នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បង្ហាញ​ការបន្ដ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ភាពជា​ដៃគូ​ល្អ និង​ឧ​បត្ដ​ម្ភ​កម្មវិធី​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អាហារ​

AKP ភ្នំពេញ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០
​លោកស្រី Claire Conan ជា​តំណាង​នាយក​កម្មវិធី​ស្បៀងអាហារ​ពិភព លោក​(WFP) ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា​បានបង្ហាញ​ការបន្ត​ឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ភាព ជា​ដៃគូ​ដ៏​ល្អ ជាពិសេស​ជាមួយ​ក្រសួងផែនការ បន្ត​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ ជាមួយនឹង​ការឧបត្ថម្ភ គាំទ្រ​លើ​ការងារ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទិន្នន័យ​អត្តសញ្ញាណ​កម្ម​គ្រួសារ ក្រីក្រ និង​ជន​ងាយ​រងគ្រោះ ប្រព័ន្ធ​ទិន្នន័យ​តាម​ប្រព័ន្ធ​ឌីជីថល កម្មវិធី​បញ្ចូល​មីក្រូ​សារជាតិ​ក្នុង​អាហារ ការងារ​អង្កេត​សេដ្ឋកិច្ច​-​សង្គមកិច្ច ការងារ​អង្កេត​ប្រជាសាស្ត្រ និង​សុខភាព រួម នឹង​ការងារ​អង្កេត​សំខាន់ៗ​មួយចំនួនទៀត​ផងដែ​រ​។

ការលើកឡើង​របស់លោក​ស្រី​នេះ ក្នុងជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងផែនកា​រ កាលពី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ ទីស្តីការ​ក្រសួងផែនកា​រ​។

​លោកស្រី Claire Conan ជា​តំណាង​នាយក​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ទើប​ទទួលបាន​ការតែងតាំង​ថ្មី​បានលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ក្នុង​ភាពជា​ដៃគូ រវាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក និង​រាជរដ្ឋាភិបាល​កម្ពុជា និង​ជាមួយ​ក្រសួងផែនការ​ដែល​ក្នុងនោះ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក WFP ដែល​បាន​ឧបត្ថម្ភ​គាំទ្រ និង​បានធ្វើការ​យ៉ាង​ជិតស្និទ​ជាមួយ​អគ្គនាយកដ្ឋាន​ផែនការ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ នៃ​ក្រសួងផែនការ​។​

ជាការ​ឆ្លើយតប ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ឆាយ ថន បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​រវាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា និយាយ​ជារួម និង​និយាយ​ដោយឡែក កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ជាមួយនឹង​ក្រសួងផែនការ​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្តថា សម្រាប់​ឆ្នាំក្រោយ​ក្រសួងផែនការ រួម​នឹង​ដៃគូ​ជំនួយ នឹង​ចាប់ផ្តើម​ដំណើរការ​ការងារ​អង្កេត​ចន្លោះ​ជំរឿន​កសិកម្ម អង្កេត​ប្រជាសាស្ត្រ និង​សុខភាព ដែលជា​ប្រភព​ទិន្នន័យ​បន្ថែម សម្រាប់ ចូលរួម​ដំណើរការ​វាយតម្លៃ​អំពី​ស្ថានភាព​សុខភាព​នៃ​ប្រជាពលរដ្ឋ​កម្ពុជា ដើម្បី​រៀបចំ​ជា​គោលនយោបាយ​គាំទ្រ​ដល់​ការអនុវត្ត និង​សម្រេចបាន​ក្នុង​ក្របខ័ណ្ឌ​គោលដៅ អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ កម្មវិធី​វិនិយោគសាធារណៈ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ឯកឧត្ដម​បាន​បន្ដទៀត​ថា កម្ពុជា រួមជាមួយ​ដៃគូ​អភិវឌ្ឍន៍ សង្ឃឹម​យ៉ាង​មុតមាំ​ថា នឹង​អាច​សម្រេចបាន​ក្នុង​កម្រិត​មួយ​ខ្ពស់​ជាមួយគ្នា ក្នុងការ​អនុវត្ត និង​គាំទ្រ​ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ដាក់ចេញ​។ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​បន្ថែមថា ក្នុងដំណាក់កាល​នេះ កម្ពុជា​កំពុង​មានការ​ប្រឈម​ខ្លាំង ដោយសារ​ជំនន់​ទឹកភ្លៀង និង​បញ្ហា​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ មិនអាច​កំណត់​បាន​ថា នឹង​ចប់​នៅវេលា​ណាមួយ​ជាក់លាក់​ឡើង​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​បាន​លើកឡើងថា ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នេះដែរ រាជរដ្ឋាភិបាល​កម្ពុជា​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង ចំពោះ​ប្រជាជន​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយបាន​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ តាមរយៈ​កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ដោយបាន​អនុវត្តន៍​ចំនួន​៤​ជុំ​រួចមកហើយ នឹង​បន្ត​បើក​ផ្តល់​រហូតដល់​ចុងឆ្នាំ​២០២០​នេះ​។ ជាមួយគ្នានេះ ក្នុង​បរិការណ៍​នៃ​ការ​ស្តារឡើងវិញ​នូវ​សេដ្ឋកិច្ចជាតិ និង​សម្រេច​ឱ្យបាន​នូវ​ក្របខ័ណ្ឌ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សកល​ឆ្នាំ​២០៣០ ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​រាជរដ្ឋាភិបាល​កម្ពុជា ដែ​គូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ត្រូវតែ​ខិតខំ​ប្រឹងប្រែង ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែខ្លាំង​ឡើង​ទ្វេដង​។

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ក៏បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​កម្មវិធី​ស្បៀងអាហារ ពិភពលោក ដែលជា​និច្ច​ជា​កាល​គាំទ្រ និង​បន្ត​ការឧបត្ថម្ភ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ជាមួយ​ក្រសួងផែនការ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឹងប្រែង​បន្ត​កិច្ច​សហប្រតិបត្តិ ការល្អ​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​ជាមួយគ្នា​៕​ដោយ ឡុង ស៊ី​វ៉ាន់ ប្រភព​៖ ក្រសួងផែនការ​ សម្រួលផ្សាយដោយ៖ ធូ កុសល