សម្ដេចតេជោ ហ៊ុន សែន គ្រោងនឹងមកកាន់ខេត្តបន្ទាយមានជ័យនៅចុងសប្ដាហ៍បន្តទៀត បន្ទាប់ពីបានផ្ដល់អំណោយដល់ប្រជាពលរដ្ឋរងគ្រោះចំនួនប្រមាណ២ម៉ឺនគ្រួសារ

AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គ្រោងនឹង​មក​កាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបន្តទៀតដើម្បីជួបសំណេះ​សំណាល សាកសួរសុខទុក្ខនិងផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួនប្រមាណ១ម៉ឺន៥ពាន់គ្រួសារបន្ថែមទៀត បន្ទាប់ពីសម្ដេចបានជួបសួរសុខទុក្ខ និងផ្ដល់ អំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួនប្រមាណ២ម៉ឺនគ្រួសារនៅដើមសប្ដាហ៍នេះ។

ក្នុងពីធីជួបសំណេះសំណាលនិងសួរសុខទុក្ខ ព្រមទាំងចែកអំណោយដល់បងប្អូន​ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥ ០០០ គ្រួសារ ទៀតនៅគោលដៅទី២​ស្ថិត​​នៅភូមិចំការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ សម្ដេច​តេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីការជួបសំណេះសំណាលសាកសួរសុខទុក្ខ និង​ផ្ដល់អំណោយដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន១ម៉ឺនគ្រួសារទៀត នៅស្រុកស្វាយចេក និងក្រុងប៉ោយប៉ែត នៅថ្ងៃទី២២ ខែតុលា នោះ សម្ដេចនឹងវិល​ត្រឡប់​មកទៅកាន់រាជធានីភ្នំពេញ ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ហើយបន្ទាប់មកនៅថ្ងៃ​សៅរ៍ សម្ដេចនឹងវិលត្រឡប់មកកាន់ខេត្តបន្ទាយមានជ័យបន្តទៀត ដើម្បីផ្ដល់អំណោយ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះឱ្យបានគ្រប់ៗគ្នា។ សម្ដេចតេជោបានបញ្ជាក់ថា មកដល់​ពេលនេះប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ មិនមែនតែ២ម៉ឺនគ្រួសារទេដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀងនោះ គឺអាចឡើងដល់ប្រមាណ ៣ម៉ឺន៥ពាន់គ្រួសារ។ ដូច្នេះ​អាជ្ញាធរ​ត្រូវយកចិត្តទុដាក់ស្រាវជ្រាវរកគ្រួសារណាខ្លះដែលរងគ្រោះ ហើយមិនទាន់បាន​ទទួល​ជំនួយ។ សម្តេចតេជោបានគូសបញ្ជាក់បន្ថែមថា ខេត្តបន្ទាយមាន​ជ័យ ជាខេត្តដែល​រងគ្រោះធ្ងន់ជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវ​ផ្តល់អាទិភាព​សង្រ្គោះផង និងស្តារ​ឡើងវិញក្រោយទឹកជំនន់ផង។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែង​អំណរគុណចំពោះបណ្តាសប្បុរសជន ដែល​ជួយផ្តល់ជាថវិកា ជាសម្ភារ ស្បៀងអាហារ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ក្នុងការចុះចែកផ្ទាល់​ដល់ប្រជាពលរដ្ឋដែលរងគ្រោះ។ សម្តេច​តេជោក៏បានកោតសរសើរចំពោះស្ថាប័ន​ថ្នាក់​ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុម​យុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះ​ប្រជាពលរដ្ឋនៅតំបន់រងគ្រោះ ដែលនេះ បានបង្ហាញនូវកម្លាំងសាមគ្គីភាព​ដ៏រឹងមាំ​និង​ទូលំ ទូលាយនៃជាតិ។ សម្តេចតេជោបានមានប្រសាសន៍ថា អ្វីដែលសំខាន់គឺការ​ជម្លៀស​ប្រជា ពលរដ្ឋចេញពី​កន្លែង​រងគ្រោះឱ្យបាន ដើម្បីចៀសសវាងការគ្រោះ​ថ្នាក់ដល់​អាយុជីវិត។

​ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យបានទទួលរងគ្រោះទឹកជំនន់ចំនួនពីរលើក ដោយលើកទីមួយ ចាប់ពី​ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២០ ជំនន់ទឹកភ្លៀងកើតឡើង បណ្ដាលឱ្យលិចលំនៅឋាន​ប្រជា​ពល​រដ្ឋរស់នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅភូមិសាស្ត្រឃុំអូរបីជាន់ ស្រុកអូរជ្រៅ ចំនួន​៦៩ គ្រួសារ បានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ស្ថិតក្នុងសាលាឃុំអូរបីជាន់។ លើក​ទីពីរ ចាប់ពីថ្ងៃយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០មក ដោយសារស្ថានភាពអាកាស ធាតុបង្ក​ឱ្យមានភ្លៀងធ្លាក់ជោគជាំ គួបផ្សំនឹងទឹកហូរពីអូរព្រំដែនកម្ពុជា-ថៃផងនោះ ជំនន់​ទឹកភ្លៀង​ក៏ជន់​ឡើងម្ដងទៀតក្នុងឃុំអូរបីជាន់ស្រុកអូរជ្រៅ និងមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ​បន្តបន្ទាប់​ក្នុងកម្រិតមធ្យមទៅខ្ពស់ ហើយទឹកហូរធ្លាក់មកពីស្រុកបរវេល ខេត្តបាត់ដំបង ធ្វើ​ឱ្យ​កម្រិត​កម្ពស់​ទឹកស្ទឹងមង្គលបូរី ស្ទឹងសេរីសោភ័ណ ហក់ឡើងលើកម្រិតប្រកាសអាសន្ន បណ្ដាល​ឱ្យលិចតាមតំបន់ទំនាបភូមិតាមមាត់ស្ទឹង និងប៉ះពាល់ដល់អាយុជីវិតមនុស្សសត្វ​និង​ហេដ្ឋា​រចនាសម្ព័ន្ធមួយចំនួន បណ្ដាលឱ្យមនុស្សលង់ទឹកស្លាប់សរុបចំនួន១៨នាក់ ប៉ះ​ពាល់​លំនៅ​ឋានសរុប ២៩ ២២៥ខ្នង លិចស្រែចំនួន ៦៤ ៣៧២ ហិកតា ដំឡូងមី ១០ ២៥៦ ហិកតា និង​ដំណាំរួមផ្សំ៩៨៩ ហិកតា សាលារៀនចំនួន៨៦កន្លែង មណ្ឌល​សុខ​ភាពចំនួន ៩កន្លែង វត្ត​ចំនួន៦០ សាលាឃុំចំនួន០៥កន្លែង ផ្លូវ៨១០កន្លែង ប្រវែង ៥៣៥​គីឡូម៉ែត្រ អណ្ដូងស្នប់​ចំនួន ៥៤ និងទំនប់ អាង ប្រឡាយចំនួន ៣៤គីឡូម៉ែត្រ៕

ដោយ ជឹម ណារី