ប្រមុខ​រាជរដ្ឋាភិបាល ចូលរួម​រំលែក​ទុក្ខ​ប្រជាពលរដ្ឋ​កម្ពុជា ៣៤​នាក់​ដែល​បាន​ស្លាប់ ដោយ​ជំនន់​ទឹកភ្លៀង​

AKP បន្ទាយមានជ័យ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០
​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ការចូលរួម​រំលែក​នូវ​ការលំបាក និង​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ដ៏​ក្រៀមក្រំ ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ៣៤​នាក់ ដែល​ក្នុងនោះ ខេត្តបន្ទាយមានជ័យ​ចំនួន ១៨​នាក់ បាន​បាត់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​នាពេល​កន្លងមក​។​

​ក្នុង​ពិធី​ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ដែល​ត្រូវ បាន​ជម្លៀស​មក​នៅ​ទីទួល​សុវត្ថិភាព ស្ថិតក្នុង​ភូមិ​ព្រែក​ល្ពៅ ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២០ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ពាំ​នាំនូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ការចូលរួម​ចែករំលែក​នូវ​ការលំបាក​ជាមួយ​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង ពី​សំណាក់​ព្រះករុណា ព្រះមហាក្សត្រ និង​សម្ដេចព្រះ​មហាក្សត្រី​ផងដែរ​។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មាន ប្រសាសន៍ថា នេះ​ជា​គ្រោះមហន្តរាយ​មួយ ដែល​បាន​ជួបប្រទះ​សម្រាប់​ប្រទេស​របស់​យើង ដែល​បង្កើតឡើង​នៅ​ស្ថានភាព​ដ៏​លំបាក​សម្រាប់​ប្រជាជន​កម្ពុជា​។​

​បើតាម​ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២០​នេះ ខេត្តបន្ទាយមានជ័យ​បានទទួល​រងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​ពីរលើក​ដែល​ជំនន់​លើកទីមួយ ចាប់ពី​ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០២០ ជំនន់​ទឹកផ្លៀង​កើតឡើង​បណ្ដាលឱ្យ លិច​លំនៅឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​សាស្ត្រ​អូរ​បី ជាន់ ស្រុក​អូរជ្រៅ​ចំនួន ៦៩​គ្រួសារ បាន​ជម្លៀស​មក​នៅ​ទីទួល​សុវត្ថិភាព​ស្ថិតនៅក្នុង សាលាឃុំ អូរ​បី​ជាន់​។ ជំនន់​លើក​ទី​ពីរ ចាប់ពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២០ ដោយសារ​ស្ថាន ភាព​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ជោគជាំ គួបផ្សំ​នឹង​ទឹក​ហូរ​ពី​អូរ​ព្រំដែន​កម្ពុជា​-​ថៃ​ផង ជំនន់​ទឹកភ្លៀង​ក៏​កើតឡើង​ម្ដងទៀត បានធ្វើឱ្យ​កម្រិត​ទឹកស្ទឹង​មង្គល​បូរី និង​ស្ទឹង​សេរី​សោភ័ណ​ហក់​ឡើង​លើស​កម្រិត​ប្រកាសអាសន្ន បណ្ដាលឱ្យ​លិច​តាម​តំបន់​ទំនាប​ភូមិ​តាម​មាត់​ស្ទឹង និង​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស សត្វ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​។

​ឯកឧត្ដម​អភិបាលខេត្ដ​បាន​បន្ដថា រហូតមកដល់​ពេលនេះ​មាន​មនុស្ស​លង់ទឹក​ស្លាប់​ចំនួន ១៨​នាក់ ប៉ះពាល់​លំនៅឋាន​ចំនួន ២៩ ២២៥ ខ្នង លិច​ស្រែ​ចំនួន ៦៤ ៣៧២​ហិកតា ដំឡូង​មី​ចំនួន ៦០ ២៥៩ ហិកតា ដំណាំ​រួមផ្សំ​ចំនួន ៩៨៩​ហិកតា សាលារៀន​ចំនួន ១៨៦​កន្លែង មណ្ឌល​សុខភាព​ចំនួន​៩​កន្លែង វត្ត​អារាម​ចំនួន ៦០ សាលាឃុំ​ចំនួន​០៥​កន្លែង ផ្លូវ​ប្រវែង​៥៣៥​គីឡូម៉ែត្រ អណ្ដូងស្នប់​ចំនួន ៥៤​កន្លែង និង​លិច​ទំនប់​អាង​ប្រវែង ៣៤​គីឡូម៉ែត្រ​៕ ដោយ ជឹម ណា​រី​