អភិបាលខេត្ត ចុះសួរសុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាក់​ច្រាំងទន្លេ​បាសាក់​រហូត​ស្លាប់​កូន​

AKP កណ្ដាល ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ ឯ​ឧ​ត្ត​ម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​ដឹកនាំ​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មួយក្រុម ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកណ្ដាល ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​បាក់​ច្រាំង​ទន្លេបាសាក់ និង​គ្រួសារ​មានកូន​លង់ទឹក​ស្លាប់ ចំនួន ៣​គ្រួសារ ស្ថិតនៅ​សង្កាត់​រការ​ខ្ពស់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល​។​

​មានមតិ​សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ពាំ​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដោយ​ក្តី​អាណិតអាសូរ និង​នឹករលឹក​បំផុត​។ ឯកឧត្ដម បាន​បន្តទៀតថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន សម្ដេច​តែងមាន​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទូទៅ នៅ​គ្រប់ពេលវេលា និង​ថែមទាំង​បាន​ណែនាំ​ជាប្រចាំ ដល់​មន្ត្រី​កាកបាទក្រហម​នៅ​ថ្នាក់មូលដ្ឋាន​ទាំងអស់ ត្រូវ​ពិនិត្យមើល​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ចុះសួរសុខទុក្ខ​ដល់​ចាស់ជរា​គ្មាន​ទីពឹង ជនក្រីក្រ ស្រី្ត​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន អ្នក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ អ្នកជំងឺ​អេដស៍ អ្នកមាន​ជំងឺ​រ៉ាំរ៉ៃ​ហើយ​មាន​ជីវភាព​ក្រីក្រ កុមារកំព្រា ស្រី្ត​ឆ្លងទន្លេ និង​អ្នករងគ្រោះ​ផ្សេងៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ សាសនា ប្រពៃណី ឬ​និន្នាការ​ន​យោ បាយឡើយ គឺ​ក្នុង​គោលបំណង​ជួយ​ដោះស្រាយ​សម្រាល​នូវ​ការលំបាក​ចំពោះមុខ​ឱ្យបាន​ទាន់ពេលវេលា និង​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយសារ​ការ​ដាច់​ស្បៀងអាហារ​ឡើយ​។​

​អំណោយ​ដែល​សាខា​បាន​ប្រគល់ជូន​គ្រួសារ​រងគ្រោះ ដោយ​បាក់​ច្រាំងទន្លេ ចំនួន ២ គ្រួសារ ក្នុង​១​គ្រួសារៗ​ទទួលបាន អង្ករ ៥០​គីឡូក្រាម មី​២​កេស ត្រីខ ១​យួរ ទឹកត្រី ១​យួរ ទឹកបរិសុទ្ធ ១​កេស កៅស៊ូ​តង់ ១​ផ្ទាំង និង​ថវិកា ៥៥ ម៉ឺន​រៀល​។ ដោយឡែក​គ្រួសារ​លង់ទឹក​ស្លាប់ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ៥០​គីឡូក្រាម មី ២​កេស ទឹកបរិសុទ្ធ ២​កេស ទឹក​ផ្លែឈើ ២​កេស ត្រីខ ២​យួរ និង​ថវិកា ១​លាន​រៀល​ផងដែរ ៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​