អភិបាលខេត្ត​កណ្តាល ទទួល​អំណោយ​ពី​សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា​

AKP កណ្តាល ថ្ងៃទី​២១ ខែតុលា ឆ្នាំ ២០២០–​

នៅ​ថ្ងៃ​៤​កើត ខែ​ក​ក្ដិ​ក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​អង្គារ ទី​២០ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បានទទួល​អំណោយ​ពី​សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា សម្តេចព្រះ​សង្ឃនាយករ​ង នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​។

ក្នុងឱកាស​នោះ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ បាន​ថ្លែង​អំណរ​ព្រះ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា សម្តេចព្រះ​សង្ឃនាយករ​ង នៃ​គណធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះ​មេគណ​គណៈធម្មយុត្តិកនិកាយ ខេត្តកណ្តាល និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះឥន្ទ​សាមគ្គីធម៌​។
​ឯកឧត្តម អភិបាលខេត្ត​កណ្តាល បាន​មានប្រសាសន៍​បន្តថា ទឹកចិត្ត​សប្បុរសធម៌​ដ៏​ថ្លៃថ្លា​នេះ ស្តែង​ឱ្យឃើញ​អំពី​ការជួយ​គិតគូរ និង​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជន​រួម​ឈាម ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​ទៅវិញទៅមក នៅក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​បាន និង​កំពុង​ជួបប្រទះ​នឹង​គ្រោះភ័យ​។ សមានចិត្ត​ដ៏​ថ្លៃថ្លា​របស់​សម្តេច នឹងត្រូវ​បាន​ចងចាំ​ទុក​ដោយ​រាជរដ្ឋាភិបាល រដ្ឋបាល​ខេត្តកណ្តាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​ផងដែរ​។

​​បច្ច័យ​ដែល​សម្តេចព្រះ​មង្គលទេពាចារ្យ វង្ស អា​នេ​តា ជួយ​ដល់​រដ្ឋបាល​ខេត្តកណ្តាល មាន​បច្ច័យ​ចំនួន ១២​លាន​រៀល​, អង្ករ​៣​តោន​, មី​៥០​កេស​, ទឹកដោះគោ​២​កេស​, ស្ករស​៥​បាវ​, ភេសជ្ជៈ​កំប៉ុង​២០​កេស ដើម្បី​ចូលរួម​ជាមួយ​រដ្ឋបាល​ខេត្តកណ្តាល ដើម្បី​ជួយសង្គ្រោះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខេត្តកណ្តាល ៕ ដោយ៖ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​)