អង្ក​ការ​ការី​តាស​កម្ពុជា​ផ្តល់​សម្ភារ​ជំនួយ​មនុស្សធម៌​សម្រាប់​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ខេត្តបន្ទាយមានជ័យ​

AKP បន្ទាយមានជ័យ ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០–​អង្គការ​ការី​តាសក​ម្ពុ​ជា បាន​ផ្តល់នូវ សម្ភារ​ជំនួយ​មនុស្សធម៌ ដើម្បី​សម្រាប់​ប្រតិបត្តិការ​ជួយសង្គ្រោះ​និង​ចែកជូន​ដល់​ប្រជាពលរដ្ឋ រងគ្រោះ​នៅក្នុង​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ទទួលរង​ការលិចលង់​ធ្ងន់ធ្ងរ ដោយសារតែ ជំនន់​ទឹកភ្លៀង និង​ទឹកធ្លាក់​ពី​ប្រទេស​ថៃ​នោះ​។​

​សម្ភារ​ជំនួយ​មនុស្សធម៌​របស់​អង្គការ​ការី​តាស​កម្ពុជា​ដែល រួមមាន​៖ ទូក​សង្គ្រោះ​(​បា ឡា​ស្មាច់​)​ចំនួន ៦​ទូក អាវ​ពោង​សុវត្ថិភាព ១០​អាវ មុង​២០០ ភួយ​២០០ តង់​កៅស៊ូ​២០០ ត្រូវ បានប្រគល់​ជូន​អាជ្ញាធរ​កាលពី​រសៀល​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ ក្រោម​វត្តមាន ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន ទី​១​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ មានជ័យ​។

​ក្នុងឱកាស​នោះ​ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត ដ៏​ថ្លៃថ្លា​របស់​អង្គការ​ការី​តាស​កម្ពុជា ដែល​បាន​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​កម្ពុជា ក្នុងនោះ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយមានជ័យ ដែល​កំពុង​ទទួលរង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹកធ្លាក់​ពី​ប្រទេស​ថៃ យ៉ាងធ្ងន់ធ្ងរ​ជាងគេ​មកដល់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០​នេះ ដែល​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​បញ្ជា​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួមទាំង​សប្បុរជន​នានា កំពុង​បន្ត​ចុះជួយ​សង្គ្រោះ និង​ចែក ស្បៀងអាហារ​នៅ​គ្រប់​ទីកន្លែង​រងគ្រោះ​នោះ​។​

​ឯកឧត្ដម អ៊ុំ រាត្រី បានឱ្យដឹង​ដែរ​ថា ក្នុង​ឆ្នាំ​២០២០​នេះ​ខេត្តបន្ទាយមានជ័យ​បានទទួល រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន​ពីរលើក ដែល​ជំនន់​លើក​ទី​១ ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ ២០២០ ជំនន់​ទឹកភ្លៀង​កើតឡើង​បណ្ដាលឱ្យ​លិច​លំនៅឋាន ប្រជាពលរដ្ឋ​រស់នៅ​តាម បណ្ដោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ​ចំនួន ៦៩​គ្រួសារ បាន ជម្លៀស​មក​នៅ​ទីទួល​សុវត្ថិភាព​ស្ថិតនៅក្នុង​សាលាឃុំ អូរ​បី​ជាន់​។ ជំនន់​លើក​ទី​២ ចាប់ពី​ថ្ងៃ ទី​០៣ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ស្ថានភាព​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ គួបផ្សំ​នឹង​ទឹក ហូរ​ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ផង ជំនន់​ទឹកភ្លៀង​ក៏​កើតឡើង​ម្ដងទៀត​បានធ្វើឱ្យ​កម្រិត​ទឹកស្ទឹង មង្គល​បូរី និង​ស្ទឹង​សេរី​សោភ័ណ ហក់​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន បណ្ដាលឱ្យ​លិច​តាម តំបន់​ទំនាប ភូមិ​តាម​មាត់​ស្ទឹង និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​ហេដ្ឋារចនាសម្ព័ន្ធ មួយចំនួន​។

​ឯកឧត្ដម​អភិបាលខេត្ដ​បន្ទាយមានជ័យ​បាន​បន្ដទៀតថា រហូតមកដល់​ពេលនេះ​មាន​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន ១៨​នាក់ ប៉ះពាល់​លំនៅឋាន​ចំនួន ២៩.២២៥​ខ្នង លិច​ស្រែ​ចំនួន ៦៤.៣៧២​ហិកតា ដំឡូង​មី​ចំនួន ៦០.២៥៩​ហិកតា ដំណាំ​រួមផ្សំ​ចំនួន ៩៨៩​ហិកតា សាលារៀន​ចំនួន ១៨៦​កន្លែង មណ្ឌល​សុខភាព​ចំនួន​៩​កន្លែង វត្ត​អារាម​ចំនួន ៦០ សាលា ឃុំ​ចំនួន​០៥​កន្លែង ផ្លូវ​ប្រវែង​៥៣៥​គីឡូម៉ែត្រ អណ្ដូងស្នប់​ចំនួន ៥៤​កន្លែង និង​លិច​ទំនប់ អាង​ប្រវែង ៣៤​គីឡូម៉ែត្រ​៕ ដោយ​៖​ឈុន សា​រ៉ា​ត​