ឯកឧត្តម គួច ចំរើន ពិនិត្យមើល​សង្វាក់​ផលិតកម្ម​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ស្រុក​ព្រៃនប់​

AKP ព្រះសីហនុ ថ្ងៃទី​២២ ខែតុលា​ឆ្នាំ​២០២០–
​រសៀល​ថ្ងៃ​៥​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​២១ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​មន្ត្រី​ជំនាញ អាជ្ញាធរ​ស្រុក ចុះ​ពិនិត្យមើល​សង្វាក់​ផលិតកម្ម នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ចេ​ជាង ស្ថិតនៅ​ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តំណាង​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង បានឱ្យដឹងថា តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង មាន​ផ្ទៃដី ១៣០​ហិកតា មាន​រោងចក្រ​សរុប ៣៨ ក្នុងនោះ ២៨​កំពុងដំណើរការ​សង្វា​ក់​ផលិត កម្ម លើ​ការផលិត​ចំណី​សត្វ និង​គ្រឿង​សង្ហា​រឹម ។ ដោយឡែក​ក្រុមហ៊ុន អាយ​តាវ ផេ​ត​សឹ​ប​ផ្លា​យ (​ខេ​ម​បូ​ឌា​) មាន​អគារ​ចំនួន​១៧ កំពុងដំណើរការ​ផលិត វេច​ខ្ចប់​ចំណី​សត្វ​នាំទៅ​អឺរ៉ុប ក្នុង​មួយថ្ងៃ​រោងចក្រ​ផលិត​ចំណី​សត្វ​បាន ៣០​តោន ដោយ​ប្រើប្រាស់​កម្មករ ១.២០០​នាក់ ដែល​វត្ថុធាតុដើម​នាំចូល​មកពី​ប្រទេស​អូស្ត្រាលី​។

​ឯកឧត្តម គួច ចំរើន បាន​បន្ត​ពិនិត្យ​រោងចក្រ​ផលិត​ថង់​ប្លា​ស្ទិ​ក រោងចក្រ ហ័​រកា​ង ផេ​ក​ខេ​ក​ជី​ង តិច​ណូ​ឡូ​ជី មាន​៤​អគារ មានកម្ម​ករ​ជាង ៥០០​នាក់ ផលិត​ថង់​ប្លា​ស្ទិ​កបាន ២០​តោន ក្នុង​មួយថ្ងៃ ហើយ​ថង់​ប្លា​ស្ទិ​ច​ធ្វើការ​នាំចេញ​ទៅកាន់​អឺរ៉ុប​។ ក្នុងឱកាស​នោះ ឯកឧត្តម គួច ចំរើន ក៏បាន​បន្តទៅ​ពិនិត្យ​ទំនប់ទឹក​ស្អាត និង​អាង​ប្រព្រឹត្តិកម្ម (​ទឹក​កខ្វក់​) នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ចេ​ជាង ផងដែរ​៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​