វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ របស់រដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ  ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០

នៅរសៀលថ្ងៃអង្គារ ៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាង កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ដោយមានការចូលរួមតំណាងក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា វេទិកាពិគ្រោះយោបល់ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ កសាងកម្មវិធីវិនិ យោគបីឆ្នាំរំកិលរបស់ខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព ពិសេសការពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបី ឆ្នាំរំកិលរបស់បណ្ដារដ្ឋបាលនៅថ្នាក់ក្រោមជាតិ។ ការរៀបចំវេទិកា ពិគ្រោះយោបល់ ស្តី ពីកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខេត្ត គឺបង្ហាញអំពីតម្រូវការអភិវឌ្ឍមូលដ្ឋានទូទាំងខេត្ត និងសម្របសម្រួលបន្ស៊ី តម្រូវការអភិវឌ្ឍទាំងនេះជាមួយគម្រោង និងធនធានរបស់ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតប នឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។

ឯកឧត្តមបន្តថា វេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ប្រព្រឹត្តទៅទទួលបានផ្លែផ្កាជាវិជ្ជមាន រដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវព្យាយាមត្រង់ត្រាប់ស្ដាប់ និងកត់ត្រាព័ត៌មានសំខាន់ៗ ពិសេសពាក់ព័ន្ធទៅនឹងឈ្មោះមន្ទីរ អង្គភាព ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីអនុវត្តន៍គម្រោងក្នុងដែនដីរបស់ខ្លួន ព្រមទាំងឈ្មោះគម្រោងទីតាំងគម្រោង ដែលត្រូវអនុវត្តន៍ក្នុងដែនដីរបស់ខ្លួន ប្រកបដោយតម្លាភាព សង្ឃឹមថា នឹងអាចឈានទៅដល់ការសម្របសម្រួលគ្នា ដើម្បីឱ្យការ វិនិយោគ ការអភិវឌ្ឍនៅមូលដ្ឋានប្រព្រឹត្តទៅដោយរលូនដោយសង្គតិភាព និងមាន ប្រសិទ្ធភាព៕

ដោយ ងូ សុមុនី