ប្រមុខរាជរដ្ឋាភិបាលបន្តអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបន្ធូរ​បន្ថយ ឬពន្យារពេលការសងបំណុលរបស់ប្រជាពលរដ្ឋ ក្នុងខណៈទឹកជំនន់ និងកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០–

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអំពាវនាវដល់គ្រប់គ្រឹះស្ថានធនាគារ និងគ្រប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ នៅទូទាំង ប្រទេស ឱ្យមានការយោគយល់បន្ធូរបន្ថយ ឬពន្យារពេល ការសងបំណុលដល់ប្រជាពល​រដ្ឋ ក្នុងពេលដែលកម្ពុជា កំពុងជួបប្រទះជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩នោះ។

ក្នុងពិធីចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៥ ០០០ គ្រួសារ ដែលត្រូវបានជម្លៀសមកនៅទីទួលសុវត្ថិភាព ស្ថិតក្នុងភូមិព្រែកល្ពៅ ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ​ ហ៊ុន សែន បានស្នើឱ្យធគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការ​ណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងឡាយយោគយល់ដល់​ប្រជា​ពល​រដ្ឋ ដែលកំពុងជួបគ្រោះទឹកជំនន់នៅគ្រប់ទីកន្លែងទូទាំងប្រទេស ដោយការបន្ធូរបន្ថយ​អត្រា​ការ​ប្រាក់ ឬពន្យារពេលនៃការសងបំណុល រហូតដល់ពេលស្ថានភាពធូរស្រាល​សម​ស្រប​ឡើងវិញ។ សម្តេចតេជោបានមានប្រសាន៍ថា «ខ្ញុំជូនសារនេះ ទៅគ្រប់ធនាគារ និង​គ្រប់មីក្រូ​ហិរញ្ញវត្ថុ សូមធ្វើការយោគយល់ដល់សភាពការណ៍ដ៏លំបាករបស់ប្រជាជនយើង ពិត​ហើយ​អស់លោកត្រូវការចំណេញ ប៉ុន្តែបើចំណេញទៅលើការលំបាករបស់​ប្រជាពល​រដ្ឋ ក៏មិនមែនជាការសប្បាយរីករាយសម្រាប់ទាំងអស់គ្នា ហើយនៅក្នុងស្ថានភាពឈ្នះ-ឈ្នះ​នោះដែរ និងសង្ឈឹមថា ធនាគារទាំងអស់នឹងធ្វើការងារនេះ»។

សម្តេចតេជោនាយករដ្ឋ​មន្ត្រីបានសង្កត់ធ្ងន់ថា «ព្រោះរឿងនេះ វាបានកើតឡើង បានផ្តល់ការឈឺចាប់ខ្លាំងណាស់​ទៅហើយសម្រាប់ប្រជាពលរដ្ឋរបស់យើង ហើយខ្ញុំក៏សូម​អំពាវនាវសូមកុំរឹបអូសទ្រព្យ​សម្បត្តិ ផ្ទះសម្បែង ដីធ្លី របស់ប្រជាពលរដ្ឋ នៅក្នុងដំណាក់​កាលជំងឺកូវីដ១៩ និងដំណាក់​កាល​គ្រោះ​ទឹកជំនន់នេះ សម្រាប់អ្នកដែលប៉ះពាល់ដោយ​ទឹក​ជំនន់»។

​តបតាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០​​នេះដែរ ធនាគារជាតិនៃកម្ពុជាបានចេញសេចក្តីជូនដំណឹងមួយដោយស្នើសុំ​ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តកិច្ចសហការល្អ ក្នុងក្របខ័ណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះ តាមលទ្ធភាពចំពោះអ្នកខ្ចីប្រាក់ ដែលបានរងផលប៉ះពាល់ជាក់​ស្តែង ដោយសារទឹកជំនន់។ ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជា សូមថ្លែងសរសើរចំពោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលបានចូលរួមសហការ​អនុវត្ត​ន៍ យ៉ាងល្អ ក្នុងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែល​បានដាក់ចេញ ដូចជា សារាចរណែនាំស្តីពីឥណទានរៀបចំឡើងវិញ ការអនុគ្រោះ បន្ទូរ-បន្ថយកម្រៃសេវាផ្សេងៗ ពាក់ព័ន្ធនឹងឥណទាន និង/ឬលើកលែងការផាក​ពិន័យ​ផ្សេងៗ និងការរឹបអូសទ្រព្យបញ្ចាំ ដោយមិនមានដីកាពីតុលាការជាដើម ក្នុងកំឡុងពេល នៃការរីក​រាលដាលនៃជំងឺកូវីដ១៩ ដើម្បីសម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់។ ទន្ទឹមនេះ ក្នុង​ស្ថានភាព​​ដែលខេត្ត-ក្រុងមួយចំនួន នៃប្រទេសកម្ពុជា ទទួលរងផលប៉ះពាល់ពី​គ្រោះ​ទឹកជំនន់ ធនាគារ​​ជាតិនៃកម្ពុជា ក៏ស្នើសុំដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បន្តកិច្ចសហ​ការល្អ ក្នុងក្របខ័ណ្ឌកិច្ចការពារអតិថិជន និងបន្តផ្តល់ការអនុគ្រោះ តាមលទ្ធភាពចំពោះ​អ្នកខ្ចី​ប្រាក់ ដែលបានរងផលប៉ះពាល់ជាក់ស្តែង ដោយសារទឹកជំនន់។

ជាមួយគ្នានេះ ធនាគារជាតិនៃ​កម្ពុជា សង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ​ប្រកប​ដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្រប​តាមស្ថានភាពជាក់ស្តែង​របស់​អតិថិជន៕
ដោយ ជឹម ណារី