អភិបាលខេត្ត​កំពង់ធំ នាំយក​អំណោយ​សម្តេច​តេ​ជោ ចែកជូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​ដែល​ទទួលរង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​ប្រាសាទ​បល្ល័ង្ក​

AKP កំពង់ធំ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០–
​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ និង​ឯកឧត្តម ឃឹ​ង នុ​ភាព តំណាងរាស្ត្រ​ខេត្តកំពង់ធំ បាន​នាំយក​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ចែកជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​ចំនួន ២៤៧​គ្រួសារ ដែល​កំពុងតែ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង នៅ​ភូមិ​ត្រពាំង​ព្រីង ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ នា​ព្រឹក​ថ្ងៃ​៥​កើត ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​ស្រុក ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព រួមទាំង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ផងដែរ​។

​ក្នុង​ពិធី​នោះ​ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ដែល​បាន​ប្រឹងប្រែង​អស់ពី​កម្លាំងចិត្ត​កម្លាំងកាយ ជួយ​ជញ្ជូន​សម្ភារ និង​ស្បៀងអាហារ ចម្លង​ទឹកស្ទឹង ទៅដល់​គោលដៅ​ចែក​អំណោយ​ដោយ​សុវត្ថិភាព ទោះ​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ប្រកប ដោយ​សែន​លំបាក ដោយសារ​ទឹកជំនន់​កាត់​ផ្លូវ​ថ្នាល់ ស្ពាន ចាំបាច់​ត្រូវ​លី​អំណោយ​ឆ្លង​កាត់ទឹក​ហូរ​ខ្មួលខ្មាញ់​ជាច្រើន​កន្លែង​ក៏ដោយ ក៏​យើង​បាន​ប្រើប្រាស់​នូវ​មធ្យោបាយ​គោយន្ត កាណូត និង​កម្លាំង​ថ្មើរជើង​។ ទន្ទឹមនឹងនោះ​ឯកឧត្តម សុខ លូ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពល រដ្ឋ សូម​សម្អាតផ្ទះ ឬ​បរិស្ថាន​ជុំវិញ​ផ្ទះ​ឱ្យបាន​ស្អាត ដេក​ក្នុង​មុង ហូប​ស្អាត ផឹកទឹក​ដាំ​ពុះ និង​ត្រូវ​ប្រុងប្រយ័ត្ន​ពីស​ត្វ​អាសិរពិស​ដែល​វា​បាន​ទៅ​រស់​នៅតាម​ដំបូលផ្ទះ ឬ​កន្លែង​ផ្សេងៗ​ក្នុងផ្ទះ​របស់​យើង ដែល​ពួកវា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត ។​

​ឯកឧត្តម​អភិបាលខេត្ត បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ជូន​បងប្អូន​ប្រជាព​រដ្ឋ ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​គិតគូរ ចំពោះ​ចំពោះមុខ សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ខណៈពេលដែល​ទទួលរ​ង​គ្រោះ​ដោយ សារ​ទឹកជំនន់ រួមទាំង​បាន​ចាត់​ក្រុមការងារ​ថ្នាក់​ខេត្ត ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ រួមទាំង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ចុះជួយ​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​នៅតាម​មូលដ្ឋាន​ដោយ​មិន​ទុកឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ណា​រងគ្រោះ​អត់​អាហារ​ដោយ​មិនបាន​ដឹងឮ​ពី​អាជ្ញាធរ​នោះឡើយ​៕​ដោយ​៖ ស៊ុម វណ្ណា សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​