ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​

AKP កំពង់ឆ្នាំង ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២០ —
​កាលពី​ថ្ងៃ​៤​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ នៅ​សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​ខេត្តកំពង់ឆ្នាំង មាន​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ក្រោម​អធិបតីភាព​លោកជំទាវ ជូ ប៊ុន​អេង ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​កំពង់ឆ្នាំង ។​

​វេទិកា​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី ឯកឧត្តម លោកជំទាវ លោក លោកស្រី​ក្រុម​ការ ងារ​ថ្នាក់​ខេត្ត ប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត ប្រធានការិយាល័យ​ប្រជាពលរដ្ឋ ថ្នាក់​ដឹក នាំ មន្ត្រីរាជការ ក្រុមប្រឹក្សា​ក្រុង អភិបាល អភិបាលរងក្រុង ចៅសង្កាត់ មេភូមិ នាយប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ផងដែរ​។​
​លោកជំទាវ ជូ ប៊ុន​អេង បាន​មានប្រសាសន៍ថា តាមរយៈ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ក្រុង​កំពង់ឆ្នាំង ធានាបាន​នូវ​សុខសន្តិភាព សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អ និង​ដោះស្រាយ​បញ្ហា​ប្រឈម​បាន​ចំ​គោលដៅ និង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។ ជាពិសេស​ជំរុញ​ការអភិវឌ្ឍ​មូលដ្ឋាន​ដើម្បី​ឆ្លើយតប​នឹង​សំណូមពរ​ផ្សេងៗ ដែលជា​អាទិភាព​តម្រូវ​ការចាំបាច់​របស់​ប្រជាពលរដ្ឋ​។ ចំពោះ​បញ្ហា​អាទិភាព​មិនទាន់​ដោះស្រាយ​រដ្ឋបាល​ក្រុង ស្រុក​នឹង​បន្ត​ដោះស្រាយ​តាម​ជំនាញ​នីមួយៗ​ជូន​ប្រជាពលរដ្ឋ​ឱ្យទាន់​ពេលវេលា ស្របតាម​និតិ​វិធី​ច្បាប់ និង ព​ង្រឹ​ក​ការអនុវត្ត​គោ​លន​យោ បាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព​ឱ្យបាន​ល្អ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោកជំទាវ បាន​កោតសរសើរ​ដល់​ក្រុមការងារ​ទាំងអស់ បាន​សហការគ្នា​ក្នុង​ការខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ចូលរួម​ដោះស្រាយ​បញ្ហា​បាន​ចំ​គោលដៅ និង​តម្រូវការ​ដែលជា​អាទិភាព​ចាំបាច់​ជូន​ប្រជាពលរដ្ឋ​។ ក្នុងនាម​ជា​ថ្នាក់ដឹកនាំ​ត្រូវបំពេញ​ឱ្យបាន​តាម​តួនាទី និង​ភារកិច្ច​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​។ ចូលរួមចំណែក​ក្នុងការ​ជំរុញ​កិច្ចការ និង​លើកកម្ពស់​កម្រិតជីវភាព​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង​ត្រូវ​បន្ត​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​នៅ​សេសសល់​ឱ្យទទួល​បាន​ជោគជ័យ​។ ត្រូវ​បន្ត​បំពេញ​នូវ​តួនាទី ភារកិច្ច និង​មុខងារ​របស់ខ្លួន ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទដ្ឋាន​គតិយុត្ត​នានា​ដែល​បានកំណត់ ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ និង​អនុវត្តន៍​សេចក្តីសម្រេច​ផ្សេងៗ ប្រកបដោយ​អភិបាលកិច្ច​ល្អ និង​តម្លាភាព​។​

​ជាមួយគ្នានេះ លោកជំទាវ​បាន​បញ្ជាក់ថា ដើម្បី​បន្តការងារ​ដឹកនាំ​ឱ្យ​រីកចម្រើន​លើ​គ្រប់​វិស័យ​បន្ថែមទៀត ថ្នាក់ដឹកនាំ​ត្រូវខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់ខ្លួន​បន្ត​ទៀត ក្នុងន័យ​បម្រើ​ផលប្រយោជន៍ និង​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​ស្មើភាព យុត្តិធម៌ មិន​ប្រកាន់​និន្នាការ​នយោបាយ និង​ការផ្តួចផ្តើម​រៀបចំសេចក្តី​ព្រាង​ដើម្បី​បង្កើត​នូវ​វេទិកា​ពិគ្រោះ​យោបល់ រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។ សូមឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មាន​បញ្ហា​ផ្សេងៗ​អាចដាក់​ជា​សំណួរ សំណូមពរ​ដើម្បីឱ្យ​ថ្នាក់ដឹកនាំ​ស្រាយ​នូវ​បញ្ហា​ទាំងនោះ​ជូន​ភ្លាមៗ បើ​មានរ​ណី​ដែល​មិនអាច​ដោះស្រាយបាន នឹង​បន្តទៅ​ថ្នាក់​ខេត្ត​ដើម្បី​បំភ្លឺ និង​ដោះស្រាយ​ជូន​។​
​លោកជំទាវ ជូ ប៊ុន​អេង បានស្នើ​សុំ​ពី​ប្រជាពលរដ្ឋ លើកឡើង​អំពី​បញ្ហា​ផ្លូវ ភ្លើង ស្ពាន ស្រូវ​លិច​ទឹក និង ដី​ប្រភេទ​ណា​ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​កាន់កាប់​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ​ស្របច្បាប់ ចំពោះ​សំណួរ និង​សំណូមពរ​ដែល​បានលើកឡើង មន្ទីរជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង ស្រុក បាន​ដោះស្រាយ​ជូន​ភ្លាមៗ​ទៅតាម​ការងឿងឆ្ងល់រ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ។​

​លោកជំទាវ​ប្រធាន​ក្រុមការងារ រួម​នឹង​ឯកឧត្តម លោកជំទាវ លោក លោកស្រី​អនុប្រធាន អភិបាលរង​ខេត្ត បាន​ចែក​វត្ថុ​អនុស្សាវរីយ៍​មួយចំនួន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​គ្រួសារ​ជួប​ការលំបាក​ចំនួន ៦៦​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន សារុង​, ថ្នាំដុសធ្មេញ​,​ច្រាស​ដុសធ្មេញ​, សាប៊ូ​, ជែ​ល និង​អាល់កុល​សម្រាប់​លាងដៃ ផងដែរ​៕​ដោយ​៖ បៃ ស៊ីថុន