ក្រសួងបរិស្ថាន បើក​សិក្ខាសាលា​ស្តីពី ជម្រើស​ចាំបាច់​សម្រាប់​ជីវភាព​សហគមន៍​ក្នុងអំឡុង និង​ក្រោយពេល​កូ​វីដ​-១៩

AKP ភ្នំពេញ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០–​លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួង​បរិ ស្ថាន នៅ​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សិក្ខាសាលា​ស្តីពី «​ជម្រើស​ចាំបាច់​សម្រាប់​ជីវភាព​សហគមន៍​ក្នុងអំឡុង និង​ក្រោយពេល​កូ​វីដ​-១៩» ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន គណៈកម្មការ​បណ្តាញ​សហគមន៍ ។​

​ឯកឧត្តម ខៀវ បូ​រិ​ន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួង​បរិ ស្ថាន បានឱ្យដឹងថា អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ជា​សេនាធិការ​របស់​ក្រសួង​បរិ ស្ថាន បាន និង​កំពុង​ដើរតួនាទី​ស្នូល​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ និង​លើកកម្ពស់​ជីវភាព​ប្រជា​សហគមន៍​មូលដ្ឋាន ក៏ដូចជា​ក្នុងការ​ចូលរួម​អភិរក្ស​តំបន់​បេតិកភណ្ឌ​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ធម្មជាតិ និង​ការអភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់ការពារធម្មជាតិ ដើម្បី​ចូលរួម​អភិរក្ស​ធនធានធម្មជាតិ និង​ការប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព​។

​ក្នុងឱកាស​នោះ លោកជំទាវ ម៉ុម ថា​នី មានប្រសាសន៍ថា ការចូលរួម​របស់​ស​ហគ​មន៍​មូលដ្ឋាន គឺជា​ធាតុ​មួយ​យ៉ាងសំខាន់ និង​មិនអាច​ខ្វះ​បាន ក្នុងការ​ការពារ និង​អភិរក្ស​ធន ធាន​ធម្មជាតិ ក៏ដូចជា​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​។ យ៉ាងណាមិញ ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ គឺ​ចាំបាច់ និង​តម្រូវឱ្យមាន​ការចូលរួម​ពី​សំណាក់​សហគមន៍​មូលដ្ឋាន​ផងដែរ​។ ពី ព្រោះថា ពួកគាត់​បានរស់នៅ​ក្បែ​រ និង​ក្នុង​តំបន់ការពារធម្មជាតិ ព្រមទាំង​បាននិងកំពុង​ប្រើប្រាស់​ធនធានធម្មជាតិ សម្រាប់​បំពេញតម្រូវការ​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។ ឈរ​នៅ លើ​ទស្សនៈ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​នូវ​គោលនយោបាយ​វិមជ្ឈការ និង​វិសហមជ្ឈការ ព្រមទាំង​លិខិតបទដ្ឋាន​គតិយុត្ត ដើម្បី​គាំទ្រ ជំរុញ និង​លើកទឹកចិត្ត​ឱ្យមាន​ការចូលរួម​ពី​សាធារណជន​ទូទៅ និង​សហគមន៍​មូលដ្ឋាន ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ តាមរយៈ​ការរៀបចំ​បង្កើតជា​សហ​គម​ន៍​នេសាទ សហគមន៍​ព្រៃឈើ និង​សហគមន៍​តំបន់ការពារធម្មជាតិ ដែលជា​យុទ្ធសាស្ត្រ​សមស្រប សំដៅ​ធានាបាន​នូវ​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន ប្រកបដោយ​កាលានុវត្តភាព និង​ដោយ​ចីរភាព​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​បញ្ជាក់ថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅលើ​ពិភពលោក និង​ប្រទេស​កម្ពុជា​ធ្វើឱ្យប៉ះពាល់​ផ្ទាល់​ដល់​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម រោងចក្រ​កាត់ដេរ សំណង់ សេវាកម្ម ហិរញ្ញវត្ថុ កសិកម្ម អប់រំ សុខាភិបាល​។​ល​។ ដែល​ធ្វើ ឱ្យមាន​ការបាត់​បង់កា​រងារ និង​ប្រាក់ចំណូល និង​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​មូលដ្ឋាន​។ ជាការ​ឆ្លើយតប រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​បង្កើត​នូវ​គណៈកម្មការ​ជាតិ គណៈកម្មការ​អន្តរក្រសួង និង​គណៈកម្មការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ រាជធានី​-​ខេត្ត ដើម្បី​ជា​យន្តការ​ដឹកនាំ សម្របសម្រួល កំណត់​គោលនយោបាយ យុទ្ធសាស្ត្រ និង​បច្ចេកទេស​ពាក់ព័ន្ធ និង​អនុវត្តន៍​ផែនការ​ទប់ស្កាត់ និង​គ្រប់គ្រង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ ។ រាជរដ្ឋាភិបាល​បាននិងកំពុង​បន្ត​ចាត់វិធានការ​ចាំបាច់​នានា ជាពិសេស​ការគិតគូរ​លើ​តម្រូវការ​ជា​មូលដ្ឋាន នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថា​នី បាន​លើកទឹកចិត្ត​ឱ្យ​អ្នកចូលរួម​សិក្ខាសាលា​ទាំងអស់​នាពេលនេះ ខិតខំ​ប្រឹងប្រែង​បន្តទៀត ដើម្បី​ជា​ប្រយោជន៍​សហគមន៍​រួម​នៅក្នុង​សហគមន៍ និង​ប្រទេសជាតិ​របស់​យើង ជាពិសេស​ស្នើឱ្យ​លោក លោកស្រី​ទាំងអស់ ចូលរួម​ជា​មតិយោបល់ ដើម្បី​ប្រមូល​ធាតុ​ចូល​សម្រាប់​រៀបចំ​ផែនការ​អនុវត្តន៍​សក​ម្ម​ភាព​បណ្តាញ​សហគមន៍​អភិរក្ស​ធនធានធម្មជាតិ ប្រកបដោយ​ប្រសិទ្ធភាព និង​ទទួលបាន​ជោគជ័យ​៕​ដោយ​៖ ពេជ្រ ណា​រិ​ទ្ធ សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​