វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ នៅ​ស្រុក​ទឹកផុស​

AKP កំពង់ឆ្នាំង ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០– វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង ឆ្នាំ​២០២០ បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាស្រុក​ទឹកផុស ក្រោម​អធិបតីភាព​ឯកឧត្តម ឡុង ឈុន​ឡៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង និង ឯកឧត្តម អម សុភា អភិបាលរង​ខេត្តកំពង់ឆ្នាំង ។​

​វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​លៀង ជុំ​សុ​បិ​ន្ត នាយករង​រដ្ឋបាល​សាលាខេត្ត លោកនាយក​ទីចាត់ការ​សាលាខេត្ត លោក លោកស្រី​ជា​ប្រធាន​មន្ទីរ អង្គ​ភា​ជុំវិញ​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ស្រុក អភិបាលរង​ស្រុក មេឃុំ មេភូមិ តំណាង​ប្រជាពលរដ្ឋ និង​សហគមន៍​ផងដែរ​។​
​ឯកឧត្តម ឡុង ឈុន​ឡៃ បាន​មានប្រសាសន៍ថា ការរៀបចំ​ឱ្យមាន​វេទិកា​នេះ​ឡើង​ដើម្បី​ប្រមូល​ព័ត៌មាន​ស្ដីពី​តម្រូវ​ការចាំបាច់​នានា និង បញ្ហា​ប្រឈម​មូលដ្ឋាន​ដើម្បី​ដាក់​វិធានការ ឆ្លើយតប​ក្នុងការ​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋ​មួយចំនួន ដែលជា​កង្វះខាត​របស់​អាជ្ញាធរ​ដែនដី​ក្នុងការ​បម្រើ​ប្រជាពលរដ្ឋ​នាពេល​កន្លងមក ។

​ឯកឧត្តម​បានលើកឡើង​ថា ប្រធានបទ​សំខាន់ៗ​ដែល​អង្គ​វេទិកា​បាន​លើក​យកមក​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​នាពេល នេះ​ដូចជា ការអនុវត្ត​ភូមិ ឃុំ​មាន​សុវត្ថិភាព ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​។
​ឯកឧត្តម បាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ម​ន្ត្រី​ជំនាញ​គ្រប់​អង្គភាព មន្ទីរជំនាញ​ក្នុង​ខេត្ត និង អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​កន្លងមកនេះ បាន​យកចិត្តទុកដាក់​ក្នុងការ​បំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឱ្យ​ស្រុក​នៅ​ទូទាំង​ខេត្តកំពង់ឆ្នាំង កាន់តែ​ទទួលបាន​ការរីកចម្រើន​ជា​បន្តបន្ទាប់ ។ វេទិកា​នា​ថ្ងៃនេះ គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​អំពី​សកម្មភាព​នៃ​ការអនុវត្ត​របស់​មន្ត្រី​រាជា​ការ មន្ត្រី​ជំនាញ​ទាំង​ភាព​វិជ្ជមាន​និង​អវិជ្ជមាន ដើម្បី​កែលម្អ​រាល់​បញ្ហា​អសកម្ម ដើម្បីឱ្យ​ក្នុង​មូលដ្ឋាន​នានា​កាន់តែ​មានការ​អភិវឌ្ឍ​។​

​ឯកឧត្តម បាន​ជំរុញ​ឱ្យ​មន្ទីរជំនាញ​ពាក់ព័ន្ធ និង អាជ្ញាធរ​គ្រប់​មូលដ្ឋាន​ត្រូវ​សហការគ្នា​ឱ្យបាន​ជិតស្និទ្ធ​ចូលរួម​ដោះស្រាយ​ការលំបាក​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន និង​ការផ្តល់​សេវាសាធារណៈ​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។ សូម​បន្ត​ផ្សព្វផ្សាយ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្តទៀត​និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ត្រឹមត្រូវ​និង​អនុវត្តន៍​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធាន​ការបង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ COVID-១៩ កុំឱ្យ​កើត​ក្នុង​គ្រួសារ និង នៅក្នុង​សហគមន៍​របស់​យើង ។

​ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ជំរុញ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ ក្នុង​ដែន​សមត្ថកិច្ច​ទទួលខុស​ត្រូវ​របស់ខ្លួន​។ ចំពោះ​សំណូមពរ និង​សំណួរ​ដែល​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​បានលើកឡើង​ក្នុង​អង្គ​វេទិកា​នេះ មន្ទីរជំនាញ​ពាក់ព័ន្ធ​ធ្វើការ​ដោះស្រាយ និង​បន្ត​ដោះស្រាយ​ឱ្យ​រួចរាល់ ក្នុងនោះ​មាន​វិស័យ​ធនធានទឹក​, អភិវឌ្ឍន៍ជនបទ​, រ៉ែ​និង​ថាមពល​, កសិកម្ម​, បរិស្ថាន​និង​សណ្តាប់ធ្នាប់​សាធារណៈ​៕​ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​