្នុង​ស្ថានភាព​លំបាក​យ៉ាងណាក៏ដោយ​។ បន្ថែម​ពីនេះ​ទៀត សូម​ប្រជាពលរដ្ឋ​ទាំងអស់ រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​រាល់ពេល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​ចៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សូមបញ្ជាក់ថា គ្រួសារ​រងគ្រោះ​នីមួយៗ​ទទួលបាន​៖ អង្ករ ៣០​គីឡូក្រាម​, មី ១​កេស​, ត្រីខ ១០​កំប៉ុង​, ទឹកស៊ីអ៊ីវ ៦​ដប និង​ឃី​ត​១​កញ្ចប់ (​មុង​១, ភួយ​១, សារុង​១, ក្រមា​១ និង​អាវយឺត​ចំនួន​២)៕​ដោយ៖ ស៊ុម វណ្ណា សម្រួលផ្សាយដោយ៖ ធូ កុសល​