គ្រូ​កា​រ៉ា​តេ​ក្រសួងការពារជាតិ​ថា​នឹង​អាច​ប្រជែង​បាន​លេខ​២ ឬ​លេខ​៣​ក្នុងការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ​២០២០​នេះ​

AKP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០–
​លោក ឡា​ច ច័ន្ទ​រិទ្ធី គ្រូបង្វឹក​ក្លិប​កីឡា​កា​រ៉ា​តេ​ក្រសួងការពារជាតិ​លើកឡើងថា ដោយ​កង្វះខាត​ធនធាន​កីឡាករ កីឡាការិនី និង​ការហ្វឹកហាត់​មិនបាន​ដិតដល់​ល្អ ទើប​លោក​បានដាក់​ក្តី​សង្ឃឹមថានឹង​អាច​ប្រជែង​បាន​ត្រឹម​លេខ​២ ឬ​លេខ​៣​ប៉ុណ្ណោះ នៅក្នុង​ការប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០ នា​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ នៅ​សាល​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

​គ្រូបង្វឹក​រូបនេះ​អះអាងថា កីឡាករ កីឡាការិនី​របស់ខ្លួន ដែល​ហ្វឹកហាត់​ត្រៀម​នេះ​មាន​កម្រិត​បច្ចេកទេស​ល្អ​គួរសម ប៉ុន្តែ​លោក​មិនមាន​កីឡាករ​ជម្រើសជាតិ​ទេ ដែល​ខ្វះ​ការឧបត្ថម្ភ​គាំទ្រ និង​កង្វះ​សម្ភារ​ហ្វឹកហាត់ ហើយ​ការហ្វឹកហាត់​ក៏​មិន​បានល្អ​ដូច​ជម្រើសជាតិ ឬ​ដូច​ក្លិប​មួយចំនួនទៀត ដែល​កីឡាករ​ភាគច្រើន​ស្ថិតក្នុង​ក្រុម​ជម្រើសជាតិ​។ ដូច្នេះ​ការចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មិនអាច​ការពារ​តំណែង​ចំណាត់ថ្នាក់​លេខ​១ ដូច​ឆ្នាំ​២០១៩​នោះទេ​។ ចំណែកឯ​កីឡាករ កីឡាការិនី មាន​ចំនួន​១៦​នាក់ ដែល​មិន​គ្រប់​វិញ្ញាសា ដែល​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា​បានរៀបចំ​វិញ្ញាសា​រហូតដល់ ៣៦​នោះឡើយ​។ តាមពិត​យើង​ត្រូវមាន​កីឡាករ កីឡាការិនី​ប្រមាណ​៣០​នាក់ ទើប​គ្រប់​ការចូលរួម​ប្រកួតប្រជែង​មេដាយ​លើ​គ្រប់​វិញ្ញាសា​ទាំងអស់ ។ លោក​បន្តថា ឆ្នាំនេះ​សហព័ន្ធ​បានឱ្យដឹងថា ក្លិប​ចូលរួម​ចំនួន​២៣​ក្លិប ដែលមាន​កីឡាករ កីឡាការិនី​ជាង​២០០​នាក់​។​

​លោក ឡា​ច ច័ន្ទ​រិទ្ធី បាន​បន្ថែមថា ក្លិប​ខ្លាំងៗ​ចំនួន​៣ ដែល​លោក​មើលឃើញ​នោះ គឺ​សមា គម​កីឡា​កា​រ៉ា​តេ​ក្រសួងមហាផ្ទៃ ក្លិប​កា​រ៉ា​តេ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្លិប​ម៉ូ​រ៉ា​ម​ដូ​សូ​កៃ ដែល​ក្នុងពេល​ប្រកួត​គឺ​កូនសិស្ស​របស់លោក ពិបាក​ក្នុងការ​ប្រជែង​មេដាយ​។ លោក​ជឿជាក់ថា សម្រាប់​កីឡា​ប្រយុទ្ធ​នេះ គឺ​បញ្ហា​ផ្លូវចិត្ត​ក៏​ជា​រឿង​សំខាន់​ដែរ ដោយ​ផ្លូវចិត្ត​រឹងមាំ អង់អាច​ក្លាហាន គឺ​យើង​អាច​ឈ្នះ បើទោះបីជា​កូនសិស្ស​របស់លោក​ជួប​ការលំបាក​លើ​ការហ្វឹកហាត់​បច្ចេកទេស​យ៉ាងណាក្តី​។​

​សូម​រម្លឹកថា សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ កាលពី​ឆ្នាំ​២០១៩ ជា​លទ្ធផល គឺ​ក្លិប​កីឡា​កា​រ៉ា​តេ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​កងយោធពល​ខេមរភូមិន្ទ បានឈ្នះ​មេដាយ​ច្រើនជាងគេ គឺ​ចំនួន​១៨ ក្នុងនោះ​មេដាយ​ក្រសួងការពារជាតិ ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ​១ ដោយ​ឈ្នះ​មេដាយ​សរុប​១៨​គ្រឿង ក្នុងនោះ​មេដាយមាស​១១ មេដាយប្រាក់​១ និង​មេដាយ​សំរឹទ្ធិ​៦​។ ចំណាត់ថ្នាក់​លេខ​២ សមាគម​កីឡា​ក្រសួងមហាផ្ទៃ បាន​មេដាយមាស​៦ ប្រាក់​៣ សំរឹទ្ធិ​៣ សរុប​ចំនួន ១២​គ្រឿង ហើយ​លំដាប់​លេខ​រៀង​ទី​៣ គឺ​ក្លឹប​កា​រ៉ា​តេ​ដូ អូ​គឹ​យឺ​គឹ ខេត្តសៀមរាប បាន​មេដាយ​ចំនួន​១០ គឺ​មេដាយមាស​៣ ប្រាក់​៤ និង​សំរឹទ្ធិ​៣៕​ដោយ​៖ ហេង ណា​លីន​