ឯកឧត្តម ឃួង ស្រេង បន្តចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់២៧៥គ្រួសារ ក្នុងសង្កាត់ក្រាំងពង្រ នៅខណ្ឌដង្កោ

AKP ភ្នំពេញ ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០

នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០      ប្រជាពលរដ្ឋចំនួន២៧៥គ្រួសារ រស់នៅ ក្នុងសង្កាត់ក្រាំងពង្រ នៅក្នុងខណ្ឌដង្កោ ដែល​ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បាន មកទទួលអំណោយរបស់សម្ដេចតេជោ​ ហ៊ុន សែន និង​សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ​ ឯកឧត្តម ឃួង ស្រេង អភិ​បាលរាជធានីភ្នំពេញ និង​លោក​​ហ៊ុន ម៉ានី សមាជិករដ្ឋសភា និងជា​ប្រធានសហភាព សហពន្ធ័យុវជនកម្ពុជា និង ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នៅ​ក្នុង​បរិវេណវត្ដទឹកថ្លា ស្ថិតក្នុង សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ក្រោមការដឹកនាំ និងបញ្ជាពីសម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានណែនាំ និងជំរុញឱ្យកងកម្លាំងទាំងអស់ ធ្វើយ៉ាងណាសង្រ្គោះប្រជា​ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះឱ្យបានមកកាន់ទីទួលសុវត្ថិភាពបានទាន់ពេល។ អនុវត្តន៍​តាម​បទបញ្ជានេះ អាជ្ញាធររាជធានីភ្នំពេញ ក្រោមការសហការជាមួយកង​កម្លាំងប្រដាប់​អាវុធពិសេស កម្លាំងកងទ័ព យើងបានជម្លៀសប្រជាពលរដ្ឋ មកកាន់ទីទួលសុវត្ថិភាពបាន​ដោយ​​ជោគជ័យ ជាមួយនឹងការផ្ដល់អាហារ ហូបចុកគ្រប់គ្រាន់ផងដែរ ហើយការជួយ សង្រ្គោះ​ប្រជាពលរដ្ឋនេះ គឺយើងធ្វើឡើងដោយមិនគិតពីនិន្នា ការនយោបាយ ឬគណបក្សណា​នោះទេ ពោលគឺឱ្យតែប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ គឺយើងជួយទាំងអស់ ជាមួយនឹងការផ្ដល់អំណោយជូនពួកគាត់ផងដែរ។

អំណោយមនុស្សធម៌តាមរយៈ ឯកឧត្តម ឃួង ស្រេង យកមកចែកជូនបងប្អូនប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងថ្ងៃនេះចំនួន២៧៥គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ទឹកសុទ្ធ១ កេស,ទឹកត្រី១យួរ, ទឹកសាអ៊ីវ១យួរ និងថវិកា​៥ម៉ឺនរៀល។

ឯកឧត្ដម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបាន​​​បង្ហាញ​ពីជំហរគាំទ្រ និងផ្ដល់កិច្ចសហប្រតិបត្ដិការជាមួយកម្ពុជានៅគ្រប់កាលៈទេសៈ មិនថាពិបាក ឬសុខស្រួលនោះទេជានិច្ចកាលមិត្ដចិន បានជួយជ្រោមជ្រែង ដល់កម្ពុជាពេញ ទំហឹង និងគ្រប់ជ្រុងជ្រោយ ទាំងទ្វេភាគី និងកម្រិតអន្ដរជាតិ។    ឯកឧត្តមបញ្ជាក់ទៀតថា អំណោយ​ដែលយកមក ចែកជូនបងប្អូនថ្ងៃនេះ បានមកពីទឹកចិត្ដសប្បុរសធម៌របស់ប្រជាជន ចិន និងរដ្ឋាភិបាលចិនជួយដល់ប្រជាជនកម្ពុជា ដែលកំពុងរងគ្រោះដោយទឹកជំនន់ក្នុង រាជធានីភ្នំពេញនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ក៏បានមានប្រសាសន៍ផ្តាំផ្ញើរសួរខុសទុក្ខពីសំណាក់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដោយ សម្តេចទាំងទ្វេ បានគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងដោយក្តីនឹករលឹក ហើយសម្ដេចតែង តែគិតគូរ ដោយបានផ្ដល់អនុសាសន៍ “ស្គាល់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អ ក្នុងគ្រាមានទុក្ខ លំបាក”៕

ដោយ សួស សំរិត