KOICA និង ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២១ និង ២០២២

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ –

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(កយកា-KOICA) និងគណៈ​កម្មាធិការ​នីតិ​សម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជាបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ នៅថ្ងៃទី២១ ខែតុលាឆ្នាំ ២០២០ នៅឯ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ KOICA។

ភាគីទីភ្នាក់ងារកយកា-KOICA ដឹកនាំដោយ លោក នោ ហ្យន់ជូន(Rho Hyun-Jun) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA)ប្រចំាប្រទេសកម្ពុជា ខណៈដែលភាគីកម្ពុជាដឹកនាំដោយ ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តី ប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីពិភាក្សាអំពីដំណើរការសម្រាប់ការរៀបចំសកម្មភាពរបស់ទីភ្នាក់ងារកយកា-KOICAស្តីពី ការរាតត្បាតសកលរបស់វីរុសកូរ៉ូណា និងផែនការរបស់កយកាសម្រាប់ឆ្នាំ២០២១ ក៏ដូចជាគម្រោងថ្មីៗរបស់កយកាសម្រាប់ប្រទេសកម្ពុជានៅឆ្នាំ២០២២ និងដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីនាពេលអនាគត។

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឈៀង យ៉ាណារ៉ា បានថ្លែងអំណរគុណចំពោះកយកានិងប្រជាជន ព្រមទាំងរដ្ឋាភិបាលកូរ៉េ ដែលតែងតែគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា តាមរយៈការអនុវត្តគម្រោង និងកម្មវិធីនានា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកយកា ដែលគាំទ្រយ៉ាងសកម្មដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹង កូវីដ-១៩ និងសម្របសម្រួលការស្តារសេដ្ឋកិច្ចឡើងវិញ។

ចាប់តាំងពីឆ្នាំ១៩៩១-២០១៩ កយកាបានផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ២៦៧,៧លានដុល្លារអាម៉េរិក ដើម្បីចូលរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយផ្តោតលើវិស័យអាទិភាពចំនួន៤ រួមមាន ១)វិស័យគ្រប់គ្រងទឹក និងសុខភាពសាធារណៈ ២)វិស័យអប់រំ ៣)វិស័យអភិវឌ្ឍជនបទ និង ៤)វិស័យដឹកជញ្ជូន។ ដោយឡែក សម្រាប់ឆ្នាំ២០២០នេះ ជំនួយឥតសំណង របស់កយកាដល់កម្ពុជាមានចំនួនសរុប ២៤,៥លានដុល្លារអាម៉េរិក។

នៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ កយកាបាននិងកំពុងគាំទ្រយ៉ាងសកម្ម​ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជា ការដោះស្រាយផលប៉ះពាល់នៃជំងឺជំងឺ-១៩ ការគាំទ្រសំខាន់ៗ គឺគាំទ្រវិស័យសុខាភិបាលតាមរយៈ ទី១)ការអភិវឌ្ឍនិងការអនុវត្ត៥ឆ្នាំដំបូងនៃដំណើរឆ្ពោះទៅការអនុវត្តគម្រោងសុវត្ថិភាពសុខមាលភាពជាសកល(GHSA) ទី២)កម្មវិធីរបស់អ្នកស្ម័គ្រកូរ៉េ ដែលមានឈ្មោះថាមិត្តភ័ក្តិរបស់កូរ៉េ(WFK) និងសមាគមអតីតកម្មសិក្សាការីកម្ពុជា-កូរ៉េ ទី៣)ជំនួយចំនួន៣០ម៉ឺនដុល្លារអាម៉េរិកពីស្ថានទូតកូរ៉េនិងកយកា-KOICA រួមមាន (២០ម៉ឺនដុល្លារអាម៉េរិកតាមរយៈការផ្ទេរប្រាក់ដោយផ្ទាល់ និងការផ្តល់ឧបករណ៍ធ្វើតេស្តិ៍កូរីដ-១៩ ដែលមានតម្លៃសរុប ១០ម៉ឺនដុល្លារអាម៉េរិកដល់រាជរដ្ឋាភិបាលកម្ពុជា), ទី៤)កម្មវិធី ABC​របស់កូវីដ-១៩, ទី៥)ពង្រឹងបន្ថែម ប្រព័ន្ធសុខាភិបាលដើម្បីការពារនិងឆ្លើយតបចំពោះជំងឺឆ្លង និងទី៦)កម្មវិធីសមធម៌សុខភាពនិងការកែលំអគុណភាព (H-EQIP) ៕

ដោយ គង់ សិរីរ័ត្ន, រូបថត: ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា