ឯកឧត្តម ប៉ាន សូរ​ស័ក្តិ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ចូលជួប​សម្តែង​ការគួរសម​

AKP ភ្នំពេញ ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០–​កាលពី​ថ្ងៃ​៤​កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អនុញ្ញាតឱ្យ​ក្រុមហ៊ុន ស៊ុប​ភើ អេប តិច​ណូ​ឡូ​ជី ម​.​ក (Super App Technology Plc.) ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ បម្រើ​សេវាកម្ម​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ឌីជីថល និង​ស្មា​ត​ហ្វូ​ន ចូលជួប​សម្តែង​ការគួរសម នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​របស់​ក្រសួងពាណិជ្ជកម្ម រួមមាន ការរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​ក្រសួង​នឹង​រៀបចំ​ធ្វើការ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នា​ខែវិច្ឆិកា​ខាងមុខ ក៏ដូចជា​កំពុង​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​អេឡិចត្រូនិក​កម្ពុជា (Go4eCAM) ដែលមាន​គោលបំណង​ត​ភ្ជាប់​ផលិតករ និង​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ទៅនឹង​ខ្សែសង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក តាមរយៈ​ទីផ្សារ​អន​ឡាញ​មួយ​។​
​ជាមួយគ្នានេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​ការគាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុងស្រុក ដោយពេល​បច្ចុប្បន្ននេះ កម្ពុជា​កំពុងតែ​រំកិល​ខ្លួន​បន្តិច​ម្ដងៗ​ក្នុងការ​ប្រែក្លាយ​ទៅជា​សេដ្ឋកិច្ច​ឌីជីថល ហើយ​ឌីជីថល​នីយកម្ម​នឹង​បម្រើ​ដល់​សកម្មភាព​ជាច្រើន​នៅក្នុង​វិស័យ​ឯកជន ធុរកិច្ច ក៏ដូចជា​វិស័យ​សាធារណៈ​ផងដែរ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​ឱ្យ​ក្រុមហ៊ុន​បំពេញបែបបទ​ឱ្យបាន​ត្រឹមត្រូវ​ជាមួយនឹង​ច្បាប់ ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក៏ដូចជា​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ទាក់ទង​នឹង​ការធ្វើ​អាជីវកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​

​ដោយឡែក ក្រុមហ៊ុន ស៊ុប​ភើ អេប តិច​ណូ​ឡូ​ជី ម​.​ក បាន​គូសបញ្ជាក់​អំពី​សកម្ម ភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន រួមមាន សេវាកម្ម​ហៅ​កង់​បី​ជិះ និង​សេវាកម្ម​ដឹកជញ្ជូន​ទូទាំងប្រទេស ហើយ​ក្នុង​ពេលអនាគត គឺ​បង្កើត​ផ្សារ​អន​ឡាញ​សម្រាប់​គ្រប់​ប្រភេទ​ទំនិញ ដើម្បី​ជំរុញ​ផលិតផល​ទៅកាន់​ទីផ្សារ​ក្នុងស្រុក និង​បរទេស តាមរយៈ​ការដាក់​លក់​លើ​ទីផ្សារ​អន​ឡាញ​៕ ដោយ ទេស ច័ន្ទ​សុធា​រី (​ប្រភព​៖ ក្រសួងពាណិជ្ជកម្ម​)