អនុប្រធាន​ទី​២​ព្រឹទ្ធសភា នាំយក​អំណោយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល​

AKP ភ្នំពេញ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០–
​កាលពី​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន អនុប្រធាន​ទី​២​ព្រឹទ្ធសភា តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អមដំណើរ​ដោយ​ឯកឧត្តម ប្រាក់ ចំរើន អនុប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី​៣ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​នាំ​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ចែកជូន​ប្រជាពលរដ្ឋ​ចំនួន​១០០​គ្រួសារ ដែល​រង​ផលប៉ះពាល់​ដោយ សារ​ជំនន់​ទឹកភ្លៀង នៅ​ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​
មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​នោះ ឯកឧត្តម​កិត្តិ​សង្គហ បណ្ឌិត ទេព ង​ន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​វិបុល​សេនា​ភ្តី សាយឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ក៏ដូចជា​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​អង្គស្នួល​ផងដែរ​។ ថ្ងៃនេះ​សម្តេច​សម្តេច​វិបុល​សេនា​ភ្តី សាយ ឈុំ បានប្រគល់​ភារកិច្ច​ឱ្យ​នាំ​អំណោយ​របស់​សម្តេច​ចែកជូន​ដល់​ប្រជា​ពល​ដែល​រង​ផលប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​។​

​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត បាន​គូសបញ្ជាក់ថា ក្នុងអំឡុង​ពេលដែល​ប្រទេស​យើង​ជួបប្រទះ​នូវ​គ្រោះទឹកជំនន់ ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែងតែ​គិតគូរ​អំពី​សុខទុក្ខ និង​ការលំបាក​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ដោយបាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ឱ្យ​ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ទូទាំងប្រទេស និង​ខិតខំ​ជួយ​ដោះស្រាយ​បញ្ហាលំបាក​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា​។​
​ឯកឧត្តម​កិត្តិ​សង្គហ​បណ្ឌិត ទេព ង​ន បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​បងប្អូន​ប្រជា​ពល រដ្ឋ​ទាំងអស់ សូម​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ចៀសវាង​កើតមាន​ជំងឺ​ផ្សេងៗ និង​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​កុមារ​តូចៗ​កុំឱ្យ​លេង​ទឹក ដើម្បី​បង្ការ និង​ទប់ស្កាត់​នូវ​គ្រោះថ្នាក់​ដល់​អាយុជីវិត នៅក្នុង​អំឡុងពេល​មាន​ទឹកជំនន់ និង​ពេល​ទឹកជំនន់​បានបញ្ចប់​។

​ជាមួយគ្នានេះ ឯកឧត្តម​បាន​ផ្តាំផ្ញើ​ដល់​អាជ្ញាធរ មាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​បង្ការ និង​ទប់ស្កាត់​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ខិតខំ​អនុវត្តន៍​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ឧស្សាហ៍​ដុសលាង​សម្អាត​មុខមាត់ ដៃជើង និង​ខ្លួនប្រាណ​ជាមួយ​សាប៊ូ ឬ​សារធាតុ​សម្លាប់​មេរោគ ហូប​ស្អាត ផឹកទឹក​ដាំ​ឱ្យ​ពុះ ដើម្បី​ទប់ស្កាត់​ការឆ្លង​មេរោគ​ផ្សេងៗ នៅពេលដែល បងប្អូន​ប្រជាពលរដ្ឋ​មាន​សុខ​ភាពល្អ​នោះ នឹង​អាច​ចូលរួមចំណែក​ក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​។​
​អំណោយ​របស់​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​ចំនួន​១០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ទឹក​បរិ​សុ​ទ្ឋ​១​កេស​៕ ដោយ​៖​ប៉ាល់​សុង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​